ខេត្តកែប៖ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះថ្មីចំនួន ០១ខ្នង ជូនដល់គ្រួសារអតីតយុទ្ធជននៅក្នុងមូលដ្ឋាន ។
អំណោយដ៏ថ្លៃថ្លាដើម្បីសុខុមាលភាពអតីតយុទ្ធជនផ្ទះថ្មីដែលបានប្រគល់ជូននាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ ការផ្តល់ជូននេះបានស្តែងឱ្យឃើញពី៖
ការដឹងគុណ៖ ចំពោះការលះបង់របស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិមាតុភូមិ។
ការយកចិត្តទុកដាក់៖ ការជួយសម្រួលដល់ការរស់នៅឱ្យមានភាពសមរម្យ និងមានសេចក្តីថ្លៃថ្នូរ ។
ដោយការយកចិត្តទុកដាក់គិតគូរជាប្រចាំពីថ្នាក់ដឹកនាំជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ និងគិតគូរជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជននៅទូទាំងខេត្តកែប ។ ជាក់ស្តែង ឯកឧត្តមតែងតែផ្តល់ការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងលើកកម្ពស់គុណភាពជីវិតរបស់ពួកគាត់តាមគ្រប់លទ្ធភាពដែលអាចធ្វើទៅបាន ។ “ផ្ទះថ្មីនេះមិនត្រឹមតែជាទីជម្រកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់ភាពកក់ក្តៅ និងការទទួលស្គាល់នូវតម្លៃរបស់អ្នកដែលបានបម្រើជាតិ” ។
ដោយ ៖ សត្យា












