ភ្នំពេញ ៖ មកទល់ពេលនេះគឺនៅសល់តែរយៈពេលបីខែប៉ុណ្ណោះដែលការបោះឆ្នោតសាកលជ្រើសតាំងតំណាងរាស្រ្តអាណតិ្តទី៦ (២០១៨ -២០២៣) នឹងចូលមកដល់។ ទោះបីជាប្រជាជនកម្ពុជាបានអបអរសាទរថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំច សំរិទ្ធីស័ក ពុទ្ធសករាជ២៥៦២ យ៉ាងសប្បាយរីករាយក្ដី ហើយអាកាសធាតុរដូវប្រាំងហួតហែងបានបន្ថយកម្ដៅបន្តិចជាមួយនឹងការភ្លៀងដើមឆ្នាំក៏ពិតមែន ប៉ុន្តែកម្ដៅនយោបាយកម្ពុជាហាក់មិនទាន់បានស្រាកស្រាន្តនៅឡើយ។ អ្នកនយោបាយប្រឆាំងមួយចំនួននៅតែជាប់ឃុំឃាំង ខ្លះបានរត់គេចទៅក្រៅប្រទេស ខ្លះសម្ងំស្ងាត់ស្ងៀមរង់ចាំសភាពការណ៍ និងខ្លះទៀតកំពុងបន្តយុទ្ធនាការទាមទារភាពយកស្របច្បាប់របស់ខ្លួនមកវិញ។ ប្រទេសមហាអំណាច លើកលែងតែចិន និងរុស្ស៊ី ប្រទេសមួយចំនួនដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសម្ចាស់ជំនួយ និងអង្គការអន្តរជាតិជាច្រើន រួមទាំងអង្គការសហប្រជាជាតិផង បានស្នើដោយទទូចឱ្យអ្នកនយោបាយខ្មែរបញ្ចុះកម្ដៅនយោបាយ។ ពួកគេអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ឡើងវិញនូវតួនាទីរបស់គណបក្សប្រឆាំង សង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ ដើម្បីបង្កបរិយាកាសអនុគ្រោះសម្រាប់ការបោះឆ្នោតមួយដែលសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានលក្ខណៈប្រជាធិបតេយ្យ។ ប្រសិនបើសំណើរបស់ពួកគេមិនត្រូវបានរដ្ឋាភិបាល និងគណបក្សកាន់អំណាចឆ្លើយតបជាវិជ្ជមានទេនោះ ពួកគេគម្រាមដាក់វិធានការណ៍កាន់តែខ្លាំងថែមទៀត ដែលអាចឈានទៅផ្ដាច់ជំនួយអភិវឌ្ឍន៍ទាំងស្រុង និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចថែមទៀត។
ស្ថិតនៅចំពោះមុខស្ថានការណ៍នេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់ អំណាចនិងប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តព្រងើយកន្តើយចំពោះសំណូមពរទាំងនោះ។ មិនតែប៉ុណ្ណោះ គេថែមទាំងចោទប្រកាន់ប្រទេសទាំងនោះថានៅពីក្រោយខ្នងគណបក្សប្រឆាំង និងប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាថែមទៀត។ គេនៅតែប្រើវោហាសាស្រ្តដដែលៗថា ការធ្វើបែបនេះគឺដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៏សម្រាប់ប្រទេសនិងប្រជាជនកម្ពុជា។ គេហៅខ្លួនឯងថាជាអ្នកផ្ដល់សន្តិភាពនិងការអភិវឌ្ឍន៏ ហើយហៅគណបក្សសង្រ្គោះជាតិគឺជាបដិវត្តន៍ពណ៌និងហិង្សា។ ពាក្យពេចន៍ទាំងអស់នោះសឹងតែក្លាយទៅជាមេសូត្ររត់មាត់ សម្រាប់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា មន្រ្តីរាជការតាមក្រសួង ស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កងនគរបាល និងគណៈការងារពង្រឹងមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ទៅហើយ។
តាមមើលទៅ ការបោះឆ្នោតសាកលខែកក្កដា ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក ទោះគ្មានគណបក្សសង្រ្គោះជាតិ បរិយាកាសនយោបាយអាប់អួរ និងអវត្តមានស្ថាប័នសង្គមស៊ីវិល និងសារព័ត៍មានឯករាជ្យក៏ដោយចុះ។ ស្ថានការណ៍នេះនឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគ ជ័យភ្លូកទឹកភ្លូកដីជាថ្មីម្ដងទៀតដូចលទ្ធផលឆ្នោតឆ្នាំ២០០៨ទៀតផង។ មកទល់ពេលនេះ គេមិនទាន់ឃើញសញ្ញាវិជ្ជមានណាមួយនៃការផ្ដល់នីតិសម្បទាឡើងវិញដល់គណបក្សសង្រ្គោះជាតិ និងមន្រ្តីជាន់ខ្ពស់ទាំង១១៨នាក់នៅឡើយទេ ហើយបរិយាកាសនយោបាយជាទូទៅក៏មិនទាន់បានល្អប្រសើរឡើងវិញនៅឡើយដែរ។ ទោះជាមានគណបក្សជាច្រើនបានប្រកាសចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខែកក្កដាក៏ដោយ តែគណបក្សទាំងនោះមើលទៅហាក់ដូចជាទៅចូលជួយបង្រ្គប់កិច្ចតែប៉ុណ្ណោះ ដោយមិនមានយុទ្ធសាស្រ្តនយោបាយសក្ដានុពលដើម្បីដឹកនាំប្រទេស ឬជួយកែប្រែគោលនយោបាយ និងអត្តចរិតដឹកនាំរបស់ប្រមុខដឹកនាំបក្សកាន់អំណាចទាល់តែសោះ។ សង្គមស៊ីវិល និងសារព័ត៍មានឯករាជ្យក៏នៅតែដំណើរការដោយលំបាក។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជាស្ថាប័នត្រូវនៅអព្យាក្រឹត្យពីគណបក្សនយោបាយ តែជាមនុស្សសំខាន់មកពីគណបក្សប្រជាជនកម្ពុជា បានប្រកាសថា ការបោះឆ្នោត នឹងប្រព្រឹត្តទៅតាមការគ្រោងទុក ទោះជាមាន ឬគ្មានបក្សប្រឆាំងក៏ដោយ។ លោកថា អវត្តមានគណបក្សសង្រ្គោះជាតិមិនមានន័យថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាត្រូវជាប់គាំងនោះទេ ព្រោះមានគណបក្សជាច្រើនទៀតដែលនឹងត្រូវចូលប្រកួតក្នុងការបោះឆ្នោតនេះ។ ជាមួយគ្នានេះ ប្រទេសចិន និងជប៉ុន ក៏បានជួយគាំទ្រហិរញ្ញវត្ថុដល់ការបោះឆ្នោត និងសន្យានឹងបញ្ជូនអ្នកសង្កេតការណ៍មកតាមដានការបោះឆ្នោត។ សូម្បីតែប្រទេសរុស្ស៊ីក៏ផ្ដល់ការគាំទ្រនិងសន្យាបញ្ជូនអ្នកសង្កេតការណ៍មកដែរ។
អ្នកវិភាគឯករាជ្យនានាបានលើកឡើងថា ក្រៅពីប្រទេសជប៉ុន ប្រទេសចិននិងរុស្ស៊ីជាប្រទេសមិនដែលមានកេរ្តិ៍ឈ្មោះល្អទាល់តែសោះក្នុងការរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
យ៉ាងណាមិញ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយចំនួនក៏មិននៅស្ងៀមដែរ។ ពួកគេ បានធ្វើយុទ្ធនាការការទូតជាបន្តបន្ទាប់ដោយទទួលបានជោគជ័យគួរឱ្យកត់សម្គាល់មួយចំនួន ជាពិសេស ចំពោះការគាំទ្រជាអន្តរជាតិចំពោះការផ្ដល់នីតិសម្បទាឡើងវិញដល់គណបក្សសង្រ្គោះជាតិនិងមន្រ្តីជាន់ខ្ពស់ទាំង១១៨រូប និងការអនុញ្ញាតឱ្យគណបក្សនេះបានចូលរួមប្រកួតប្រជែងការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ ក្នុងនោះដែរ ប្រទេសជប៉ុនដែលធ្លាប់តែមានប្រពៃណីការទូតស្ងប់ស្ងាត់ក៏បានស្នើឱ្យធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតពេលខាងមុខប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ។
នៅចំពោះមុខភាពព្រងើយកន្តើយរបស់គណបក្សកាន់អំណាច និងរាជរដ្ឋាភិបាលកម្ពុជាបែបនេះ ប្រជាជនខ្មែរជាច្រើន ជាពិសេសអ្នកមានសមានចិត្តជាមួយគណបក្សសង្រ្គោះជាតិគិតថា ពួកគេអាចនឹង មិនទៅបោះឆ្នោតទេ។ លោកសម រង្ស៊ី ដែលជាប្រធានចលនាសង្រ្គោះជាតិ ក៏បានអំពាវនាវឱ្យអ្នកបោះឆ្នោតធ្វើពហិកាការបោះឆ្នោតនាខែកក្កដាខាងមុខផងដែរ ប្រសិនបើគណបក្សសង្រ្គោះជាតិមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតទេនោះ។
ជាការពិតណាស់ អ្នកដែលធ្លាប់បោះឆ្នោតឱ្យគណបក្សសង្រ្គោះជាតិកាលពីបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ មានរហូតដល់ជាង៣លាននាក់ឯណោះ ជាចំនួនដែលប្រដំប្រសងនឹងអ្នកគាំទ្រគណបក្សកាន់អំណាចដែរ។ តែទោះជាយ៉ាងណាក្ដី ដោយសារច្បាប់បោះឆ្នោតកម្ពុជាមិនបានកំណត់ភាគរយអប្បបរមានៃអ្នកបោះឆ្នោតដែលអាចត្រូវបដិសេធន៍លទ្ធផលឆ្នោត និងការបោះឆ្នោតឡើងវិញនោះ ការមិនទៅបោះឆ្នោតមិនអាចបង្កបញ្ហាប្រឈមធំដុំសម្រាប់ការបោះឆ្នោតនេះឡើយ។ ប្រធាន គ.ជ.ប នាពេលថ្មីៗនេះបានថ្លែងថា ទោះបីអ្នកបោះឆ្នោតមានត្រឹម៥០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} ក៏អាចទទួលយកបានដែរ។
ដោយសារការបោះឆ្នោតសាកល ខែកក្កដា ឆ្នាំ២០១៨ នឹងត្រូវប្រព្រឹត្តទៅដោយគ្មានការកែប្រែនោះ គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីម្ដងទៀត ពីព្រោះគណបក្សសង្រ្គោះជាតិដែលជាគូប្រជែងដ៏មានសក្ដានុពល មិនបានចូលរួម ហើយមិនមានគណបក្សខ្លាំងណាមួយដែលធ្វើឱ្យអ្នកបោះឆ្នោតទុកចិត្តបាន។ អវត្តមានគណបក្សសង្រ្គោះជាតិនឹងធ្វើឱ្យអ្នកគាំទ្រគណបក្សនេះមិនទៅបោះឆ្នោត ដែលនឹងធ្វើឱ្យអ្នកបោះឆ្នោតភាគច្រើនលើសលុបជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ អ្នកទៅបោះឆ្នោតអាចមានចំនួនតិចត្រឹម៥០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004}ប្រសិនបើអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ បានធ្វើពហិកា ជាពិសេសជាមួយបទពិសោធន៍ដែលពួកគេទទួលបានពីការបោះឆ្នោតឆ្នាំ២០១៣ និង២០១៧ ដែលឆន្ទៈរបស់ពួកគេត្រូវបានគេរំលោភបំពាននោះ។ ទោះជាយ៉ាងណាក្ដី រាជរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ អាចនឹងបាត់បង់ធម្មានុរូបភាព ទាំងផ្ទៃជាតិនិងអន្តរជាតិ ដោយសារកង្វះការគាំទ្រពីអ្នកបោះឆ្នោតក្នុងចំនួនច្រើន និងមិនមានការគាំទ្រពេញលេញពីអន្តរជាតិ។
ទោះជាមានការរំពឹងទុកថា គណបក្សប្រជាជនកម្ពុជានឹងមានសំឡេងភាគច្រើនលើសលុប ទាំងនៅព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលនៅអាណត្តិទី៦ (២០១៨-២០២៣) យ៉ាងណាក្ដី គណបក្សនេះនឹងត្រូវបានទទួលរងការសើចចំអក និងរិះគន់ ទាំងពីមជ្ឈដ្ឋានប្រជាជនកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ។ ការបាត់បង់ធម្មានុរូបភាពពេញលេញបែបនេះនឹងបង្កើតឡើងនូវអសមានចិត្តគាំទ្ររាជរដ្ឋាភិបាលថ្មី ទាំងក្នុងមជ្ឈដ្ឋានជាតិក៏ដូចជាអន្តរជាតិ ដែលនឹងធ្វើឱ្យប៉ះពាល់មុខមាត់របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី។ ដោយប្រឈមមុខនឹងបញ្ហានេះ គេសង្ឃឹមទុកថា គណបក្សប្រជាជនកម្ពុជាអាចនឹងចចារផ្ដល់នីតិសម្បទាដល់គណបក្សសង្រ្គោះជាតិ និងមន្រ្តីជាន់ខ្ពស់របស់ខ្លួនទាំង១១៨រូបឡើងវិញនៅក្នុងពេលណាមួយនាពេលខាងមុខនេះ។ ទោះជាយ៉ាងណាក្ដី គណបក្សសង្រ្គោះជាតិដែលអាចរស់ឡើងវិញនេះនឹងមិនមានអាសនៈណាមួយទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ រហូតដល់ការបោះឆ្មោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២។ ដូច្នេះ ដំណើរការទូទៅរបស់ស្ថាប័នជាតិពេញអាណត្តិទី៦ (២០១៨-២០២៣) នឹងប្រព្រឹត្តទៅដោយគ្មានគណបក្សសង្រ្គោះជាតិ៕
ដោយ ៖ ចាន់ថារស្មី