រាជធានីភ្នំពេញ ÷ នៅទីស្តីការក្រសួងបរិស្ថាន នារសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាត ឱ្យនិស្សិតជ័យលាភីអាហារូបករណ៍នៃកម្មវិធីអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ឆ្នាំ២០២៣ ចំនួន ២៥នាក់ និងនិស្សិតជ័យលាភីអាហារូបករណ៍នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (LKY) ចំនួន ៧នាក់ ដើម្បីចូលជួបសំណេះ សំណាល និងគោរពសុំអនុសាសន៍បទពិសោធន៍ដឹកនាំល្អៗពីឯកឧត្តមរដ្ឋមន្ត្រី។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលេីក ឡេីងថា អាហារូបករណ៍នេះ ជាគុណតម្លៃមួយសម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនឯង និងយកចំណេះជំនាញទាំងនេះមកចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជាមាតុភូមិយេីង។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមទៀតថា ប្អូនទៅសិក្សានៅក្រៅប្រទេសត្រូវចេះស្រឡាញ់សាមគ្គីភាពគ្នា កសាងទំនាក់ទំនងល្អ រៀនសូត្រភាពជាអ្នកដឹកនាំ ភាពបត់បែន គំនិតផ្តួចផ្តេីម ផលិតភាព និងជំនាញសង្គម ជាពិសេសគឺបំណិនជីវិត ដែលជំនាញទាំងនេះនឹងអាចប្រែក្លាយប្រជាជនកម្ពុជា ទៅជាប្រជាជនសកល៕