ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នេះ គណកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC Angkor) និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៅខេត្តសៀមរាប ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានក្រុមប្រឹក្សាបាលនៃអាជ្ញាធរជាតិអប្សរា និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការដឹកនាំរបស់ការដឹកនាំកិច្ចប្រជុំ របស់លោក ព្យែរ វាំងហ្សង់ (Pierre Vincent) ទីប្រឹក្សាផ្នែកវប្បធម៌របស់ស្ថានទូតបារាំងប្រចាំកម្ពុជា និងឯកឧត្តម ណាហ្កាសិ គេនស៊ូគិ (NAGASE Kenssuke) អនុប្រធានបេសកកម្មនៃស្ថានទូកជប៉ុនប្រចាំកម្ពុជា។
កិច្ចប្រជុំបច្ចេកទេសនេះ នឹងពិនិត្យមើលរបាយការណ៍នានា ព្រមទាំងផ្ដល់យោបល់ផ្នែកបច្ចេកទេសទៅលើការងារថែទាំ ជួសជុល និងអភិរក្សប្រាសាទបុរាណនានា ដែលជាសម្បត្តិបេតិកភណ្ឌ នៅក្នុងរមណីយដ្ឋានអង្គរ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៃគណកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC Angkor) និងសំបូរព្រៃគុក លោក ជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា ប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្វាគមន៍ចំពោះវត្តមានរបស់អ្នកជំនាញអន្តរជាតិ និងអ្នកជំនាញជាតិក្នុងកិច្ចប្រជុំពេលនេះ។ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានអ្នកជំនាញទាំងអស់ ដែលមានភក្តីភាពចំពោះអង្គរ។ លោកជំទាវសង្ឃឹមថា កិច្ចប្រជុំបច្ចេកទេសលើកទី៣៩នេះ គឺអ្នកជំនាញអន្តរជាតិទាំងអស់នឹងរួមគ្នាចែករំលែកព្រមទាំងផ្ដល់បទពិសោធន៍ល្អថែមទៀត ដើម្បីរួមគ្នាលើការថែរក្សា និងអភិរក្សអង្គរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រី្តក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងអំណរគុណដល់គណៈម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា ក្នុងភាពជាដៃគូរចំពោះកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ទទួលសមិទ្ធផលជាផ្លែផ្កា ដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍យ៉ាងធំធេង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា អង្គរគឺជាកន្លែងបុរាណវិទ្យាត្រូវការពារ ដោយសារតែបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២ បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋប្រមាណ១៤០ភូមិ កំពុងរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាតំបន់ការពារ។ ឯកឧត្តមមានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះចំនួនពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរមានការកើនឡើងជាប្រចាំ ដែលបង្កើតជាសម្ពាធយ៉ាងខ្លាំងធ្វើឱ្យមានឧបសគ្គដល់កិច្ចការពារអង្គរ។ ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ កំពុងពិគ្រោះយោបល់ជាមួយក្រសួងពាក់ព័ន្ធ ជាមួយអាជ្ញាធរជាតិអប្សរា ព្រមទាំងបានដាក់សំណើចូលទៅក្នុងកិច្ចប្រជុំនៃទីស្ដីការគណរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលផង ដើម្បីរកដំណោះស្រាយសមរម្យលើបញ្ហាជាច្រើន ដែលកំពុងតែប្រឈមទាំងនោះ៕
ដោយ ÷ ពន្លឺ