ខេត្តសៀមរាប÷ សំណរអង្គរ ដែលនឹងធ្វើឡើងដោយការសរសេរតាមអាន ក្នុងបំណងស្វែងរកអ្នកសរសេរបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធនៃអក្សរសាស្ត្រខ្មែរព្រមទាំងអ្នកមានស្នាដៃសរសេរអក្សរបានស្អាតបំផុតនឹងប្រារព្ធឡើងជាលើកទី២នៅប្រាសាទអង្គរវត្ត នៅថ្ងៃទី១៩ខែមករាឆ្នាំ២០២៥ខាងមុខនេះ។
លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធីសំណេរអង្គរ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី៥ខែមករា ថាការអភិរក្សនិងលើកតម្លៃអក្សរសាស្រ្តខ្មែរពិតជាមានសារសំខាន់ ពីព្រោះខ្មែរមានភាសា និងអក្សរសាស្ត្រយូរលង់ណាស់មកហើយ។«ដោយសារតែខ្មែរមានអក្សរជាយូរលង់មកហើយ ព្រមទាំងបានចារិកទុកនៅតាមប្រាសាទនានាផង ដូច្នេះហើយបានជា«សំណេរអង្គរ»ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋនិងមហាជនទូទៅសរសេរភាសាខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ ការអានពាក្យខ្មែរឱ្យត្រឹមត្រូវ ព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុត។
សំណេរអង្គរក៏មានគោលបំណងផ្សារភ្ជាប់ទៅនិងរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមួយប្រវត្តិសាស្ត្រដ៏យូរលង់របស់ខ្មែរផងដែរ។
ព្រឹត្តិការណ៍សំណេរអង្គរលើកទីពីរ ដែលនឹងធ្វើឡើងនៅលើស្ពានហាលផ្នែកខាងលិចរបស់ប្រាសាទអង្គរវត្ត នឹងមានបេក្ខជនចូលរួមប្រមាណ១,២២០នាក់។ បេក្ខជនទាំងនោះ មានទាំងកុមារចាប់ពីអាយុ៦ឆ្នាំនិងមនុស្សចាស់ដែលមានអាយុរហូតដល់៨០ឆ្នាំ។ ក្នុងនោះដែរក៏មានព្រះសង្ឃចូលរួមចំនួន ៨២អង្គ ជនបរទេសរៀនភាសាខ្មែរមួយចំនួន ព្រមទាំង អនិកជនខ្មែរដែលរស់នៅបរទេសខ្លះទៀតផង។
ចំណែកឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានចាត់ទុកថាកម្មវិធីសំណេរអង្គរលើកទី២ក្នុងឆ្នាំ២០២៥ នេះ ក៏មានសារៈសំខាន់ខ្លាំងដែលស្ដែងចេញនូវអារ្យធម៌និងទំនៀមទម្លាប់មួយនៃការសរសេរដោយផ្សាភ្ជាប់ទៅនិងសេចក្តីចងចាំជាច្រើនឡើងវិញ។
ឯកឧត្តម ឡុង កុសល បញ្ជាក់ទៀតថាសំណេរអង្គរក៏មានសារសំខាន់ណាស់ដែរក្នុងការជួយបង្កើតចលករផ្សេងៗលើផ្នែកវិស័យទេសចរណ៍នៅតំបន់អង្គរ។ សំណេរអង្គរលើកទី១ ធ្លាប់បានរៀបចំនៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្តម្ដងមកហើយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយមានចំនួនអ្នកចូលរួមប្រមាណ៨០០នាក់៕
ដោយ÷ ពន្លឺ