ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកជួបសំណេះសំណាជាមួយ បងប្អូនប្រជាពលរដ្ឋប្រមាណ ៣០០នាក់ ក្នុងវេទិកាសាធារណ: ដែលបានរៀបចំធ្វើក្នុងបរិវេណវត្តគុកពង្រ ហៅវត្តស្រាម នៅឃុំស្រម៉ ស្រុកជើងព្រៃ។
ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានយកពេលវេលាដ៏មានតម្លៃក្នុងការដឹកនាំ និងគ្រប់គ្រងការងារជំនាញក្នុងក្រសួង ឆ្លៀតចុះមកមូលដ្ឋានដើម្បីធ្វើការតាមដានការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព តាមដានការងារបង្កបង្កើនផល ការអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ការសាកសួរសុខទុក្ខ ការប្រមូល ទទួលយកនូវរាល់សំណូមពរ និងបញ្ហាផ្សេងៗយកទៅពិចារណាដោះស្រាយជាជំហានៗតាមការចាំបាច់ឲ្យបានទាន់ពេលវេលា និងជា
ពិសេសយកឱកាដនេះថ្លែងអំណរគុណជូនសមាជិក សមាជិកា និងប្រជាពលរដ្ឋទូទាំងស្រុកជើងព្រៃដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំកន្លង។
បន្ទាប់ពីមេឃុំស្រម៉រាយការណ៍ជូនអង្គពិធីបានជ្រាបដោយសង្ខេបអំពីស្ថានភាពទូទៅទាក់ទងការងារបង្កបង្កើនផល បញ្ហាជីវភាព ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការវិវឌ្ឍន៍រីកចម្រើនលើវិស័យផ្សេងៗ។ល។
រួចមកឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលបានសម្តែងនូវក្តីកង្វល់គិតគូពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងសូមជូនពរឲ្យជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នា។
នាឱកាសនេះ ឯកឧត្តមបានជម្រាបជូនបងប្អូនអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្នុងពេលបច្ចុប្បន្ន និងផែនការអភិវឌ្ឍន៏ពេលអនាគត ស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោសែន ជានាយករដ្ឋមន្ត្រី។ ជាសក្ខីភាព ស្ពាន ផ្លូវទឹក ផ្លូវគោក និងអាកាស ដែលជាសរសៃឈាមសេដ្ឋកិច្ច និងជាចលករជំរុញកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ សេចក្តីត្រូវការនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងសម្រាប់ធ្វើការអភិវឌ្ឍនាពេលអនាគតបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្ពស់ពីរាជរដ្ឋាភិបាល និងរកមធ្យោបាលដោះស្រាយជាបន្តបន្ទាប់ ជាក់ស្តែងផែនការសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិ កំពង់ផែរទឹកជ្រៅ ផែនការសាងសង់ស្ពានពីរឆ្លងកាត់ដៃទន្លេមេគង្គ។ គោលនយោបាយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ ស្រ្តីឆ្លងទន្លេ ចាស់ជរា និងប្រាក់បៀវត្សមន្ត្រីរាជការ។ល។
គោលនយោបាយអនុគ្រោះលើការវិនិយោគវិស័យកសិកម្មបំណងធ្វើការទាក់ទាញអ្នកវិនិយោគលើការសាងសង់រោងចក្រកែច្នៃកសិផលសម្រាប់ធ្វើការនាំចេញ។ កសិផលមានទីផ្សារ បងប្អូនមានចំណូល មានចំណូលកម្រិតជីវភាពមានការកែប្រែ បើដូច្នេះនោះយើងនឹងអាចសម្រេចបានតាមផែនការរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ គឺប្រែក្លាយប្រទេសមួយនេះឲ្យមានចំណូលមធ្យមកម្រិតខ្ពស់ និងកម្រិតខ្ពស់នាឆ្នាំ២០៥០។
ពិតណាស់ដើម្បីឈានទៅសម្រេចបាននូវគោលដៅដ៏សំខាន់នេះ លោកសូមបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាឲ្យបានគង់វង្សនូវសមិទ្ធផលសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយកម្មវត្ថុទាំងបីនេះមានតែសម្តេចតេជោហ៊ុន សែន ទេទើបអាចដឹកនាំ និងថែរក្សាបានគង់វង្ស។ ដូច្នេះ ដើម្បីបន្តរក្សាជ័យជំនះនេះ ឯកឧត្តមបានផ្តាំផ្ញើសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ និងភូមិឲ្យបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលបានលើកឡើងថា ៖
១-ត្រូវបន្តចុះជួយពលរដ្ឋនៅមូលដ្ឋានឈរលើស្មារតីស្មោះត្រង់ ទទួលខុសត្រូវខ្ពស់ និងកាន់តែសកម្មទូលំទូលាយ និងមានប្រ សិទ្ធភាពថែមទៀតដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដោះស្រាយបញ្ហាតាមតម្រូវការជាក់ស្តែង និងចាំបាច់ជាបន្ត បន្ទាប់។
២-អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយទាំង០៩ ចំណុចរបស់គណបក្សប្រជាជនឲ្យបានល្អប្រសើរ។
៣-បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ហើយសមាជិកក្រុមការងារថ្នាក់ជាតិត្រូវបន្តអនុវត្តគោលនយោបាយ ក៣ ដោយមិនត្រូវធ្វើការរើសអើង ប្រកាន់និន្នាការនយោបាយ លាបពណ៌ ចោទប្រកាន់គ្នាដែលអាចឈានទៅបែកបាក់សាមគ្គីជាតិយើង។
ក្នុងពិធីសំណេះសំណាលនេះផងដែរក៏មានសំណួរ និងសំណូមពរមួយចំនួនពីបងប្អូនប្រជាពលរដ្ឋដូចជាជួសជុលផ្លូវលំ អគារសិក្សា ស្តារប្រឡាយ សុំដី និងគ្រួសក្រហមចាក់ផ្លូវ ពូជស្រូវ បង្គោលភ្លើង អណ្តូងទឹក និងបច្ច័យមួយចំនួនទៀត។ សំណួរ និសំណូមពរ មួយចំនួនធំត្រូវបានដោះស្រាយជូននៅហ្នឹងកន្លែង ហើយមួយ ចំនួនទៀតលោកបានឲ្យសមាជិកក្រុមការងារចុះពិនិត្យ និងវាយ តម្លៃជាក់ស្តែង រួចដោះស្រាយជូនជាបន្តបន្ទាប់តាមការចាំបាច់៕
ដោយ ៖ វិបុល