ខេត្តសៀមរាប÷ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសីលធម៌ការអប់រំ ក្នុងវិស័យសង្គមព្រះពុទ្ធសាសនាដល់សិស្សានុសិស្សឱ្យ កាន់តែទូលំទូលាយថែមទៀតផងដែរនោះ នាព្រឹកថ្ងៃទី០២ ខែ មករា ឆ្នាំ ២០២៥នេះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាបបានបន្តនិមន្តដឹកនាំព្រះសង្ឃបើកដំណើរការកម្មវិធីបង្រៀនសីលធម៌សង្គមតាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាប្រាសាទគោកចក ដែលស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាប ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានថេរដីការថា៖ក្នុងវិស័យព្រះពុទ្ធសាសនា ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស អប់រំ ណែនាំ ដល់សិស្សានុសិស្សនិងប្រជាពុទ្ឋបរិស័ទដើម្បីទទួលបានចំណេះនិងគុណវុឌ្ឍិតាមការអប់រំ សីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ ។ ព្រះគ្រូចៅ អធិការវត្តប្រាសាទគោកចកថេរដីកាឱ្យដឹងថាកម្មវិធីអប់រំសិលធម៌សង្គមបែបព្រះពុទ្ធសាសនានេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់វិស័យអប់រំ ពិសេសនៅតាមសាលាបឋមសិក្សា ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានបន្តថាកម្មវិធីបង្រៀនសីលធម៌សង្គមតាមបែបព្រះពុទ្ធសាសនានេះគឺចង់បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់លើអប់រំបែបព្រះពុទ្ធសាសនា មានការប្រកាន់ភ្ជាប់នៅ គុណធម៌ សីលធម៌ និងវប្បធម៌របស់សង្គមខ្មែរយើង ហើយកម្មវិធីនេះគឺល្អណាស់ សំរាប់អប់រំដល់សិស្សានុសិស្សឱ្យ បានយល់ច្បាស់ពីតម្លៃនៃការអប់រំតាមបែបសង្គមព្រះពុទ្ធសាសនា ពិសេសយល់ពីតម្លៃនៃការដឹងគុណ គោរពបតិបត្តិចំពោះអ្នកមានគុណ តម្លៃនៃសាសនាដែលរួមចំណែកធំធេងក្នុងសង្គមខ្មែរ ហើយ ដើម្បីជួយណែនាំដល់ក្មួយៗឲ្យយល់ និងប្រព្រឹត្តអំពើល្អ មិនប្រើគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ប្រឹងប្រែងរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ មនុស្សល្អ សម្រាប់សង្គមនិងប្រទេសជាតិផងដែរ។ បើយើងក្រឡែកមើលទៅលើបរិបទសង្គមនាពេលបច្ចុប្បន្ន ការធ្លាក់ចុះនៃគុណតម្លៃសីលធម៌ គុណធម៌ បានកំពុងធ្វើឱ្យសិស្សមួយភាគធំក្លាយជាក្មេងទំនើង សេពគ្រឿងញៀន ល្បែង គេចវៈសាលា និងបង្កភាពអណាធិបតេយ្យតាមទីសាធារណៈ ជាហេតុធ្វើ ឱ្យ ប៉ះពាល់ដល់សន្តិសុខសណ្ដាប់សង្គម និងបង្កការភ័យខ្លាច ព្រួយបារម្ភពីប្រជាពលរដ្ឋ ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាបន្ថែមថា កម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសនានេះ គឺជាផ្នែកសំខាន់មួយដែលរួមចំណែកក្នុងការអប់រំផ្ដល់ចំណេះដឹងដល់សិស្សនៅតាមសាលារៀន ពិសេសការចែករំលែកតាមបែបសាសនា ផ្សារភ្ជាប់ជាមួយតថភាពសង្គមនាពេលបច្ចុប្បន្ន។ ព្រះតេជគុណបានមានថេរដីកាបញ្ជាក់បន្ថែមថា ការបើកកម្មវិធីបង្រៀនសីលធម៌សង្គមតាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្សសម្រាប់ឆ្នាំ២០២៥នេះ កម្មវិធីអប់រំសីលធម៌សង្គមតាមបែបព្រះពុទ្ធសាសនានឹងបន្តចុះ អប់រំដល់សិស្សានុសិស្ស នៅសាលាចំនួន០២ក្នុងសង្កាត់គោកចក គឺ សាលាបឋមសិក្សាប្រាសាទគោកចក គឺនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ទាំងព្រឹក និងល្ងាចដែលមានសិស្សសរុបប្រមាណជាងចំនួន៤០០នាក់។ ដោយឡែកសាលាបឋមសិក្សាមុខនាគ នឹងពិភាក្សាកំណត់ពេលវេលាជាមួយគណៈគ្រប់គ្រងសិន៕
ដោយ÷ ពន្លឺ