ខេត្តសៀមរាប÷ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះរដ្ឋបាលខេត្តសៀមរាប បានបង្ហាញថា ក្រោយពីបានទទួលព័ត៌មានការផ្សព្វផ្សាយការព្យាបាលជំងឺកុមារដែលមានពិការភាព ដូចជាមិនចេះនិយាយ មិនចេះដើរ របស់ផេកហ្វេសប៊ុកឈ្មោះ សេក ដារ៉ា ម្ជុលប្រាក់ដែលគ្មានលក្ខណៈវិទ្យាសាស្ត្រនិងមានលក្ខណៈ បំផ្លើសការពិតហួសពីវិជ្ជាជីវៈសុខាភិបាល មន្ទីរសុខាភិបាលខេត្តសៀមរាប បានចាត់មន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវករណីនេះជាបន្ទាន់ ដោយមានកិច្ចសហការដ៏ល្អពីមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដោយបានកំណត់ទីតាំង និងចុះទៅដល់ទីតាំងផ្ទាល់របស់ឈ្មោះ សេក ដារ៉ា ភេទប្រុសអាយុ៤៩ឆ្នាំ រស់នៅភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
បន្ទាប់ពីមានការសាកសួរត្រួតពិនិត្យទីតាំងខាងលើដោយផ្ទាល់ក្រុមការងារមន្ទីរសុខាភិបាលនិង សមត្ថកិច្ចបានរកឃើញថាឈ្មោះ សេក ដារ៉ា ពិតជាបានទទួលការព្យាបាលជំងឺកុមារដោយប្រើម្ជុលវិទ្យាសាស្ត្រពិតប្រាកដមែន និងមានផ្សព្វផ្សាយចរាចរលក់ថ្នាំបុរាណដែលផ្សំឡើងគ្មានរូបមន្តច្បាស់លាស់ និងគ្មានអនាម័យនៅកន្លែងទីតាំងខាងលើ ពិសេសឈ្មោះ សេក ដារ៉ា ពិតជាបានផ្សព្វផ្សាយព័ត៌មាន តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមអំពីការព្យាបាលជំងឺកុមារដោយប្រើម្ជុលវិទ្យាសាស្ត្រ ពិតប្រាកដមែន។ បន្ទាប់ពីសមត្ថកិច្ចបានពិនិត្យឯកសារនៅទីតាំងខាងលើ ជាលទ្ធផលបញ្ជាក់ថា ឈ្មោះ សេក ដារ៉ា បើកទីតាំងព្យាបាលជំងឺ រួមទាំងមានការលក់ថ្នាំបុរាណដោយគ្មានច្បាប់អនុញ្ញាតពីមន្ទីរសុខាភិបាលខេត្ត និងបានធ្វើការផ្សព្វផ្សាយព័ត៌មានព្យាបាលជំងឺរបស់ខ្លួនតាមប្រព័ន្ធទំនាក់ទំនងសង្គម ប្រាស់ចាកការពិតដែលជាលក្ខណៈវិទ្យាសាស្ត្រ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបានចាត់វិធានការលើឈ្មោះ សេក ដារ៉ា ដោយបានធ្វើការបញ្ឈប់ជាបន្ទាន់នូវការព្យាបាលជំងឺគ្រប់ប្រភេទចាប់ពីថ្ងៃផ្តិតមេដៃតទៅ។ បានធ្វើការបញ្ឈប់ជាបន្ទាន់នូវការលក់ឱសថគ្រប់ប្រភេទជូនអតិថិជនរបស់ខ្លួន និងបានបញ្ឈប់ជាបន្ទាន់ការផ្សព្វផ្សាយការព្យាបាលជំងឺរបស់ខ្លួននៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម និងដកចេញឱ្យអស់រាល់ការផ្សព្វផ្សាយការព្យាបាលជំងឺរបស់ខ្លួនដែលមានពីមុនមកចាប់ពីថ្ងៃផ្តិតមេដៃ។
យោងតាមរដ្ឋបាលខេត្តសៀមរាប ករណីនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តនឹងអនុវត្តវិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះគ្រប់សកម្មភាពរបស់ ឈ្មោះ សេក ដារ៉ា បើមិនអនុវត្តតាមកិច្ចសន្យារបស់ខ្លួនបន្ទាប់ពីផ្តិតមេដៃ។
ជាមួយគ្នានេះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប សូមប្រកាសជូនសាធារណជន ទាំងអស់មេត្តាជ្រាប និងសូមផ្តល់ព័ត៌មានមកមន្ទីរសុខាភិបាលក្នុងករណីឈ្មោះ សេក ដារ៉ា នៅបន្តប្រព្រឹត្តល្មើស៕
ដោយ÷ ពន្លឺ