ភ្នំពេញ៖ បើក្រឡេកមើលទៅលើអក្ខរវិរុទ្ធនៃភាសាខ្មែរឃើញថា មនុស្សភាគច្រើនតែងតែសរសេរអក្សរខុសច្រើន នេះបើពិនិត្យទៅលើវចនានុក្រមសម្តេច ជួន ណាត។ ជាក់ស្តែង បើពិនិត្យទៅលើកំហុសរបស់គេហទំព័រ រស្មីក្រុងយើងក៏មានកំហុសច្រើនទៅលើអក្ខរាវិរុទ្ធផងដែរ តែក្រុមកំពុងធ្វើការកែសម្រួល ក៏ដូចជាខិតខំកែលំអរអក្ខរាវិរុទ្ធទាំងនោះឳ្យត្រឹមត្រូវតាមវចនានុក្រមសម្តេច ជួន ណាត។
ដោយមើលឃើញពីកំហុសមនុស្សទូទៅទៅលើអក្ខរាវិរុទ្ធនៃភាសាខ្មែរ ដូចនេះ www.rskynews.com នឹងធ្វើការបង្ហាញនូវពាក្យមួយចំនួនដែលមនុស្សមួយចំនួនធំតែងតែច្រឡំ ឬមិនយល់ពីអត្ថន័យនូវពាក្យមួយចំនួនដូចខាងក្រោមនេះ៖
១) «ក្រាស់» និង «ក្រាស» ខុសគ្នាដូចម្តេច?
«ក្រាស់» សំដៅលើ អ្វីដែលមានកម្រាស់, ទីទៃពីស្តើង។ រីឯ «ក្រាស» សំដៅលើ ប្រដាប់សម្រាប់សិតសក់។ វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាតបានពន្យល់ពាក្យទាំងពីរនេះថា៖
«ក្រាស់»សំដៅលើ អ្វីដែលមានកម្រាស់, ទីទៃពីស្តើង។ ឧទាហរណ៍៖ ក្តារក្រាស់, សំពត់ក្រាស់, មុខក្រាស់។ ក្រាស់ក្រែល គឺច្រើនល្មម មានសម្បត្តិក្រាស់ក្រែល, មានធនធានក្រាស់ក្រែល។ ក្រាស់ក្រៃ គឺច្រើនពេក មនុស្សច្រើនក្រាស់ក្រៃ។
ចំណែក«ក្រាស» សំដៅលើប្រដាប់សម្រាប់សិតសក់ មានធ្មេញច្រើនដូចជាស្និត តែធំៗ ជាងស្និត។ ឧទាហរណ៍៖ ឈ្មោះអណ្តើកសមុទ្រមួយប្រភេទ ស្នូកមានពណ៌ថ្លា ធ្វើជាក្រាសសិតសក់ ឬជាប្រអប់ ជាដើម។
២) «ស្នើ», «សូម» និង «សុំ» សម្រាប់ប្រើក្នុងន័យណា?
«ស្នើ»មានន័យថា សួរឲ្យដឹងមុន, ពិគ្រោះ ឬប្រឹក្សាយោបល់ជាមុនសិន។ ឧទាហរណ៍៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានស្នើឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាធម្មជាតិ និងបរិស្ថាន។ ម្យ៉ាងវិញទៀតពាក្យ «ស្នើ»នេះគឺប្រើជាមួយនឹងឥស្សរជន គឺក្រាប បង្គំទូល, ក្រាបទូល, ទូល, ជម្រាប ឲ្យដឹងជាមុនសិន។
«សូម»មានន័យថា វាចាដែលបញ្ចេញ ឬសម្តែងឫកពាឲ្យគេធ្វើតាមអ្វីដែលខ្លួនចង់បាន ឬត្រូវការ ដូចជា សូមមេត្តា, សូមអធ្យាស្រ័យ, សូមអភ័យទោស។ ឧទាហរណ៍៖ សូមអធ្យាស្រ័យ!ជួយទិញកាហ្វេឲ្យខ្ញុំបន្តិចមក។
ចំណែកពាក្យ «សុំ»គឺសំដៅលើការនិយាយសុំអង្វរ, សុំទោស, សុំទាន ជាដើម។ ឧទាហរណ៍៖ សុំអង្វរ!អាណិតខ្ញុំផង។ សុំទោស!ដែលខ្ញុំមិនបានទៅចូលរួមពិធីជប់លៀងរបស់អ្នក។
៣) «ហឺរ» «ហិរ» និង «ហឹរ» ពាក្យណាត្រឹមត្រូវ?
វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យដែលត្រឹមត្រូវគឺ «ហឹរ» ដែលមានន័យថា ដែលមានក្លិនផ្សាក្តៅឆួល ដូចជារសម្ទេសខ្មាំង ឬម្រេច។ ឧទាហរណ៍៖ មីហឹរ Seoul ៧កម្រិត។
៤) «ប្រោស» និង «ប្រោះ» មានន័យខុសគ្នាដូចម្តេច?
រវាងពាក្យ«ប្រោស»និង«ប្រោះ» មានសូរសព្ទដូចគ្នា តែន័យផ្សេងគ្នា។ ពាក្យ«ប្រោស»សំដៅលើ ការអនុគ្រោះ, សេចក្តីមេត្តាប្រណី។ ចំណែក «ប្រោះ»សំដៅលើ រលាស់ទឹក។
វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «ប្រោស»មានន័យថា ជាសេចក្តីអនុគ្រោះ, រាប់អានដោយមេត្តាប្រណី, សេចក្តីស្រោចស្រង់។ ឧទាហរណ៍៖ ប្រោសប្រាណ ប្រោសឲ្យមានជីវិត។
ចំណែកពាក្យ «ប្រោះ»មានន័យថា រលាស់ទឹករឿយៗ ដោយផ្ទាត់នឹងម្រាមដៃ ឬដោយចម្រៀកស្លឹកចេក, ចម្រៀកស្លឹកឬស្សី ឬចម្រៀកផ្តៅ ជាដើម។ ឧទាហរណ៍៖ ប្រោះទឹកក្រអូប, ប្រោះទឹកអប់។ នេះបើផ្អែកលើវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាតដដែល។
៥) «ស្រែស» និង «ស្រែះ» ខុសគ្នាដូចម្តេច?
ពាក្យ «ស្រែស»និង«ស្រែះ»មានសូរសព្ទដូចគ្នា តែអត្ថន័យផ្សេងគ្នា។ «ស្រែស»សំដៅលើ ស្រួយខ្លាំង។ ចំណែក«ស្រែះ»សំដៅលើ ចាក់ចេសប្រទាក់ឆ្វាក់ញឹកជាក្រឡាល្អិតៗ។
វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាតបានពន្យល់ពាក្យ «ស្រែស»មានន័យថា ស្រួយខ្លាំង។ ឧទាហរណ៍៖ នំដំឡូងបារាំងស្រួយស្រែសគួរឲ្យចង់ញុំា។ ជាទូទៅ«ស្រែស»ប្រើរួមផ្សំជាមួយសម្ដី មានន័យថា សម្តីស្រួយស្រែស, សម្តីស្រួយច្បាស់លាស់។
ចំណែក«ស្រែះ»គឺសំដៅលើចាក់ចេសប្រទាក់ឆ្វាក់ញឹកជាក្រឡាល្អិតៗ។ ឧទាហរណ៍៖ ស្រែះសំពត់ធ្លុះ។ ម្យ៉ាងវិញទៀតពាក្យ«ស្រែះ»ជាឈ្មោះអាវ ឬកន្សែងជាដើម ដែលស្រែះជាក្រឡាល្អិតៗ មានដូចជា អាវស្រែះ , កន្សែងស្រែះ។ ចំពោះពាក្យ«ស្រែះ»នេះដែរ សម្រាប់សម្គាល់ឈ្មោះផ្សិតស្រែះដែលជាផ្សិតពុលដែលមិនអាចបរិភោគបាន។
៦) «អោប» និង «ឱប» ពាក្យណាត្រឹមត្រូវ?
ជាការពិតសរសេរជាពាក្យ«ឱប»ទើបត្រឹមត្រូវ។ វចនានុក្រុមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «ឱប»មានន័យថា យកដៃទាំងពីរព័ទ្ធរួបចូលដិតដល់ទ្រូង, ឈរឱបដៃ, ឱបរឹត, អង្គុយឱបក្បាលជង្គង់។ ឧទាហរណ៍៖ អាកាសធាតុត្រជាក់ យកដៃទាំងពីរឱបនឹងទ្រូង។
៧) «ភាន់» និង «ភ័ន្ត» ពាក្យណាត្រឹមត្រូវ?
អ្នកអានមួយចំនួននៅតែមិនទាន់កត់សម្គាល់ថាពាក្យមួយណាត្រឹមត្រូវ ឬពាក្យមួយណាខុសឡើយ។ យោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់នូវពាក្យទាំងពីរនេះ គឺត្រឹមត្រូវដូចគ្នា អាចសរសេរ ជា «ភាន់»ឬ«ភ័ន្ត»ក៏បាន។ ប៉ុន្តែគ្រាន់តែពាក្យ «ភាន់»អ្នកអាននិយមសរសេរជាងពាក្យ «ភ័ន្ត»។ ដែល«ភាន់»និង«ភ័ន្ត»មានន័យថា ភាន់ភាំង, ស្រឡាំងកាំង, ភាន់ច្រឡំ។ ឧទាហរណ៍៖ ភាន់គំនិត, ភាន់សា្មរតី។
៨) «និង», «នឹង» និង «ហ្នឹង» ខុសគ្នាដូចម្តេច?
វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «និង» មានន័យថា សព្ទជាសន្ធាន សម្រាប់និយាយតពាក្យ ឬតឃ្លារបះពីមួយទៅមួយ ដែលមានដំណើរសេចក្តីថា ទាំង, ព្រមទាំង, នេះផង, នុះផង។ ឧទាហរណ៍៖ អ្នក និងខ្ញុំ, គោ និងក្របី, សុខ និងទុក្ខ ជាដើម។
«នឹង»មានន័យថា ពាក្យជាកិរិយានុគ្រោះសម្រាប់និយាយនាំមុខកិរិយាសព្ទប្រាប់អនាគតកាលទៅខាងមុខដូចជា ប្រាកដជា, គង់តែ, មុខជា។ ឧទាហរណ៍៖ ស្អែកខ្ញុំនឹងទៅផ្ទះអ្នក, យើងគង់តែនឹងបានជួបគ្នាទៀតក្នុងថ្ងៃណាមួយជាពុំខាន។
ចំណែកឯពាក្យ «ហ្នឹង» មានន័យថា ដូច្នឹង, អ៊ឹចឹង, អើ, ហ្នឹងហើយ, នុះហើយ, ហ្នឹងឯង, ដំណើរហ្នឹង, ដំណើរនុះ។ ឧទាហរណ៍៖ ឯងហ្នឹងហើយ! ដែលញុំាច្រើនជាងគេ។ «ហ្នឹង» បើនិយាយមានសំឡេងខ្ពស់ស្រួចខ្លាំង ត្រូវសរសេរដាក់ជើងក្អែក(+)នេះពីលើ ហ្នឹ៎ងហើយ! ហ្នឹ៎ងឯង!(សម្រាប់សម្ដីសាមញ្ញ)។ នេះបើផ្អែកលើវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ដដែល៕
៩) «លិខិតប័ណ្ណ» និង «ខិត្តប័ណ្ណ» តើពាក្យណាត្រឹមត្រូវ?
វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យដែលត្រឹមត្រូវគឺ«ខិត្តប័ណ្ណ»មានន័យថាសំបុត្រដែលគេបោះបាច ឬចែកផ្សាយ ដើម្បីឲ្យដឹងពីដំណឹងអ្វីមួយ។ ឧទាហរណ៍៖ ឈរចែកខិត្តប័ណ្ណឲ្យសិស្សានុសិស្សអំពីកម្មវិធីសិក្សា និងអាហារូបករណ៍។
១០) «លំអៀង» និង «លម្អៀង» ពាក្យណាត្រឹមត្រូវ?
សាធារណជនមួយចំនួននៅតែមិនទាន់កំណត់បានថា រវាងពាក្យ«លំអៀង»និង«លម្អៀង»តើពាក្យណាត្រឹមត្រូវឡើយ។ វចនានុក្រមសម្តេចព្រះសង្ឍរាជ ជួន ណាត បានបញ្ជាក់ពាក្យទាំងពីរនេះគឺត្រឹមត្រូវដូចគ្នា អាចសរសេរជា«លំអៀង»ឬ«លម្អៀង»ក៏បាន។ ពាក្យ «លំអៀង»និង«លម្អៀង»មានន័យថា ធ្វើឲ្យល្អៀង ,ឲ្យផ្អៀងទៅរកម្ខាងជាងម្ខាងទៀត(ចំពោះតែផ្លូវចិត្ត)។ ឧទាហរណ៍៖ ចៅក្រមកាត់ក្តីលំអៀង, ម្តាយលម្អៀងណាស់ស្រឡាញ់តែកូនស្រី។
១១) «អំបោស» និង «អំបោះ» មានន័យខុសគ្នាស្រឡះ!
ពាក្យ «អំបោស»មានន័យថា ជាប្រដាប់សម្រាប់បោស។ ឧទាហរណ៍៖ អំបោសស្លាបសត្វ។
រីឯ ពាក្យថា «អំបោះ»គឺមានន័យថា សរសៃសំឡី ដែលរវៃរួច មានប្រវែងវែងៗ សម្រាប់ត្បាញសំពត់ជាដើម។ ឧទាហរណ៍៖ អំបោះឆៅ, សំពត់អំបោះ។
១២) «ច្រែស»,«ច្រេះ» និង «ច្រែះ» ខុសគ្នាដូចម្តេច?
ពាក្យ «ច្រែស», «ច្រេះ» និង «ច្រែះ» មានសូរសព្ទដូចគ្នា តែអត្ថន័យផ្សេងគ្នា។ «ច្រែស» សំដៅលើសូរដែលផ្លែចប និងអំបែងដុំក្រួសដែលគេកាប់ប៉ះត្រូវ។ រីឯ «ច្រេះ» សំដៅលើចាំងរេះឲ្យរបេះបន្តិចៗ។ ចំណែក«ច្រែះ»សំដៅលើដែកមានស្និម។
វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «ច្រែស» មានន័យថា សូរដែលផ្លែចប និងអំបែងដុំក្រួសដែលគេកាប់ប៉ះត្រូវ។ ឧទាហរណ៍៖ សូរច្រែស។
«ច្រេះ» មានន័យថា កាប់ ឬចាំងរេះត្រង់ទីខាងៗនៃវត្ថុអ្វីមួយដើម្បីឲ្យរបេះបន្តិចៗ។ ឧទាហរណ៍៖ ច្រេះគល់ឈើ, ច្រេះដីជើងដំបូក។
ចំណែកឯ «ច្រែះ» មានន័យថា ស្និមលោហជាតិដែលកើតចេញពីដែក។ ឧទាហរណ៍៖ ច្រែះកើតពីដែកវាស៊ីដែក ដែកឡើងស្និម។
១៣) «កូលាប»កូឡាប», «កុឡាប» និង «កុលាប» តើពាក្យណាត្រឹមត្រូវ?
ពាក្យ«កូលាប»,កូឡាប»,«កុឡាប»និង«កុលាប» ជាពាក្យដែលសាធារណជនពិបាកនឹងសម្គាល់ មិនប្រាកដថា ពាក្យមួយណាត្រឹមត្រូវនោះទេ។ តាមវចនានុក្រម សម្តេច ព្រះសង្ឃរាជ ជួន ណាត់ ពាក្យដែលត្រឹមត្រូវគឺ «កុលាប» ដែលមានន័យថា ជាឈ្មោះផ្កាដែលមានសណ្ឋានជាវល្លិមានបន្លា មានក្លិនក្រអូប។ «កុលាប» ជាផ្កាដែលមានពណ៌ចម្រុះផងដែរ ដូចជា ពណ៌ក្រហម ពណ៌ស និងលឿងជាដើម។
១៤) «សំភារៈ» «សម្ភារៈ» និង «សម្ភារ» ពាក្យណាត្រឹមត្រូវ?
ការពិតពាក្យដែលត្រឹមត្រូវនោះគឺ «សម្ភារ»។ ពាក្យ«សម្ភារ»មានន័យថា គ្រឿងផ្សំ គ្រឿងប្រើប្រាស់។ ឧទាហរណ៍៖ បន្ទប់ទូលាយ ដោយសារតែមិនមានផ្ទុកនូវសម្ភារ គ្រឿងសង្ហារឹមច្រើននោះទេ។
១៥) «ស្រលាញ់» និង «ស្រឡាញ់» ពាក្យណាត្រឹមត្រូវ?
ជាការពិតសាធារណជនខ្លះ នៅតែមិនដឹងច្បាស់ថារវាងពាក្យ«ស្រលាញ់»និង«ស្រឡាញ់»តើសរសេជាពាក្យណាទើបត្រឹមត្រូវ? បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលត្រឹមត្រូវនោះគឺសរសេរជា «ស្រឡាញ់»។ ដែល «ស្រឡាញ់»មានន័យថា គាប់ចិត្ត, ពេញចិត្ត, កួចកាន់ចិត្ត, ឬជាប់ចិត្ត, ដោយមេត្តា,ដោយស្នេហាជាដើម។ ឧទាហរណ៍៖ សេចក្តីស្រឡាញ់ដោយស្មោះត្រង់ធ្វើឲ្យយើងទទួលបាននូវសុភមង្គលពិតប្រាកដ។
១៦) «ថានន្តរ» និង «ឋានន្តរ» ពាក្យណាត្រឹមត្រូវ?
ក្នុងចំណោមពាក្យ«ថានន្តរ»និង«ឋានន្តរ»ទាំងពីរនេះ មានតែពាក្យមួយប៉ុណ្ណោះ ដែលត្រឹមត្រូវតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត គឺ«ឋានន្តរ»។ ពាក្យ«ឋានន្តរ»នេះ មានន័យថា ជាលំដាប់ មុខងារ ថ្នាក់ងារ ថ្នាក់ស័ក្តិយស។ ឧទាហរណ៍៖ មានឋានន្តរជាអភិបាលស្រុក។
១៧) «ម៉ត់ចត់» និង «ហ្មត់ចត់» ពាក្យណាត្រឹមត្រូវ?
រវាង «ម៉ត់ចត់»និង«ហ្មត់ចត់»ពាក្យណាត្រឹមត្រូវ? តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលត្រឹមត្រូវគឺសរសេរជា«ហ្មត់ចត់»ដែលមានន័យថា ស្អាត, បរិសុទ្ធ, ប្រពៃ, ត្រឹមត្រូវ, គ្រប់គ្រាន់។ ឧទាហរណ៍៖ មនុស្សហ្មត់ចត់, ធ្វើការហ្មត់ចត់, ចិត្តហ្មត់ចត់, គំនិតហ្មត់ចត់ជាដើម។
១៨) «តំណែង» និង «ដំណែង» មានអត្ថន័យខុសគ្នាដូចម្តេច?
ការប្រើប្រាស់ពាក្យ«តំណែង»និង«ដំណែង»ពិតជាមិនដូចគ្នាទេ។ ពាក្យ«តំណែង»គឺសំដៅលើ អ្វីដែលគេតែងឲ្យ។ រីឯពាក្យ «ដំណែង» វិញគឺសំដៅលើ ការប្រែកាឡាខ្លួន។
បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាតបានបញ្ជាក់ពាក្យ «តំណែង» មានន័យថា អ្វីៗដែលគេតែងឲ្យ របៀបលំដាប់កិត្តិយសមន្ត្រី មុខក្រសួង មុខងារ ជាដើម។ ឧទាហរណ៍៖ លាចាកពីតំណែង ដាក់ឲ្យនៅក្រៅតំណែង។
ចំណែកឯពាក្យ «ដំណែង» មានន័យថាការប្រែកាឡាខ្លួន ប្រែភេទឲ្យមានបែបផ្សេងទីទៃពីរូបដើម។ ឧទាហរណ៍៖ យក្ខីនីបានដំណែងខ្លួនធ្វើជាមនុស្សស្រីដែលមានសម្រស់ស្រស់ស្អាត។
១៩) រវាងពាក្យ «គំនូស» «គំនាស់» និង «គំនោះ» ខុសគ្នាដូចម្តេច?
ពាក្យទី១ «គំនូស»មានន័យថា ជាស្នាមដែលដិតជាប់មកពីនាយ ជាស្នាមគូសដែលមានស្រាប់ ស្នាមដែលត្រូវគេគូស។ ឧទាហរណ៍៖ មានស្នាមជើងដ៏ធំមួយ ដែលអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា ស្នាមជើងនោះជាស្នាមជើងរបស់មនុស្សដែលរស់នៅកាលពីសម័យអង្គរ។
ពាក្យទី២ «គំនាស់»មានន័យថា ការគាស់ឲ្យរបើក ឬគាស់ឲ្យចេញ។ ឧទាហរណ៍៖ ដើមឈើមួយដើមត្រូវបានគេគាស់ចេញពីតាមដងផ្លូវ ដោយសារតែដើមឈើនោះមានភាពពុកផុយទៅហើយ។
ពាក្យទី៣ «គំនោះ»មានន័យថា សូរដែលគោះ ការគោះឲ្យឮសំឡេងកក្រើកលាន់ឮខ្លាំង។ ឧទាហរណ៍៖ សំឡេងគោះជួងលាន់ខ្លាំង រូតរះឲ្យសិក្សានុសិស្សចូលរៀនឲ្យទាន់ពេលវេលា។
តួយ៉ាងរវាងពាក្យទាំងបីនេះ សាធារណជនប្រាកដជាប្រើប្រាស់ពាក្យពេចន៍ច្រឡំ ជាក់ជាមិនខាន បើសិនជាយើងមិនបានត្រួតពិនិត្យឲ្យច្បាស់លាស់នោះ។ ដើម្បីកុំឲ្យមានការភ័ន្តច្រឡំ ពាក្យពេចន៍អក្សរខ្មែរ និងជៀសវាងប្រើពាក្យខុស គួរយើងស្វែងយល់ដោយត្រួតពិនិត្យតាមរយៈវចនានុក្រមខ្មែរជាមុនសិន។
២០) «ជំរៅ» និង «ជម្រៅ» ជាព្យាង្គរាយ ឬព្យាង្គតម្រួត?
សាធារណជននិយមសរសេរ ពាក្យ «ជំរៅ»ជាព្យាង្គរាយ ការពិតសាធារណជនគួរបែរមកសរសេរពាក្យ«ជម្រៅ»ជាព្យាង្គតម្រួតវិញ គឺត្រឹមត្រូវ ទៅតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត។
ពាក្យ «ជម្រៅ»មានន័យថា ជាទីដែលជ្រៅ សភាពដែលជ្រៅ។ «ជម្រៅ»គុណសព្ទ មានន័យថា ជាទីជម្រៅ ទ្វារមគ្គស្ត្រី(ពាក្យបញ្ចៀស)។ ឧទាហរណ៍៖ កុំបណ្តែតបណ្តេយឲ្យក្មេងៗទៅលេងនៅជ្រោះ ពីព្រោះជ្រោះនោះវាជ្រៅណាស់។ យុវវ័យកុំលង់ខ្លួនជ្រៅនឹងស្នេហាពេក បែរមករកការសិក្សាវិញ ដើម្បីទទួលបានអនាគតល្អ។
២១) «ដំកើង» «តំកើង» និង «តម្កើង» ពាក្យណាត្រឹមត្រូវ?
សាធារណជនច្រើនតែប្រើពាក្យខុសដូចជា «ដំកើង», «តំកើង» ការពិតពាក្យដែលត្រឹមត្រូវគឺ «តម្កើង»។ ដែល«តម្កើង» មានន័យថា រាប់អានជាថ្កើង ធ្វើឲ្យថ្កើង ដាក់តម្កល់លើទីខ្ពស់។ ឧទាហរណ៍៖ យើងគ្រប់គ្នាត្រូវតែលើកតម្កើងអរិយធម៌ និងវប្បធម៌របស់ប្រទេសជាតិខ្លួន ដើម្បីឲ្យប្រទេសជាតិមានភាពល្បីល្បាយទូទាំងពិភពលោក។
២២) «ត្បិត» និង «ដ្បិត» តើមានអត្ថន័យខុសគ្នាយ៉ាងដូចម្តេច?
ពាក្យ «ត្បិត» មានធាតុផ្សំនឹងពាក្យ រឹត គឺរឹតត្បិត ដែលមានន័យថា ប្រិតខ្លាំង, ប្រិតប្រៀប, ត្បិតត្បៀត ពេក។ ត្រង់ហ្នឹងអាចបញ្ជាក់បានថា ជាបុគ្គលដែលសន្សំសំចៃ ដោយចាយលុយត្បិតត្បៀតណាស់។ ឧទាហរណ៍៖ កុំបណ្តែតបណ្តោយពេក ត្រូវរឹតត្បិតបន្តិចទៅ ត្រូវចាយប្រាក់រឹតត្បិត កុំខ្ជះខ្ជាយពេក ព្រោះប្រាក់ ពិបាករកណាស់។
ចំណែកឯពាក្យ «ដ្បិត» ប្រើរួមផ្សំជាមួយពាក្យ តែ គឺដ្បិតតែ ដែលមានន័យដូចជាពាក្យ ពីព្រោះតែ, ហេតុតែ, ដោយហេតុតែ។ ឧទាហរណ៍៖ ខ្ញុំមិនអាចទៅរៀនបានទេ ដ្បិតតែខ្ញុំឈឺធ្ងន់។ «ដ្បិត» ប្រើជាពាក្យកាព្យបុរាណថា៖ ទាហានថ្កើងដ្បិតសឹក ធ្វើស្រែដ្បិតទឹក ត្រឹកពលដ្បិតបាយ សិស្សប្រាជ្ញដ្បិតគ្រូ ជេរពាលដំវាយពលជាដ្បិតនាយ ហ្វឹកហ្វឺនដោយយកចិត្តទុកដាក់។
២៣) រវាងពាក្យ «លិច» និង «លេច» ខុសគ្នាដូចម្តេច?
ពាក្យ «លិច» សំដៅលើ ទិសខាងលិច លិចអណ្តែតទៅ លិបចុះបាត់ទៅ, ចូលកប់បាត់ទៅក្នុងទឹកជាដើម ដូចជា ទូកលិច។ «លិច»ប្រែមកថា អស្តង្គត មានន័យថា វិនាស ខូច បាត់បង់ អន្តរាយ លង់គំនិតជាដើម។ ឧទាហរណ៍៖ ព្រះអាទិត្យលិច, ថ្ងៃលិចផុតទៅ ធ្វើឲ្យអ្វីៗត្រូវងងឹតសូន្យ។ ល្ងង់មិនដឹងឯលិចឯកើត ល្ងង់ដូចជាមនុស្សវង្វេងទិស ឬល្ងង់មិនស្គាល់ទិស។
ចំណែកឯពាក្យ «លេច» មានន័យថា អ្វីមួយដែលលៀនចេញ ឬទុលចេញ ឆ្លាយ ឬលាន់ចេញ ផ្សាយចេញ បង្ហាញមុខ ឬចេញមុខឲ្យឃើញ។ ឧទាហរណ៍៖ មានគ្រាប់ឈើតូចមួយបានដុះលេចពន្លកចេញពីក្នុងដី ឬក៏សេចក្តីប្រកាសព័ត៌មានពី ក្រសួងធនធានទឹក និងឧតុនិយម បានលេចឮព័ត៌មានថា នឹងមានគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ ប្រជាជនត្រូវតែប្រុងប្រយ័ត្នខ្ពស់ឲ្យមែនទែន។
«លេច» ប្រើជាគុណនាមមានន័យថា ដែលមិនគត់ ដូចជាក្អមលេច ផ្ទះលេច ការុងលេច។ ឧទាហរណ៍៖មនុស្សមាត់លេច (មានន័យថា ជាមនុស្សមាត់ច្រើន មាត់ដាច មាត់មិនមានគម្រប ជាដើម)។
២៤) រវាង «ដុះ»និង «ដុស» មានអត្ថន័យខុសគ្នាដូចម្តេច?
ពាក្យ «ដុះ» មានន័យថា ការកកើត, ចាប់កំណើត, មានពន្លក, មានដើមទងឡើង។ គឺសំដៅលើ រុក្ខជាតិ ដែលរីកលូតលាស់ឡើង។ ឧទាហរណ៍៖ ស្រូវដុះរីកលូតលាស់ និង ពុកចង្កាដុះ។
ចំណែកឯពាក្យ «ដុស» មានន័យថា ការដុសខាត់, ខាត់ជម្រះឲ្យស្អាត, ដុសឲ្យរលីង និងដុសឲ្យជ្រះអស់មន្ទិល។ ឧទាហរណ៍៖ ការដុសធ្មេញឲ្យស្អាត ធ្វើឲ្យធ្មេញមិនមានដង្កូវស៊ី។
២៥) រវាង «លស់» «លួស» និង «លោះ» មានអត្ថន័យខុសគ្នាដូចម្តេច?
ពាក្យ «លស់» ជា(កិ) មានន័យថា ធ្វើឲ្យរលស់ គឺបន្ថយចំនួន ឬធ្វើឲ្យតិចចុះ មិនឲ្យនៅតាមចំនួនដើម : ក្នុងចំនួន ១០ លស់៣ចេញ នៅសល់៧ ។ រំលង៖គ្រុនលស់ គ្រុនរំលងថ្ងៃ គឺគ្រុនមួយថ្ងៃខានមួយថ្ងៃ ។ លស់ចោល រំលងចោលខ្លះ។ ដើរលស់ជំហាន ដើររំលងលំដាប់ជំហាន គឺឈានវែងខ្លះខ្លីខ្លះ ចម្រុះគ្នា ។ល។
ចំណែកឯពាក្យ «លួស» ជា(កិ) មានន័យថា កាត់, ច្រាស់ ទ្រួសៗ ឲ្យដាច់មែកតូចៗឬសំបករាក់ៗជាដើម : លួសមែកឈើ, លួសរនាប, លួសអំពៅ។ ឧទាហរណ៍៖ ក្នុងចំណោមដើមឈើដប់ដើម លួសចេញមួយដើម នៅសល់តែ៩ ដើម (ដើមឈើមានដប់ដើម កាប់មួយដើម នៅសល់តែ៩ ដើម)។ «លួស» ជា(នាម) មានន័យថា ខ្សែធ្វើដោយលោហធាតុផ្សេងៗ ឬធ្វើដោយប្រាក់, មាស : លួសស្ពាន់, លួសទង់ដែង, លួសសំណ, លួសប្រាក់, លួសមាស ។
ទី៣ ពាក្យ «លោះ» មានន័យថា ចេញថ្លៃយករបស់ដែលបញ្ចាំឬយកមនុស្សមកធ្វើជាទាសៈ ឬទាសី។ ឧទាហរណ៍៖ ការលោះយកខ្សែដៃមកវិញ ដោយបានបញ្ចាំក្នុងតម្លៃ ហុកសិបម៉ឺនរៀល។
២៦) តើពាក្យ «អវស្រ័យ» និង «អាស្រ័យ» មួយណាត្រឹមត្រូវ?
ពាក្យ «អវស្រ័យ» មានន័យថា ជាទីជម្រក, ទីស្នាក់អាស្រ័យ, ទីពឹងពាក់, ទីពឹងពាក់ពំនាក់អាស្រ័យ, អ្នកជួយទំនុកបម្រុង, អ្នកផ្ចុងផ្តើម។ ឧទាហរណ៍៖ សព្វថ្ងៃខ្ញុំបានបងប្រុសជាអវស្រ័យ។
ចំណែកឯពាក្យ «អាស្រ័យ» មានន័យថា ទីតាំង, ទីសម្នាក់, ទីនៅ, ទីជ្រក, ទីពឹងពាក់។បើប្រើជាកិរិយាសព្ទ « អាស្រ័យ» គឺសំដៅលើសេចក្តីច្រើនយ៉ាងគឺ ពឹងពាក់ ជ្រកកាន ប្រព្រឹត្តទៅបានដោយសារ ជួយគ្នាទៅវិញទៅមក។ ឧទាហរណ៍៖ ខ្ញុំអាស្រ័យលើអ្នកៗអាស្រ័យលើខ្ញុំ។ «អាស្រ័យ» ប្រើជានិបាតសព្ទ បានន័យថា ព្រោះ, ពីព្រោះ,ព្រោះហេតុតែ, ដោយសារតែ។ ឧទាហរណ៍៖ ព្រលិតជាដើម ដុះលូតលាស់អាស្រ័យទឹក និងដីភក់។
សរុបមកវិញ ពាក្យទាំងពីរនេះ អាចប្រើបានដូចគ្នា គ្រាន់តែភាគច្រើនសាធារណជននិយមប្រើ ពាក្យ «អាស្រ័យ»ច្រើនជាងពាក្យ «អវស្រ័យ»។ ប៉ុន្តែស៊ីសងលើអ្នកប្រើពេញចិត្តមួយណាជាង ហើយគិតថាពាក្យមួយណានិយមប្រើជាងតែប៉ុណ្ណោះ។
២៧) រវាង «កេតនភណ្ឌ» និង «បេតិកភណ្ឌ» មានអត្ថន័យខុសគ្នាដូចម្តេច?
ពាក្យ «កេតនភណ្ឌ» ទង់សម្រាប់ជាតិ ឬប្រទេស វត្ថុដ៏ឧត្តុង្គឧត្តម និងជានិមិត្តរូប។ ឧទាហរណ៍៖ តំណាងប្រទេសនីមួយៗ លុះត្រាតែមានសេរីភាព មានឯករាជ្យភាពពេញបរិបូរណ៌ ទើបហៅថា «កេតនភណ្ឌ»។
ពាក្យ «បេតិកភណ្ឌ»ទ្រព្យសម្បត្តិ ដែលមានជាប់ត មកពីខាងឪពុកម្តាយ ជីដូន ជីតា ឬទ្រព្យសម្បតិ្តជាកេរដំណែល ដែលបុព្វបុរសបន្សល់ទុកឲ្យ។ ឧទាហរណ៍៖ ប្រាសាទសម្បូរព្រៃគុក បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។
២៨) រវាង «តំរូវ» និង«តម្រូវ» ជាជើងរាយ ឬជើងតម្រួត?
កាលពីមុនមកឃើញថាសាធារណជននិយមសរសេរ«តំរូវ»ជាជើងរាយ។ តែការដែលប្រើពាក្យ«តំរូវ»ជាជើងរាយ មិនត្រឹមត្រូវតាមវេចនានុក្រមខ្មែរឡើយ។ គួប្បីបែរមកសរសេរ«តម្រូវ» ជាជើងតម្រួតវិញទើបល្អ។ «តម្រូវ» កិរិយាស័ព្ទមានន័យថា ធ្វើឲ្យត្រូវ,តម្រូវការឲ្យធ្វើ និងកែតម្រូវ៕
២៩) រវាង «ជំនះ» និង «ជម្នះ» មួយណាត្រឹមត្រូវ?
តាំងពីដើមមកសង្កេតឃើញថា សាធារណជនច្រើនតែសរសេរពាក្យ«ជំនះ»នេះ។ តែពាក្យ«ជំនះ»ពុំត្រឹមត្រូវតាមវេចនានុក្រុមខ្មែរឡើយ។ ពាក្យដែលត្រឹមត្រូវគឺ «ជម្នះ» មានន័យថា ការតាំងចិត្តធ្វើឱ្យឈ្នះ និងការខិតខំប្រឹងប្រែងធ្វើឱ្យឈ្នះរាល់ឧបសគ្គទាំងឡាយ។ ឧទាហរណ៍៖ ខ្ញុំហាមមិនឱ្យធ្វើ តែនៅតែជម្នះធ្វើទាល់តែបាន។
៣០) «អ៊ីចឹង» មិនមែន «អញ្ចឹង» ឬ «ឥញ្ចឹង» ទេ?
តាមវចនានុក្រម ជួន ណាត បានបញ្ជាក់យ៉ាងលម្អិតថា ការប្រើពាក្យ «អញ្ចឹង» ឬ «ឥញ្ចឹង» ពិតជាមិនត្រឹមត្រូវឡើយ។ ពាក្យដែលត្រឹមត្រូវល្អសមស្របនោះគឺ «អ៊ីចឹង» ដែលមានន័យថា យ៉ាងហ្នឹង ដូចហ្នឹង ដូច្នឹង។ ឧទាហរណ៍៖ កុំធ្វើអ៊ីចឹង មិនត្រូវឡើយ ធ្វើដូចនេះបានត្រឹមត្រូវ។
៣១) រវាង «ដំរាប់», «ដម្រាប់», «តំរាប់» និង «តម្រាប់» មួយណាត្រឹមត្រូវ?
ជាទម្លាប់របស់សាធារណជន ខ្លះសរសេរ «ដំរាប់» ខ្លះ«ដម្រាប់»ខ្លះ«តំរាប់»ខ្លះ«តម្រាប់»ជាដើម គឺធ្លាប់ដៃទៅហើយ។ ប៉ុន្តែសាធារណជន គួរបែរមកសរសេរពាក្យ«តម្រាប់»វិញ ទើបត្រឹមត្រូវ ទៅតាមវចនានុក្រមខ្មែរ សម្តេច ព្រះសង្ឃរាជ ជួន ណាត ដែលសរសេរជាជើងតម្រួត។ «តម្រាប់» មានន័យថា ជាគំរូ ដែលគួរតែធ្វើត្រាប់តាម បែបបទសម្រាប់ធ្វើតាម។ ឧទាហរណ៍៖ ត្រូវយកតម្រាប់តាមមនុស្សជោគជ័យ ទើបល្អប្រសើរក្រៃលែង។
៣២) រវាង «បរិបូរ», «បរិបូណ៌» និង «បរិបូរណ៍» មានអត្ថន័យដូចគ្នា
យោងតាមវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត រវាងពាក្យ «បរិបូរ» និង «បរិបូណ៌» ទាំង២នេះ មានថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា ជាដំណើរពេញលេញ គ្រប់គ្រាន់ សម្បូរបែប ដែលពេញគ្រប់គ្រាន់។ ឧទាហរណ៍៖ ខ្ញុំទទួលទានគ្រប់យ៉ាងបរិបូរហើយ។ ភោជនាហារបរិបូណ៌! អ្នកអញ្ជើញពិសារចុះ ខ្ញុំបរិបូណ៌ហើយ។
ចំណែកឯពាក្យ «បរិបូរណ៍» ប្រើជាពាក្យនាមសព្ទ មានន័យថា បរិបូរណ៍ដោយប្រាជ្ញា ជាហេតុនាំឲ្យស្គាល់ការពិត៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ thmeythmey