ខេត្តសៀមរាប ÷ អគារសិក្សាថ្មី១ខ្នង មានកម្ពស់២ ជាន់ ស្មើនឹង១០បន្ទប់ រួមជាមួយសមិទ្ធផលនានាដូចជារបងសាលា ក្លោងទ្វារ និងក្រាលការ៉ូឡា ត្រូវបាន សាងសង់អស់រយៈពេល ១ឆ្នាំពេញ ចំណាយថវិកាសាងសង់សរុបអស់ចំនួន ២៥៨,០០០ ដុល្លារអាមេរិក នេះបើតាមរបាយការណ៍របស់ព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ចៅអធិការវត្តដំណាក់ និងជាប្រធានគណៈកម្មការសាងសង់។ អគារនេះស្ថិតក្នុងវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយសាងសង់រួចជាស្ថាពរ សមិទ្ឋផលនានា និងអាគារសិក្សាថ្មីនេះត្រូវបានកាត់ខ្សែបូរដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប រួមជាមួយព្រះវត្តមាន ព្រះរាជាគណៈសហការីព្រះមន្ត្រីសង្ឃខេត្ត ក្រុង ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ឋ អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលា គរុសិស្ស ក្មួយៗសិស្សា នុសិស្ស ព្រមទាំងប្រជាពុទ្ឋបរិស័ទជាសប្បុរសជនយ៉ាងច្រើនកុះករផងដែរ។
លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត មានប្រសាសន៍ថា៖ខេត្តសៀមរាបមានអគារសិក្សាក្នុងទីតាំងវត្តអារាមជាច្រើនសុទ្ឋតែបានជួយជ្រោមជ្រែងនិងផ្តល់ការគាំទ្រដល់វិស័យអប់រំសិក្សាធិការ។ ជាក់ស្តែងក្នុងខេត្តមានសាលាប្រមាណជា៥០ ទីតាំងដែលជ្រកកោនជាមួយទីអារាមនៅឡើយ ជា មួយគ្នានេះវិស័យពុទ្ឋចក្រក៏តែងតែជួយគាំទ្រដល់វិស័យសង្គមកិច្ច សុខាភិបាលនិងផ្នែកបច្ចេកទេសផ្សេងៗ ហើយវិស័យទាំងអស់នេះរឹតតែមានសារៈ សំខាន់ទៅទៀតខណៈបច្ចុប្បន្នប្រទេសជាតិយើងស្ថិតក្នុងជាប្រទេសកំពុងអភិវឌ្ឍន៍ តាមទារឱ្យមានការគាំទ្រពីគ្រប់អ្នកពាក់ព័ន្ឋទាំងអស់។
លោក លី ប៊ុនណា បន្តថា ៖ កសាង និងអភិវឌ្ឍន៏ធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើនិងមានឥរិយាបទអាចរួមរស់នៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនា ជាគោលការណ៍និងជាសូចនាកររបស់រាជរដ្ឋាភិបាលដើម្បីធ្វើដំណើរឆ្ពោះទៅគោល ដៅសំខាន់ក្នុងការអភិវឌ្ឍន៏ប្រទេសជាតិឱ្យរីកចម្រើនខ្លាំងក្លាដូចអារ្យប្រទេសក្នុងពិភពលោក។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ មានប្រសាសន៍ថា៖រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យអប់រំ គឺជាគន្លឹះនៃប្រភព មធ្យោបាយដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស និងអាទិភាពដែលត្រូវ យកចិត្តទុកដាក់ខ្ពស់បំផុត។ ឯកឧត្តម អ្នកឧកញ៉ា បានមានប្រសាសន៍បន្តថា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន ធ្វើឲ្យ ប្រទេសជាតិមានកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យទាំងវិស័យពុទ្ឋចក្រនិងអាណាចក្រ ហើយវិស័យព្រះពុទ្ឋសាសនាត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញជាសាសនារបស់រដ្ឋ។ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់ទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលមាន គោលនយោបាយច្បាស់លាស់ និងដឹកនាំប្រទេសប្រកបដោយភាពរីកចំរើនលើគ្រប់វិស័យ ប្រទេសជាតិទទួលបានសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍន៍តាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាល។ឯកឧត្តម ក៏បានស្នើដល់ប្អូនៗ ក្មួយៗ ចៅៗ និងគរុសិស្សត្រូវខិតខំសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹងពិតប្រាកដ ឱ្យក្លាយជាធនធនាមនុស្សប្រកបដោយសក្តានុពល មានគុណធម៌ ចរិយាធម៌ល្អប្រពៃដែលឆ្លើយតបទៅនឹងសំណូមពរ នៃការ អភិវឌ្ឍន៏សង្គមសេដ្ឋកិច្ចដើមី្បកសាងកម្ពុជាបានរីកចម្រើនជឿនលឿនបន្ថែមទៀតផងដែរ ៕