រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសាភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួប Mr. Matthew Stephenson ប្រធានផ្នែកគោលនយោបាយ និងសហគមន៍លើពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum, WEF) និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងការចូលរួមចំណែក ឬកិច្ចសហការរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងការផ្តល់កិច្ចសម្របសម្រួលលើការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។
លោក Matthew បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា WEF កំពុងធ្វើការសិក្សា និងស្វែង យល់អំពីកិច្ចសម្របសម្រួលក្នុងការវិនិយោគបរទេសទៅលើស្បៀង និងកសិកម្មដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាហើយគោលបំណងនៃជំនួបនាថ្ងៃនេះគឺធ្វើការសិក្សាស្វែងយល់បន្ថែមអំពីបញ្ហា ចំណុចខ្លាំង ចំណុចខ្សោយ សំណូមពរ គំនិត និងយោបល់ពីគ្រប់ភាគីពាក់ព័ន្ធរួចដាក់ចេញនូវយន្តការដោះស្រាយសមស្របដើម្បីបង្កើតបរិយាកាសវិនិយោគមួយមានលក្ខណៈប្រទាក់ក្រឡា សម្រប សម្រួល និងមានប្រសិទ្ធភាពសម្រាប់វិនិយោគិនក្នុង និងក្រៅ ប្រទេស ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ក្រុមការងារជំនាញដែលបានរៀបចំគម្រោងសិក្សានេះឡើងប្រយោជន៍ដើម្បីបង្ហាញដល់វិនិយោគិនអំពីគោលនយោបាយអនុគ្រោះរបស់រាជរដ្ឋាភិបាល បរិយាកាស និងឱកាសវិនិយោគលើផលិតកម្មស្បៀង និងកសិកម្មនៅកម្ពុជានាពេលអនាគត។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនភ្ញៀវបន្ថែមថាបច្ចុប្បន្នកម្ពុជាបានប្រែក្លាយពីប្រទេសដែលអសន្តិសុខស្បៀងសម្រាប់ប្រជាជន មកជាប្រទេសដែលផលិត និងអតិរេចស្បៀងសម្រាប់នាំចេញ។ ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថាការដាក់ចេញនូវគោលនយោ បាយអនុគ្រោះដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងទាក់ទាញវិនិយោគិនមកវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះក្រសួងក៏បានបន្តជំរុញការងារកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេស និងអង្គការជាដៃគូអភិវឌ្ឍ ដើម្បីជួយសម្រួលដល់វិនិយោគិន ធ្វើយ៉ាងណាឲ្យការវិនិយោគរបស់ពួកគាត់ទទួលបានជោគជ័យ ដែលនេះគឺជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍក្នុងវិស័យនេះ និងជាពិសេសជួយលើកស្ទួយកម្រិត ជីវភាពប្រជាកសិករ និងសេដ្ឋកិច្ចជាតិ។
តែទោះជាយ៉ាងណាការវិនិយោគលើវិស័យនេះនៅមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដូច្នេះឯកឧត្តមរដ្ឋមន្ត្រីបានសំណូម ពរឲ្យ WEF និងដៃគូអភិវឌ្ឍន៍ដទៃ គួរពិនិត្យ និងពិចារណាផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្ម និងវិស័យឯកជន ដោយផ្តោតជាសំខាន់លើការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការជំរុញផលិតកសិកម្មតាមកិច្ចសន្យា។
កិច្ចប្រជុំនេះត្រូវបានបញ្ចប់ដោយភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំក្រុមការងារ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកបញ្ហាគន្លឹះសំខាន់ៗ ក្នុងការទាក់ទាញអ្នកវិនិយោគពីខាងក្រៅ ពង្រីកការបោះទុនវិនិយោគលើវិស័យកសិម្ម និងការកែឆ្នៃផលិតផលកសិកម្ម នៅកម្ពុជាបន្ថែមទៀត៕
ដោយ ៖ វិបុល