ខេត្តតាកែវ ៖ កម្មវិធីទី០២សំរាប់ថ្ងៃទី១នៃដំណើរបេសកម្មរបស់ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មនិងឯកឧត្តមអភិបាលខេត្តបានអញ្ជើញចុះ ពិនិត្យកសិដ្ឋានចិញ្ចឹម និងភ្ញាស់ស៊ុតមាន់ស្រែរបស់កសិករ ទួន សុខហេង (លេខទូរស័ព្ទទាក់ទង ០៩៧ ៣២៥ ៩០០០) នៅភូមិព្រៃស្នួល ឃុំជំរះពេន ស្រុកសំរោង។
លោក សុខហេង បានឲ្យដឹងថាបច្ចប្បន្នមានទ្រុងចិញ្ចឹមចំនួន ៨៣ មានមាន់ពូជសរុប ៦៦៤ក្បាល (ញី និងឈ្មោល) មានទូភ្ញាស់ ០២គ្រឿង មាន លទ្ធភាពផលិតកូនមាន់បាន ៤-៦ពាន់ក្បានក្នុង ១ខែ។ បច្ចុប្បន្នតម្លៃលក់ចេញនៅកន្លែងភ្ញាស់តែម្តងគឺ ៤ពាន់រៀល/ក្បាល (អាយុ ៣ថ្ងៃ)។ ក្រៅពីការលក់កូនមាន់ លោកសុខហេង អាចលក់លាមកមាន់បាន ៤ពាន់រៀល/បាវ។ និយាយក្នុងទឹកចិត្តសប្បាយរីករាយ ថាលោកអាចរកចំណូលបានក្នុង ១ខែពី ១០-១២លានរៀល។
ក្រៅពីអាជីពគោលនេះ លោក សុខ ហេង នៅមានការងារបន្ទាប់បន្សំមួយ ចំនួនទៀតដូចជាធ្វើស្រែ និងដាំដំណាំ ទុកគ្រាន់ជាស្បៀងផ្គត់ផ្គង់ក្នុង គ្រួសារ និងជាប្រភពចំណូលបន្ថែមសម្រាប់លើកកម្ពស់សេដ្ឋកិច្ចគ្រួសារយ៉ាងរឹងមាំ និងស្ថិតថេរ ធានាដល់ការផ្គត់ផ្គង់សេចក្តីត្រូវការក្នុងគ្រួសារ។
ឯកឧត្ដមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ចាប់យករបរចិញ្ចឹម និងភ្ញាស់ស៊ុតមាន់ស្រែប្រកប ដោយការជឿជាក់ និងស្វ័យភាពម្ចាស់ការលើផលិតកម្មដ៏រឹងមាំនេះ។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថាភាពជោគជ័យដែលលោក សុខហេង សម្រេចបាននាថ្ងៃនេះគឺស្របពេលដែលក្រសួងបាននិងកំពុងប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជូនអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩- ២០២៣ ក្នុងនោះគឺការប្រែក្លាយកសិករទៅជាកសិពាណិជ្ជករ បានន័យថាជំរុញ លើកទឹកចិត្ត និងគាំទ្រឲ្យពួកគាត់បង្កើតមុខរបរ គ្រប់គ្រង និងចាត់ចែងអាជីពរបស់ខ្លួនទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ធ្វើយ៉ាងណាឲ្យផលិតកម្មនោះមានដំណើរការល្អ ប្រកបដោយសុខភាពមាំមួន និងនិរន្តរភាព។
លោករដ្ឋមន្រ្តីសង្ឃឹម និងជឿជាក់ថា បើនៅមូលដ្ឋានយើងមានកសិករដូចលោក សុខ ហេង ច្រើនគ្រួសារ នោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០៣០និង២០៥០ប្រាកដជាអាចសម្រេចបាន។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍវិស័យផលិតកម្មមាន់របស់លោក សុខ ហេង ដោយចាប់តាំងពីមេមាន់៣០ក្បាលហើយលោកក៏បានលើកទឹកចិត្តឲ្យខិតខំបន្ថែមទៀតដោយត្រូវសហការជាមួយមន្ទីរកសិកម្មដើម្បីផ្សព្វផ្សាយពូជមាន់ឲ្យបានទូលំទូលាយក្នុងបំណងកាត់បន្ថយការនាំចូល៕
ដោយ ៖ សុភា