ខេត្តសៀមរាប ÷ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ចំនួន ០៦ភូមិ ក្នុង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការតវ៉ា ពីការរុះរើលំនៅដ្ឋានដែលដូនតារបស់ពួកគាត់រស់នៅតគ្នារាប់ ជំនាន់ រយឆ្នាំមកហើយនោះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចឲ្យឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង ជាប្រធានក្រុមការងារតម្រង់ទិស និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដំណើរដោយឯកឧត្តម លី សំរិទ្ធ អភិបាលខេត្តស្តីទី ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកដ្ឋាន អាជ្ញាធរស្រុក មេឃុំ បានចុះជួបសំណេះសំណាល ដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ទាំង០៦ភូមិ ក្នុងឃុំព្រះដាក់ ប្រមាណជាង៨ ពាន់នាក់ រួមទាំងប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដ៏ទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្នុងក្រុងសៀមរាប និង ប្រាសាទបាគង កាលពីព្រឹកថ្ងៃទី ០៧ ខែ តុលា ឆ្នាំ២០២២ នៅសាលាឃុំព្រះដាក់ ។
មានប្រសាសន៍សំណេះសំណាលនោះដែរ ឯកឧត្តម ជា សុផារ៉ា ក៏បានលើកឡើងអំពីប្រវត្តិសាវតា នៃការកសាងប្រាង្គប្រាសាទ ក៏ដូចជាការកសាងសំណង់ អាងទឹក (បារាយណ៍ខាងកើត) ក្នុងការតំកលទឹកសម្រាប់ទ្រទ្រង់គ្រឹះប្រាសាទ និង ប្រកបការងារកសិកម្មនាសម័យដើម ។ ឯកឧត្តមបានបន្តទៀតថា រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិក ភណ្ឌពិភពលោក នាឆ្នាំ១៩៩២ ហើយការដាក់បញ្ចូលនេះ ដោយរាប់បញ្ជូលគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដែលមាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដ៏ទៃទៀត ព្រមទាំងមរតកមនុស្សរស់ទៀតផង ។ ម៉្យាងទៀត មុនការដាក់បញ្ជូលជាសម្បត្តិ បេតិកភណ្ឌពិភពលោក ក៏ត្រូវបានក្រុមការងារចុះធ្វើសម្រងស្ថិតិប្រជាពលរដ្ឋ និង ខ្នងផ្ទះបងប្អូនរស់នៅក្នុងតំបន់ទាំងនោះ បានរួចរាល់ហើយផងដែរ។ ឯកឧត្តមឧបនា យករដ្ឋមន្ត្រីក៏បាន គូសបញ្ជាក់ផងដែរថា ក្នុងរយៈពេល១៨ឆ្នាំមកនេះ កំណើន នៃសំណង់ដែលបានកើតឡើងថ្មី មាន ៤៨.០០០គ្រួសារ ហើយនិយាយដោយឡែកនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី មានដល់២.៨៥៩ខ្នងផ្ទះក្នុងភូមិទាំង០៦ ដែលកើតឡើងតាមរយៈការបំបែកគ្រួសារ និង ការលក់ដូរឲ្យអ្នកចំណូលថ្មី ។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកនូវប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី មកបញ្ជាក់ ជូនបងប្អូនដែលមិនធ្វើការុះរើនៅក្នុងភូមិទាំង៦ របស់ឃុំព្រះដាក់ សុំឲ្យប្រកាន់ភ្ជាប់នូវទំនៀមទម្លាប់ដូនតារបស់ខ្លួន មិនត្រូវផ្លាស់ប្តូរអត្តសញ្ញាណនៃកំណើតរបស់បងប្អូន និងសុំកុំឲ្យមានការសាងសង់សំណង់ថ្មី ឬ ដោះដូរដីឲ្យអ្នកចំណូលថ្មី ដែលធ្វើឲ្យអន្តរាយខូចនូវអត្តសញ្ញាណ ក្នុងភូមិរបស់ខ្លួន ។
ឯកឧត្តមបានគូសបញ្ជាក់ថា បងប្អូនមានសិទ្ធិរស់នៅក្នុងភូមិបាននេះ ដោយមិនបានឲ្យរុះរើទៅណានោះឡើយ ហើយបងប្អូនមានសិទ្ធិគ្រប់គ្រង តែពុំបានផ្តល់កម្មសិទ្ធិឲ្យនោះឡើយ ហើយក៏មិនអាចបន្តដំណរកេរ្ត៍បាននោះដែរ ។ ក្នុងនោះដែរឯកឧត្តមក៏បានបញ្ជាក់ថា ដោយការយកចិត្តទុកដាក់របស់អង្គការយូនីស្កូ ឬ គណៈកម្មការ(ICC)អង្គរ បានធ្វើឲ្យ កំណើតភ្ញៀវទេសចរ មានការកើនឡើងនៅក្នុងតំបន់សៀមរាប ព្រមទាំងបានធ្វើការអភិរក្ស ជួសជុល ថែទាំប្រាសាទជាដើម ។ ឯកឧត្តមក៏បានគូសបញ្ជាក់ទៀតថា ដើមី្បជួយដល់រាជរដ្ឋាភិបាល ចូលបងប្អូនចូលរួមក្នុងការថែទាំអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល និង ដើមី្បឲ្យជៀសផុតពីការព្រមាន ពីសំណាក់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ។ ឯកឧត្តមក៏បានសំណូមពរផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋ មានសង់ផ្ទះនៅបាតបារាយណ៍ ប្រមាណជា ២០គ្រួសារ សុំធ្វើការបង្ខិតលំនៅដ្ឋានខ្លួន មកនៅទីទួលសុវត្ថិភាព ឬ ក៏ចង់បានទៅនៅទីតាំងថ្មី ក្រុមការងារនិង រៀបចំជូន និង ដើមី្បឲ្យក្រុមការងារអាជ្ញាធរជាតិអប្សរា ធ្វើការរៀបចំបាតផ្ទៃបារាយណ៍ ដែលបងប្អូនមិនបានបង្កបង្កើនផល នោះ ក្នុងការបញ្ចូលទឹកតំកល់ទុកឲ្យមាននៅបាតអាង និង ជួយទ្រទ្រង់ដល់គ្រឹះប្រាសាទ ព្រមទាំងការស្រោចស្រពផលដំណាំរបស់បងប្អូន ហើយក៏ជាការលើកនូវសោភណ្ឌភាពតំបន់រមណីយដ្ឋានអង្គរ ឲ្យមានភាពស្រស់ស្រាយ ប្រកបទៅ ដោយពណ៌បៃតង ក្នុងការទាក់ទាញ់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ហើយក៏ជាការបង្កើននូវជីវភាព និងប្រាក់ចំណូលដល់បងប្អូនទៀតផង ៕
ដោយ ÷ ពន្លឺ