ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំដោយមានការចូលរួមរៀបចំកម្មវិធីពីំសំណាក់លោកចែម ចាន់រ៉ា(ហៅ ពាក់ មី) បានរៀចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ”ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណដូចជាបរទេះគោដឹកស្រូវ .រែកកណ្តាប់ស្រូវ. បោកស្រូវ .បែនស្រូវ .ដាល់អំបុក .ដុតក្រឡាន .ធ្វើនំ នៅក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមវត្តមានចូលរួមដឹកនាំកម្មវិធីពីសំណាក់លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ដោយមានភ្ញៀវអន្តរជាតិប្រមាណជាង១០០នាក់និងបងប្អូនប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។ ការបង្កើតកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ”នាពេលនេះ គឺចង់រំឭកអនុស្សាវរីយ ច្រូតស្រូវ បោកស្រូវ បែនស្រូវ និងបញ្ជាន់ស្រូវ ព្រមទាំងដាល់អំបុកជុំគ្នា តាមបែបប្រពៃណីទំនៀមទម្លាប់បុរាណខ្មែរ និងនឹកដល់ជីវភាពសុខសាន្តនៃប្រជាពលរដ្ឋខ្មែរតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលបញ្ជាក់ពីភាពរីកចម្រើន ភាពសុខសាន្ត សន្តិភាព ក្នុងប្រទេសកម្ពុជា ។
ការប្រមូលផលបែបបុរាណដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្តអាជ្ញាធរស្រុកឃុំ រួមជាមួយភ្ញៀវទេសចរណ៍បរទេសបងប្អូនប្រជាកសិករយ៉ាងច្រើនបើក្រឡេកទៅមើលតាមបែបជាក់ស្ដែងការប្រមូលផលស្រូវតាមបែបបុរាណគឺពិបាកខ្លាំងណាស់ ព្រោះត្រូវប្រើកម្លាំងមនុស្ស និងកម្លាំងសត្វទាំងស្រុងមិនដូចការធ្វើកសិកម្ម នៅសម័យនេះទេមានគ្រឿងចក្រជួយសម្រួលដល់កម្លាំងមនុស្សបានច្រើនផងដែរ។
លោក សូត្រ សូរ ប្រធានសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំដែលជាអ្នករៀបចំកម្មវិធីបានមានប្រសាសន៍ថាការរៀបចំកម្មវិធី ការប្រារព្វកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” គឺជាលើកទី១ ហើយសម្រាប់ស្រុកប្រាសាទបាគង ហើយការរៀបចំកម្មវិធីនាពេលនេះ គឺចង់រំឭកប្រពៃណីដូនតាយើងដែលច្រូតស្រូវដោយកណ្តៀវ ជាពិសេសនោះដែរគឺចង់បង្ហាញ និងបង្រៀនដល់ ភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចូលរួមក្នុងកម្មវិធីនេះឲ្យពួកគេចេះច្រូត ចេះចង ចេះរែក បោកស្រូវ .បែនស្រូវ .និងយកស្រូវដាល់អំបុកនិងរៀនធ្វើនំផងដែរ ។
លោក ចែម ចាន់រ៉ា(ហៅ ពាក់ មី) ដែលជាអ្នករៀបចំនិងចាត់ចែងកម្មវិធី“ស្នាមញញឹមភូមិខ្ញុំ”ទាំងស្រុងផងដែរនោះក៏បានមានប្រសាសន៍ថា នេះជាលើកទី២ដែលរូបលោកបានរៀបចំធ្វើកម្មវិធីគឺលើកទី១ធ្វើនៅខេត្តស្វាយរៀងនិងលើកនេះនៅក្នុងប្រាសាទបាគងខេត្តសៀមរាប ។ លោកថាកម្មវិធីនេះគឺចង់បង្ហាញឲ្យភ្ញៀវទេសចរណ៍ដឹងពីប្រពៃណីដូនតាខ្មែរយើងពីរបៀបបែបបុរាណនៃការប្រមូលផលស្រូវដូចបរទេះគោដឹកស្រូវ .រែកកណ្តាប់ស្រូវ. បោកស្រូវ .បែនស្រូវ .ដាល់អំបុក .ដុតក្រឡាន .ធ្វើនំផងដែរ ។ លោកចែម ចាន់រ៉ា(ហៅ ពាក់ មី)បានបន្តថាលោកនិងមានគម្រោងធ្វើតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ ហើយនាពេលខាងមុខនេះនៅខេត្តសៀមរាបលោកនិងមានកម្មវិធីចាប់ត្រីជាមួយភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ៕
ដោយ÷ ពន្លឺ