ខេត្តសៀមរាប ÷ ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន’នាយករដ្ឋមន្ត្រី ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង តំណាងឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ឋជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះ សំណាល និង បំពាក់គ្រឿងឥស្សរីយយសការពារជាតិ ជូនដល់អតីតយុទ្ធជនកម្ពុជា ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន ៣៣១នាក់ ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅស្រុកក្រឡាញ់ ដោយមានការអញ្ជើញចូលរួមពីលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរស្រុក ឃុំ ចូលរួមផងដែរ ។
សេចក្តីរាយការណ៍របស់លោកវរៈសេនីយ៍ទោ ហ៊ន់ បូវុធ អធិការនគរបាលស្រុក និង ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកក្រឡាញ់ បានឱ្យដឹងថា៖ អតីតយុទ្ធជនទូទាំងស្រុក សរុប ៣៤៥នាក់ បានសុំចូលជាសមាជិកសមាគម ២២៣នាក់ និងមិនបានស្នើសុំចំនួន១២២នាក់។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តបានលើក អំពីការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខចំពោះបងប្អូនអតីតយុទ្ធជន ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុទេសក៏ឯក ប្រតិបត្តិករសន្តិភាព និងតែងតែសម្តែងការគោរពដឹងគុណ នូវវីរៈភាពអង់អាចក្លាហានរបស់បងប្អូនអតីតយុទ្ឋជន ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើមី្បជាតិមាតុភូមិ និង សន្តិភាព និងបានធ្លាក់ខ្លួនពិការ បាត់បង់សមត្ថភាពការងារ ពលី មរណៈ បានបន្សល់ទុករហូតដល់សព្វថ្ងៃនេះ ។
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង តំណាងឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ឋជនកម្ពុជា ឯកឧត្តម សៀង ណាំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ ដោយក្តីនឹករលឹកបំផុតពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូម ថ្លែងអំណរគុណដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ជាមួយសម្ដេចតេជោ ហ៊ុន សែន ហើយទទួលបាននូវសុខសន្តិភាព រហូតមកដល់ថ្ងៃនេះ ។
ឯកឧត្តម មានប្រសាសន៍ថា៖ការបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ឋជនកម្ពុជាស្រុកក្រឡាញនាពេលនេះ ពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ និងជាការគោរពដឹងគុណនូវវីរៈភាពដ៏ងង់អាចក្លាហានរបស់បងប្អូនអតីតយុទ្ឋជន ដោយមិនគិតពីការលំបាក និងបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុសង្គ្រោះជាតិមាតុភូមិរួមគ្នាស្វែងរកសុខសន្តិភាពជូនជាតិ និងបានធ្លាក់ខ្លួនពិការ បាត់បង់សមត្ថភាពការងារ ពលី មរណៈ បានបន្សល់ទុករហូតដល់សព្វថ្ងៃនេះ។
ឯកឧត្តម សៀង ណាំ បញ្ជាក់ថា៖កម្ពុជាក្រោមកិច្ចដឹកនាំប្រកបដោយភាពឈ្លាសវៃ និងក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៩៨ បាននាំមកនូវសុខសន្តិភាព បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាធ្វើការអភិវឌ្ឍន៏រីកចម្រើនលើគ្រប់វិស័យដូចឃើញជាក់ស្តែងទាំងអស់គ្នានាពេលបច្ចុប្បន្ន ហេតុនេះដើម្បីរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយឱ្យកាន់តែរឹងមាំ យើងទាំងអស់គ្នា ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលមានគោលនយោបាយច្បាស់លាស់ និងដឹកនាំប្រទេសប្រកបដោយភាពរីកចំរើនលើគ្រប់វិស័យ ប្រទេសជាតិទទួលបានសុខសន្តិភាព សុវត្ថិភាព និង ការអភិវឌ្ឍន៍តាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាល និងនាំគ្នាការពារ ថែរក្សាសន្តិភាពដែលរកបានដោយលំបាកនេះកុំឱ្យបាត់បង់។
ឯកឧត្តម សៀង ណាំ ក៏បាននាំយកថវិកានិង អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នូវអង្ករសរុបចំនួន ចំនួន ៤៩៦៥គីឡូក្រាម និងថវិកា ១៦លានរៀល ជូនដល់សមាជិកសមាជិកា អតីតយុទ្ឋជនកម្ពុជាស្រុកក្រឡាញ់ទាំង៣៣១នាក់ផងដែរ៕