ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអ្នកឧកញ៉ា និងលោកជំទាវបាននិមន្តព្រះសង្ឃ ០៨អង្គសូត្រចម្រើនពរជ័យលើករាសីសិរីសួស្តីបវរមហា ប្រសើរ និងបានប្រគេនទេយ្យវត្ថុព្រមទាំងអញ្ជើញសាកសួរសុខទុក្ខនិងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកក្រ០១ និងក្រ០២ ចំនួន២៥០គ្រួសារនៅសង្កាត់ស្រង៉ែ ក្រុងសៀមរាបខេត្តសៀមរាបទៀតផង។
លោក ស ធានី អភិបាលរងក្រុងសៀមរាប បានមាន ប្រសាសន៍ ថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវដែលជានិច្ចកាលបានយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខនិងការលំបាករបស់គ្រួសារខ្វះខាតនៅតាមមូលដ្ឋាន នេះជាសកម្ម ភាពមនុស្សធម៌ជួយចែករំលែកដល់អ្នកកំពុងមានតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃពិតប្រាកដមែន។
សំណេះសំណាលនាពេលនោះដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា៖ក្នុងជីវិតយើងម្នាក់ៗរមែងជួបនូវទុក្ខលំបាក និងសេចក្តីសុខចៀសរួចទេ គ្រាន់តែទំហំទុក្ខ និងសុខនោះវាខុសគ្នា ហេតុនេះដើម្បីជម្នះរាល់ការលំបាកបាន យើងម្នាក់ៗត្រូវខំប្រឹងព្យាយាម ធ្វើស្រែចម្ការ ដាំដុះ ប្រកបរបរផ្សេងៗកុំទំនេរដៃ។ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង អស់យកចិត្តទុកដាក់ឱ្យអស់ពីលទ្ឋភាពលើកទឹកចិត្តនិងជំរុញកូនចៅចូលរៀន និងឱ្យរៀនសូត្រឱ្យបានខ្ពស់ ដើម្បី អនាគតពួកគាត់មានភាពរុងរឿង មានចំណេះដឹងនិងសមត្ថភាពពេញលេញ ងាយស្រួលរកការងារធ្វើ ក្លាយជាធនធានមនុស្សដ៏មានសក្តានុពល សម្រាប់រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារក៏ដូចជាសង្គមជាតិយើង។ ហើយត្រូវអប់រំទូន្មានកូនចៅរបស់យើងឱ្យចៀសឆ្ងាយពីគ្រឿង ញៀននិងអំពើអបាយមុខគ្រប់ប្រភេទ និងសូមយកចិត្តទុកដាក់លើការថែទាំសុខភាព អនាម័យក្នុងការរស់នៅ និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ។
អំណោយដែលឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ចែកជូនប្រជាពលរដ្ឋទាំង២៥០គ្រួសារនាពេលនោះគឺ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម សារុង១ រួមនិងថវិកាចំនួន១ម៉ឺនរៀលផងដែរ ៕
ដោយ÷ ពន្លឺ