ខេត្តកណ្តាល ៖ នៅដើមឆ្នាំ២០១៩ នេះដែលទើបឆ្លងឆ្នាំសកលថ្មីៗនេះ មានប្រជាពលរដ្ឋ នៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននាំគ្នាធ្វើការតវ៉ា ទៅទារប្រាក់ពីអាជ្ញាធរសាលាឃុំបឹងខ្យាងដោយក្នុងម្នាក់ចំនួន$២៥០ (ពីររយហាសិបដុល្លារ) ដោយប្រភពពីប្រជាពលរដ្ឋបានចោទប្រកាន់អាជ្ញាធរមូលដ្ឋានថា៖ ពិសេសអាជ្ញាធរឃុំ បានសហការជាមួយថ្នាក់ស្រុកមានការឃុបឃិតគ្នាលក់ដីព្រៃបឹងរួមសហគមន៏ចំនួន២៥០ហិចតា ដែលមានព្រំប្រទល់៖
១.ខាងជើងទល់ឃុំព្រែកស្លែង
២.ខាងត្បូងទល់និងឃុំពត់សរ (ខេត្តតាកែវ)
៣.ខាងកើតទល់និងស្រុកស្អាង
៤.ខាងលិចទល់និងដីស្រែបឹងខ្យាង
លក់ទៅអោយក្រុមហ៊ុនឯកជន ហើយជាថ្នូរដោះស្រាយគោលនយោបាយជូនពួកគាត់ក្នុងម្នាក់១០០ដុល្លារ ទោះបីកូនដែលទើបតែកើតក្នុងខែនេះក៏បានប្រាក់សំណងគោលនយោបាយផងដែរ ដោយរាប់ចំនួនមនុស្ស ដែលជាសមាជិកក្នុងគ្រួសារនិមួយៗជួនតែម្តង។
ការប្រគល់ប្រាក់ជាសំណងនេះបានធ្វើឡើងជាច្រើនថ្ងៃមកហើយតាំងពីចុងឆ្នាំ២០១៨ មករហូតដល់បច្ចុប្បន្នដែលមានអ្នកទៅទទួលចំនួនជាង២០០០នាក់ហើយ ដែលត្រូវអស់ទឹកប្រាក់សុទ្ធចំនួនជាង២០០០០០ដុល្លារ ក្នុងចំណោមប្រជាជនជាង៨០០០នាក់ ក្នុងឃុំបឹងខ្យាងទាំងមូល។ ដោយការផ្តល់សំណងនេះមិនបានតាមការចង់បានរបស់ ប្រជា ជនដែលទាមទារចំនួន២៥០ដុល្លារក្នុងម្នាក់ នោះ ធ្វើអោយមានការតវ៉ានៅមុខសាលាឃុំបឹងខ្យាងផងដែរ តែដោយអាជ្ញាធរបានធ្វើការរៀបចំ សណ្តាប់ធ្នាប់នៅមុខសាលាឃុំបឹងខ្យាង ដើម្បីផ្តល់ឪកាសបងប្អូនមួយចំនួនដែលស្មគ្រចិត្តទទួលយកប្រាក់១០០ដុល្លារក្នុងម្នាក់បញ្ចាប់ការតវ៉ា តែនៅមានប្រជាពលរដ្ឋប្រមាណ២០ ទៅ៣០នាក់ប៉ុណ្ណោះដែលនៅធ្វើការតវ់ា ដោយលើបដាស្នើសុំដល់សម្តេចតេជោសែន ជួយពួកគាត់ផង ដើម្បីបានប្រាក់២៥០ដុល្លារក្នុងម្នាក់ បើមិនដូច្នោះទេសូមប្រគល់ដីជូនពួកគាត់វិញ។
នេះជាការចោទប្រកាន់ពីប្រជាពលរដ្ឋដែលស្ថិតនៅក្នុងចំណោមការតវ៉ាទាមទារតែប៉ុណ្ណោះ អង្គភាពគេហទំព័ត៌រស្មីក្រុងយើង www.rskynews.com បានហៅទូរស័ព្ទសុំការបំភ្លឺពីឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅវេលាម៉ោង ៣.០៥នាទីរសៀល នាថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០១៩ នេះ ដោយឯកឧត្តមបានពន្យល់ដូចតទៅ ៖ ” តាមពិតទៅដីនេះមានទីតាំងស្ថិតនៅក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ឯណោះទៅវិញទេ ហើយដីនេះមានទំហំប្រហែលជាង១០០ហិចតា មិនដូចពួកគាត់លើឡើងថា២៤៥ហិចតាទេ ហើយជាដីមានម្ចាស់កម្មសិទ្ធិត្រឹមត្រូវ ដោយម្ចាស់បានកាន់់កាប់ និងអាស្រ័យផលតាំងពីឆ្នាំ១៩៩៦ ១៩៩៧ មកម្លេះ ដោយទំហំដីទាំងអស់នេះក្រុមហ៊ុនឯកជនបានប្រមូលទិញពីប្រជាពលរដ្ឋមានទីលំនៅខាងស្រុកស្អាង ដោយគេបានព្រមព្រៀងគ្នាទិញលក់រួចជាស្រេចហើយ តែដោយពេលដីមានតំលៃ ទើបផ្ទុះការតវ់ាពីបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនដោយមានការអុចអាលពីមេខ្យល់ពួកប្រឆាំង ដោយបំផុសអោយប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រី ដោយក្មេងខ្លះគ្នាមិនដឹងអីសោះអោយមកតវ់ា ដោយប្រើប្រាស់យុទ្ធសាស្រ្ត ឈ្នះបានដី ចាល់បានប្រាក់ ” ។
ដូច្នោះហើយឯកឧត្តមអភិបាលខេត្តបានអំពាវនាវសុំដល់បងប្អូនប្រុសស្រីកុំចាញ់បោកមេខ្យល់ដើរបំផុសអោយមានការតវ៉ាទាមទាររហូតដល់ ២៥០ដុល្លារឯណ្ណោះអី ដោយលោកអភិបាលបានធ្វើការសម្របសម្រួលជាមួយម្ចាស់ក្រុមហ៊ុនតាំងពី៥០០ដុល្លារ រហូតដល់ធ្លាក់នៅត្រឹមចំនួន ១០០ដុល្លារ/ម្នាក់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំបឹងខ្យាងទាំងមូល ដែលជាម្ចាស់ឆ្នោតទុកចិត្តគណបក្យប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្លាសវៃបំផុតក្នុងការដឹកនាំប្រទេស ដើម្បីសន្តិភាព និងការអភិវឌ្ឍន៏គ្រប់វិស័យទាំងអស់។
តែយ៉ាងណាក៏ដោយការទំនាស់រវាងផលប្រយោជន៏គួរតែមានយន្តការថ្នាក់ជាតិចូលរួមជួួយដោះស្រាយបន្ថែមទៀតដើម្បីសុខសុវត្ថិភាព និងមាន ភាពយុត្តិធ៌មត្រឹមត្រូវទាំងគួរបក្ខដិបក្ខសងខាង ជៀសវាងការផ្ទុះហឹង្សាណាមួយកើតឡើងទៅថ្ងៃខាងមុខទៀត៕
ដោយ ៖ សិរីបុត្រ