ខេត្តឧត្តរមានជ័យ ៖ តាមប្រភពព័ត៌មានពីម្ចាស់ កាសុីណូមួយកន្លែងដែលមានអាជ្ញាបណ្ណបើកកាសុី ណូ ផ្ដាច់មុខតែមួយគត់នៅច្រកជាំស្រងាំមានឈ្មោះ ថា សាងាំរីសត និងកាសុីណូ មានការមិនពេញចិត្តចំពោះលោកឧត្ដមសេនីយ៍ទោ សុឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកដែលបាន យកតួនាទីរបស់ខ្លួនប្រព្រឹត្តបទល្មើសកាងបើកកាសុី ណូ អនឡាញ និងកាងចិនខុសច្បាប់ ស្ថិតនៅច្រកជាំស្រងាំនេះមានរយៈពេលជាង១ឆ្នាំមកហើយ។
សូមឱ្យលោក មាន ចាន់យ៉ាដា ចៅហ្វាយខេត្តឧត្ដរមាន ជ័យ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមចាត់វិធានការចំពោះលោកផ្កាយ២ ដែលជាអ្នកកាងល្បែងខុសច្បាប់នេះផង។
ដោយឡែកឯកត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានព្រមានមិនអនុញ្ញាតឱ្យកម្លាំងនគរបាលជាតិ ជាប់ព័ន្ធនឹងបទល្មើស ឬល្បែងសុីសងជាដាច់ខាត។ ដូច្នេះសូមអាជ្ញាធរ គ្រប់ជាន់ថ្នាក់នៅស្រុកអន្លង់វែង ជាពិសេសគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ មានវិធានស្រាវជ្រាវផង ដើម្បីលុបបំបាត់មុខរបរមិនស្របច្បាប់ ក៏ដូចជាបទល្មើសក្នុងមូលដ្ឋាន ។
សូមបញ្ជាក់ថា៖ កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តបង្ក្រាបបទល្មើសគ្រឿងញៀន លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងការបង្ក្រាបក្មេងទំនើង ដើម្បីសន្តិសុខនិងភាពសុខសាន្តជូនប្រជាពលរដ្ឋ ។
សូមរំលឹកថា៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសមត្ថកិច្ចពាក់ព័ន្ធចំពោះកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងគ្រឿងញៀន លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងការបង្ក្រាបក្មេងទំនើងនារយៈពេលកន្លងមក។ សម្តេច បានស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ខិតខំបន្តទៀតក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីសន្តិសុខ និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ដូច្នេះអាជ្ញាធរសមត្ថកិច្ចត្រូវមានកាតព្វកិច្ច អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពរួមមានលក្ខណៈសម្បត្តិ៧យ៉ាង៖
១. ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣. មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
៤.គ្មានអំពើអានាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាលត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។
(កំណែទម្រង់ផ្ទៃក្នុងបង្កើនមិត្តខាងក្រៅ)
ពាក់ព័ន្ធករណីខាងលើ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែងបានឱ្យដឹងថា៖ មិនមានល្បែងអន ឡាញ នៅទីណាលោកក្តាប់មិនជាប់លោកថាកន្លែងនឹងជាផ្ទះសំណាក់ដែលគេជួលឲ្យបុគ្គលិកបម្រើការងារនៅកាស៊ីណូយីហោ”លឹមហេង”ហើយកន្លងមកម្ចាស់ផ្ទះសំណាក់គេជួលទូទៅប៉ុន្តែមួយរយះចុងក្រោយនេះខាងផ្ទះសំណាក់ជួលឲ្យក្រុមហ៊ុនចិនដែលមកលេងនៅកាស៊ីណូ”លឹមហេង”នៅវីអាភីផ្តាច់ លោកមិនបានដឹងថាមានលេងល្បែងអីទេប៉ុន្តែខាងរដ្ឋបាលស្រុកនឹងខេត្តនឹងចុះធ្វើរដ្ឋបាលត្រួតពិនិត្យបើមានករណីនឹងមានខាងខេត្តនឹងបង្ក្រាបហើយ។
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តខេត្ដឧត្ដមានជ័យ បានបញ្ជាក់ថា ៖ ចាំឲ្យកម្លាំងមូលដ្ឋានចុះទៅពិនិត្យ លោកស្នងការបានបន្តថា,បើបានព័ត៌មានច្បាស់លោកនឹងបញ្ជាក់ប្រាប់វិញ ។
ករណីដូចបានលើកឡើងខាងលើអង្គភាពយើងបានស្វះស្វែងរកការបំភ្លឺពីលោកផ្កាយ២ សុឹម សំអាត ប៉ុន្តែគ្មានលេខទូរស័ព្ទដើម្បីសុំការបំភ្លឺ ទោះយ៉ាងណាអង្គភាពយើងនិងរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការដើម្បីឲ្យស្របតាមក្រមសីលធម៌និងវិជ្ជាជីវៈ និងរបបនៃច្បាប់សារព័ត៌មាន៕
ដោយ÷ ដូណែត