ខេត្តកំពត ៖ នៅពេលនេះ មហាជន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅក្រុងកំពត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបុគ្គលឈ្មោះ តុល ចំរើន ដែលពួកគាត់បានដឹងរឿងរ៉ាវច្បាស់អំពីបញ្ហាជម្លោះដីធ្លីរវាងលោក ម៉ែន ណារ៉ុង ជាមួយបុគ្គល តុល ចំរើន និងបក្សពួកខ្លួនមួយចំនួនទៀត។ អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះនៅត្រង់ថា ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរខ្លះហាក់នៅតែមានចម្ងល់ជាច្រើនជុំវិញដំណោះស្រាយវិវាទដីធ្លីខាងលើនេះ? ដែលនៅតែបន្តអនុញ្ញាតឱ្យជនរំលោភបំពានទ្រព្យសម្បត្តិអ្នកដ៏ទៃនៅតែអាចគេចពីសំណាញ់ច្បាប់បានដែរឬយ៉ាងណាក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលសំបូរដោយបញ្ញាវន្តជាអ្នកដឹកនាំ។
បើតាមការលើកឡើងរបស់លោក ម៉ែន ណារ៉ុង បានឲ្យដឹងថាពី១ថ្ងៃទៅ១ថ្ងៃ សកម្មភាពរំលោភបំពានរបស់បុគ្គលឈ្មោះ តុល ចំរើន កាន់តែមានលក្ខណៈរីកធំឡើងជាលំដាប់ដោយជននោះមិនបានខ្វល់ខ្វាយទៅនឹងការប្រឈមចំពោះមុខច្បាប់នាពេលខាងមុខនោះឡើយ។ មិនតែប៉ុណ្ណោះបុគ្គលឈ្មោះ តុល ចំរើន ថែមទាំងងាកមកប្តឹងម្ចាស់ដីយ៉ាងគឃ្លើនទៅវិញ ដោយចោទប្រកាន់ម្ចាស់ដីថាជាអ្នកមិនគោរពច្បាប់ បំពានកិច្ចសន្យា ហើយបានទាមទារយកដីពីលោក ម៉ែន ណារ៉ុង ដែលជាម្ចាស់ដីពិតប្រាកដ ដើម្បីយកទៅកាន់កាប់ទៀតផង។
បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវតាមរយៈការពិនិត្យមើលលើឯកសារ និងការធ្វើសម្ភាសន៍ម្ចាស់ដី និងភាគីពាក់ព័ន្ធជាសាក្សីជាច្រើននាក់ អង្គភាពសារព័ត៌មានយើងបានកត់សម្គាល់ឃើញថា ដើមហេតុដែលបង្កឱ្យកើតបញ្ហាជម្លោះដីធ្លីនេះឡើងដូចខាងក្រោម៖
នៅចន្លោះឆ្នាំ២០០៦ ដល់ ឆ្នាំ២០០៩ លោក ម៉ែន ណារ៉ុង បានទិញដីពីប្រជាពលរដ្ឋនៅទីតាំងមួយចំនួននៅខេត្តកំពត និងកោះកុង។ ដីជាច្រើនកន្លែងត្រូវបានប្រមូលទិញដោយអ្នកតំណាងរបស់លោក ម៉ែន ណារ៉ុង ហើយដំណើរការទិញដីប្រព្រឹត្តទៅយ៉ាងរលូន។ ដើមឡើយ ក្រុមដើរទិញដីឱ្យលោក ម៉ែន ណារ៉ុង គឺភាគច្រើនជាអ្នកខ្សត់ខ្សោយផ្នែកជីវភាព នឹងត្រូវបានមិត្តភក្តិម្នាក់របស់លោក ម៉ែន ណារ៉ុង ណែនាំឱ្យស្គាល់ និងស្នើសុំឱ្យលោក ម៉ែន ណារ៉ុង ជួយផ្តល់ឱកាសឱ្យមានការងារធ្វើផង។ ដោយមានការយោគយល់នឹងមិត្តភក្តិដែលធ្លាប់រាប់អានគ្នាជាច្រើនឆ្នាំនោះ លោក មែន ណារ៉ុង ក៏បានផ្តល់ឱកាសដល់មនុស្សប៉ុន្មាននាក់នោះឱ្យមានការងារធ្វើដោយចាំជួយដើរប្រមូលទិញដីជូនលោក ម៉ែន ណារ៉ុង ជាថ្នូរនឹងការផ្តល់ផលប្រយោជន៍ដល់ពួកគេ។ មុនដំបូងពួកគេមានភក្តីភាព និងបានគោរពតាមការចាត់តាំងរបស់លោក ម៉ែន ណារ៉ុង គ្រប់ៗគ្នាមិនបានបង្កបញ្ហាអ្វីដល់លោក ម៉ែន ណារ៉ុង ឡើយ។ ប៉ុន្តែក្រោយមកបន្តិច លោក ម៉ែន ណារ៉ុង បានជួបបញ្ហាផ្ទាល់ខ្លួនមួយដ៏ធំដែលត្រូវដោះស្រាយជាចាំបាច់ ហើយអំឡុងពេលនោះលោកបានចំណាយទាំងប្រាក់កាស និងពេលវេលាស្ទើរតែទាំងស្រុងផ្តោតលើការដោះស្រាយបញ្ហានោះដោយទុកការងាររកស៊ីដីធ្លីមួយអន្លើសិន។
ស្របពេលដំណាលគ្នានោះលោក ម៉ែន ណារ៉ុង កំពុងមមាញឹកដោះស្រាយបញ្ហា លោកក៏ត្រូវការអ្នកចូលរួមជួយសម្របសម្រួលដោះស្រាយបញ្ហា ក្នុងគោលដៅឈានទៅបញ្ចប់បញ្ហាទាំងស្រុងតែម្តង។ ហើយភាពចៃដន្យមានមិត្តភក្កិលោក ម៉ែន ណារ៉ុង ម្នាក់ទៀតឈ្មោះ អ៊ិម រតនា បាននែនាំឈ្មោះ តុល ចំរើន មកឱ្យលោក ម៉ែន ណារ៉ុង បានស្គាល់ហើយ ឈ្មោះ អ៊ិម រតនា បាននិយាយថា លោក តុល ចំរើន អាចចូលខ្លួនមកជួយសម្របសម្រួលដោះស្រាយបញ្ហាបានដោយលោក តុល ចំរើន ដើរតួនាទីជាអ្នកនៅកណ្តាលដើម្បីសម្របសម្រួលភាគីជម្លោះរវាងលោក ម៉ែន ណារ៉ុង នឹងភាគីម្ខាងទៀត។ ដោយទទួលបានការណែនាំពីមិត្តភក្តិ លោក ម៉ែន ណារ៉ុន ក៏បានយល់ព្រមអនុញ្ញាតឱ្យលោក តុល ចំរើន ចូលមកជួយកិច្ចការដោះស្រាយបញ្ហារបស់លោក នឹងឈានទៅធ្វើកិច្ចព្រមព្រៀងផ្ទៃក្នុងមួយរវាងលោក ម៉ែន ណារ៉ុង ជាមួយលោក អ៊ិម រតនា និងលោក តុល ចំរើន នៅដើមឆ្នាំ២០២១។ នៅក្នុងកិច្ចសន្យាជារួមបានឯកភាពឱ្យលោក តុល ចំរើន ឈរឈ្មោះតំណាងឱ្យលោក ម៉ែន ណារ៉ុង ដើម្បីធ្វើការចរចាជាមួយភាគីជម្លោះម្ខាងទៀត និងឈានទៅបញ្ចប់បញ្ហាឱ្យបានឆាប់និងឱ្យលោក តុល ចំរើន ចូលរួមដោះស្រាយដីធ្លីដែលកំពុងមានវិវាទនៅទីតាំងមួយចំនួនឱ្យចប់សព្វគ្រប់ នៅពេលដោះស្រាយចប់ជាស្ថាពរលោក តុល ចំរើន នឹងទទួលការបែងចែកប្រយោជន៍ចំនួន៣០%នៃលទ្ធផលដែលសម្រេចបាន។ ហើយស្របពេលជាមួយគ្នា លោក ម៉ែន ណារ៉ុង ក៏បានប្រគល់សិទ្ធិឱ្យលោក តុល ចំរើន អាចមានសិទ្ធិចាត់ចែងទៅលើដីធ្លីរបស់លោកមួយចំនួននៅខេត្តកំពតដើម្បីបានប្រាក់កាសយកមកដោះស្រាយបញ្ហា។ ក្នុងនោះលោក ម៉ែន ណារ៉ុង ក៏បានធ្វើកិច្ចសន្យាលក់ទិញដីធ្លីរបស់លោកចំនួន២ទីតាំងនៅខេត្តកំពតជាមួយលោក តុល ចំរើន តបតាមការស្នើរបស់លោក អ៊ិម រតនា និងលោក តុល ចំរើន ដោយដីជាច្រើនទីតាំងផ្សេងទៀតមិនត្រូវយកមកធ្វើកិច្ចសន្យាលក់ទិញជាមួយលោក តុល ចំរើន នោះទេ។
ក្រោយពីទទួលបានសិទ្ធិ និងអ្វីៗគ្រប់យ៉ាងដែលលោក ម៉ែន ណារ៉ុង បានផ្តល់ជូនក្នុងកាតព្វកិច្ចឱ្យទៅដោះស្រាយបញ្ហាទាំងឡាយនោះ លោក តុល ចំរើន បានឱកាសក៏ចាប់ផ្តើមប្រព្រឹត្តទង្វើក្បត់តែម្តង ដោយបានទិញទឹកចិត្តនិងបញ្ចុះបញ្ចូលសហការីរបស់លោក ម៉ែន ណារ៉ុង ទាំងអស់ដូចជា លោក យ៉យ សារេត, លោក ស្រី គឹមស្រ៊ុន លោក ឆៃ ហុង និងមនុស្សមួយចំនួនទៀតឱ្យចូលដៃជាមួយដើម្បីរំលោភយកទ្រព្យលោក ម៉ែន ណារ៉ុង។
ចាប់ពីពេលនោះមកបុគ្គលឈ្មោះ តុល ចំរើន បានចាប់ផ្តើមបំពានកិច្ចសន្យា និងប្រព្រឹត្តអំពើរំលោភយកដីខុសច្បាប់តែម្តង ថែមទាំងទៅចូលដៃ និងធ្វើការសហការជាមួយគូបដិបរបស់លោក ម៉ែន ណារ៉ុង ទៅវិញ។ មិនតែប៉ុណ្ណោះ បុគ្គលឈ្មោះ តុល ចំរើន បានដើរផ្សព្វផ្សាយព័ត៌មានមិនពិតទៅដល់អ្នកដែលស្គាល់លោក ម៉ែន ណារ៉ុង ទៅដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីគ្រប់លំដាប់ថ្នាក់ថា ខ្លួនទទួលបានសិទ្ធិគ្រប់យ៉ាងក្នុងការគ្រប់គ្រង និងចាត់ចែងដីធ្លីរបស់លោក ម៉ែន ណារ៉ុង ទាំងអស់ ប្រហាក់ប្រហែលនឹងអត្ថន័យថា ខ្លួនក្លាយជាម្ចាស់ថ្មីនៃដីធ្លីទាំងនេះទៅវិញ ក្នុងចេតនាបិទបាំងការពិត និងចង់ឱ្យមនុស្សទាំងអស់គ្នាងាកមកគាំទ្រទង្វើដ៏ល្ងីល្ងើរបស់ខ្លួន។
ដោយការពិតអត្ថន័យនៅក្នុងកិច្ចសន្យាផ្ទៃក្នុងបានបញ្ជាក់យ៉ាងច្បាស់ហើយថា លោក ម៉ែន ណារ៉ុង បានប្រើឱ្យលោក តុល ចំរើន ធ្វើកិច្ចការសម្របសម្រួលជម្លោះ និងដោះស្រាយបញ្ហាដីធ្លីឱ្យចប់ជាស្ថាពរ រួចលោក តុល ចំរើន នឹងទទួលបានប្រយោជន៍៣០%នៃលទ្ធផលដែលបានដោះស្រាយជោគជ័យប៉ុណ្ណោះ មិនមែនបំពានកិច្ចសន្យាចង់ស៊ីដាច់ដីរបស់គេទាំងអស់ដូច្នេះទេ។
គ្រាន់តែចុះកិច្ចព្រមព្រៀងប្រគល់ការងារឱ្យធ្វើភា្លម បុគ្គលឈ្មោះ តុល ចំរើន បានយកគ្រឿងចក្រទៅឈូសឆាយដីមួយកន្លែង និងបានជីកយកអាចម៍ដីទៅលក់តាមទំនើងចិត្ត ធ្វើឱ្យខូចទ្រង់ទ្រាយដី និងខូចសោភណភាពទីតាំងដីជាដើមដោយមិនខ្វល់អ្វីៗទាំងអស់។ ជាធម្មតា នៅក្នុងសកម្មភាពចុះមកទីតាំងដីបញ្ជាការ ឈូសឆាយ និងជីកយកអាចម៍ដី លោក តុល ចំរើន បានប្រើប្រាស់ឈ្មោះទាហាន គឺឈ្មោះ សូ សាវ៉ើត មានឋានន្តរស័ក្តិជាវរសេនីយ៍ទោ ពីមុនមានតួនាទីជាជំនួយការការិយាល័យព្រំដែន ហើយនៅពេលនេះមិនមានតួនាទីអ្វីទេ នេះបើតាមការឱ្យដឹងពីប្រភពព័ត៌មានពីមន្ត្រីយោធានៅក្នុងអង្គភាពជាមួយគ្នា។ ព្រមជាមួយគ្នា បុគ្គលឈ្មោះ តុល ចំរើន ក៏បានប្រើប្រាស់ឯកសណ្ឋានជាទាហាន និងប្រើរថយន្តពាក់ស្លាក់លេខ ខេមរភូមិន្ទ 2-9717 ។ បើតាមការបញ្ជាក់របស់លោក ម៉ែន ណារ៉ុង បុគ្គលឈ្មោះ តុល ចំរើន មិនមានជំនាញ និងគំនិតជាអ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យឡើយ បើជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យមែននោះ ព្រមទាំងដើម្បីចង់បានលុយទ្រង់ទ្រាយធំ ខណះទ្រង់ទ្រាយដីដើមនៅស្អាតល្អ បែរជាបុគ្គលនេះទៅឈូសឆាយធ្វើឱ្យខូចសោភណភាពនោះទេ ប៉ុន្តែបុគ្គលនេះតែងតែបង្ហាញអំនួតថា ខ្លួនជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដោយមានគម្រោងជាច្រើននៅក្នុងដៃ តាមពិតមិនមានទេ។ លើសពីនេះទៅទៀតបុគ្គលឈ្មោះ តុល ចំរើន បានសហការជាមួយលោក យ៉យ សារេត និងអាងអ្នកធំនៅពីក្រោយបានបន្តរំលោភយកដីលោក ម៉ែន ណារ៉ុង ជាច្រើនកន្លែងបន្ថែមទៀតនៅក្នុងខេត្តកំពត ដីខ្លះបានលួចចុះបញ្ជីធ្វើប្លង់រឹងរួច ដីខ្លះបានលួចផ្ទេរកម្មសិទ្ធិត្រៀមនឹងចុះបញ្ជីធ្វើប្លង់រឹង ដីខ្លះទៀតបានយកទៅលក់ទទួលបានលុយកក់មួយចំនួនហើយ និងដីខ្លះទៀតបានដាក់បញ្ចាំបានប្រាក់ចំនួន២៥ម៉ឺនដុល្លារ។ រាល់ការលក់ និងដាក់បញ្ចាំបានប្រាក់រាប់ម៉ឺនដុល្លារនោះ បុគ្គលឈ្មោះ តុល ចំរើន មិនបានរាយការណ៍ប្រាប់ឬយកមកជូនលោក ម៉ែន ណារ៉ុង នោះទេ ពោលគឺលក់ដីលោក ម៉ែន ណារ៉ុង ហើយយកប្រាក់ដាក់ហោប៉ៅផ្ទាល់ខ្លួនទៅវិញ។
តើការប្រព្រឹត្តទង្វើបំពានច្បាប់នៅក្នុងខេត្តកំពតយ៉ាងគឃ្លើនប៉ុណ្ណេះហើយ នៅមិនស្កប់ស្កល់ទៀត បុគ្គលឈ្មោះ តុល ចំរើន ថែមទាំងបានរំលោភយកដីធ្លី ផ្ទះសំបែងដែលជាកម្មសិទ្ធិរបស់លោក ម៉ែន ណារ៉ុង មួយចំនួននៅភ្នំពេញជាពិសេសតំបន់ជ្រោយចង្វារ ហើយបន្តពង្រីកសកម្មភាពរំលោភយកដីលោក ម៉ែន ណារ៉ុង ទៅដល់តំបន់ផ្សេងទៀតក្រៅពីខេត្តកំពតដូចជានៅ ស្រុកស្រែអំបិល ខេត្តកោះកុង ខណៈដែលលោក តុល ចំរើន បានក្លែងបន្លំឯកសារបំពានយកដីទំហំជាង២០០ហិចតា ដែលទ្រព្យទាំងអស់នេះខ្លួនមិនដែលបានយកប្រាក់សូម្បីមួយសេនទៅទិញនោះឡើយ។
ក្រៅពីការគប់គិតគ្នាជាមួយបក្សពួកលួចក្លែងបន្លំឯកសារ ដោយមានការចូលដៃចូលជើងពីមន្ត្រីម្នាក់ពីរនាក់ដើម្បីបន្លំយកដីលោក ម៉ែន ណារ៉ុង នោះ បុគ្គលឈ្មោះ តុល រំរើន ក៏បានធ្វើសកម្មភាពបំពារបំពានមួយចំនួនដោយមិនអៀនខ្មាស និងកោតញញើតច្បាប់នោះឡើយ។ ហើយបុគ្គលម្នាក់នេះ ក៏បាននាំគ្នីគ្នាទៅប្រមូលយករបស់របរ សម្ភារៈ ទាំងអស់ចេញពីលំនៅឋានរបស់លោក ម៉ែន ណារ៉ុង នៅកំពតព្រមទាំងយកឡានលោក ម៉ែន ណារ៉ុង ២គ្រឿងទៅលក់ និងបញ្ចាំ ធ្វើដូចរបស់របរ សម្ភារៈ ទាំងអស់ជារបស់ខ្លួនអីចឹង។ ភាពគឃ្លើន មិនត្រឹមតែប៉ុណ្ណេះទេ បុគ្គលរូបនេះថែមទាំងបានធ្វើសកម្មភាពចូលមកគ្រប់គ្រងទីតាំងទីស្នាក់ការរបស់លោក ម៉ែន ណារ៉ុង នៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ក្នុងគោលបំណងចង់គ្រប់គ្រង និងយកដីលោក ម៉ែន ណារ៉ុង ទាំងអស់នៅភូមិតាដឹប ដែលលោកបានទិញជាច្រើនឆ្នាំកន្លងមក។ ប៉ុន្តែ នៅខណៈពេលដែលបុគ្គលឈ្មោះ តុល ចំរើន មករំលោភទីស្នាក់ការរបស់លោក ម៉ែន ណារ៉ុង ពេលនោះលោក ម៉ែន ណារ៉ុង បានដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថខេត្តកំពត និងដឹងលឺដល់ថ្នាក់ដឹកនាំខេត្ត ក៏បានបញ្ជាឱ្យសមត្ថកិច្ចចុះចាប់ខ្លួនលោក តុល ចំរើន នៅពេលនោះ ។ តែដោយសារមានអ្នកខ្សឹបប្រាប់ព័ត៌មានដឹងមុន លោក តុល ចំរើន ក៏បានប្រាស់អាយុគេចពីការតាមចាប់ខ្លួននៅពេលនោះមួយរយៈធំ។
សម្រាប់លោក ម៉ែន ណារ៉ុង វិញ ចាប់តាំងពីលោកបានមើលឃើញទង្វើក្បត់ និងរំលោភកិច្ចសន្យារបស់លោក តុល ចំរើន រួចមក លោកក៏បានចាត់វិធានការច្បាប់ដោយដាក់ពាក្យបណ្តឹងជំទាស់ និងទប់ស្កាត់ទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រាប់ចាប់ពីមូលដ្ឋានរហូតដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នូវរាល់សកម្មភាពរំលោភបំពានរបស់លោក តុល ចំរើន ក្នុងចេតនាបន្លំយកដីលោក ម៉ែន ណារ៉ុង ក្រោមរូបភាពផ្សេងៗ។ ហើយជាមួយគ្នានោះលោកក៏បានប្តឹងរំលាយកិច្ចសន្យាដែលបានធ្វើឡើងកាលពីដើមឆ្នាំ២០២១ផងដែរ ប៉ុន្តែបុគ្គលឈ្មោះ តុល ចំរើន បានគេចវេសមិនព្រមផ្តិតមេដៃដោយហេតុថា ខ្លួនមានគោលបំណងបន្តរំលោភយកដី លោកម៉ែន ណារ៉ុង បន្តទៀត។ ចំណែកឯលោក អ៊ិម រតនា ដែលជាមិត្តភក្តិលោកម៉ែន ណារ៉ុង និងជាអ្នកណែនាំលោក តុល ចំរើន មកឱ្យលោក ម៉ែន ណារ៉ុង ស្គាល់ និងឈានដល់ចុះកិច្ចព្រមព្រៀងជាមួយនោះ លោក អ៊ិម រតនា ដោយមើលឃើញទង្វើល្មើសច្បាប់ និងអយុត្តិធម៌ដែលបុគ្គលឈ្មោះ តុល ចំរើន ធ្វើមកលើលោក ម៉ែន ណារ៉ុង នោះ លោក អ៊ិម រតនា ក៏បានសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងជាមួយលោក ម៉ែន ណារ៉ុង កាលពីថ្ងៃទី២៧ ខែមីនា ២០២៣ កន្លងទៅក្នុងនាមលោក អ៊ិម រតនា ជាភាគី “ខ” រួមជាមួយលោក តុល រើន នៅឡើយតែបុគ្គលឈ្មោះ តុល ចំរើន ជាមនុស្សប្រយោលដែលត្រូវបានគេណែនាំឱ្យលោក ម៉ែន ណារ៉ុង សោះ មានចិត្តលោភលន់នៅអង្កៀមចង់បានទ្រព្យរបស់អ្នកដទៃដោយគ្មានការអៀនខ្មាស់អ្វីបន្តិចសោះឡើយ។
ក្រោយគេចពីការតាមចាប់ខ្លួនមួយរយៈធំ បន្ទាប់ពីបានរំលោភចូលទីស្នាក់ការរបស់លោក ម៉ែន ណារ៉ុង ចេតនាចង់គ្រប់គ្រងទីតាំង និងចង់រំលោភយកដីលោក ម៉ែន ណារ៉ុង ទាំងអស់នៅភូមិតាដឹបដោយបំពានច្បាប់កាលពីចុងឆ្នាំ២០២២នោះ ថ្មីៗនេះលោក តុល ចំរើន បានបង្ហាញខ្លួនជាថ្មីនៅខេត្តកំពត និងបានធ្វើសកម្មភាពយ៉ាងងងើលបន្តឈូសឆាយ និងចាក់ដីដោយគ្មានការអនុញ្ញាតនៅលើដីទីតាំងដែលកំពុងដោះស្រាយមិនទាន់ចប់នៅឡើយ។ ត្រង់ចំនុចនេះទាំងអាជ្ញាធរ និងអ្នកច្បាប់មួយចំនួនបានលើកឡើងថា នេះគឺជាទង្វើបំពានច្បាប់ទាំងស្រុងព្រោះការឈូសឆាយ និងចាក់ដី មិនមានអាជ្ញាធរ ឬសាលក្រមតុលាការជាស្ថាពរណាមួយបានអនុញ្ញាតឱ្យបុគ្គលនោះធ្វើដូច្នេះទេ។
ងាកមកមើលសកម្មភាពរំលោភយកដីរបស់លោក ម៉ែន ណារ៉ុង នៅទីតាំងផ្សេងទៀតក្រៅពីខេត្តកំពត ដែលធ្វើឡើងដោយបុគ្គលឈ្មោះ តុល ចំរើន ត្រូវបានលោក ម៉ែន ណារ៉ុង លើកឡើងថា មួយរយៈពេលដែលបុគ្គលនេះគេចចេញពីការចាប់ខ្លួននៅខេត្តកំពតកាលពីចុងឆ្នាំ២០២២នោះ បុគ្គលឈ្មោះ តុល ចំរើន មិនបានរាងចាល់ និងញញើតច្បាប់នោះទេ បុគ្គលនេះបានងាកទៅលួចធ្វើសកម្មភាពវាទទីរំលោភយកដីលោក ម៉ែន ណារ៉ុង នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង វិញម្តង។ ដោយបានលួចធ្វើឯកសាក្លែងក្លាយបំភាន់ភ្នែកអាជ្ញាធរភូមិឃុំវាទទីយកដីលោក ម៉ែន ណារ៉ុង ប្រមាណ២០៤ហិចតា។ ប៉ុន្តែដោយមើលឃើញភាពមិនប្រក្រតី និងការប្តឹងជំទាស់ពីខាងភាគីលោក ម៉ែន ណារ៉ុង នោះសាលាស្រុកស្រែអំបិលមិនទាន់ទទួលស្គាល់ និងអនុញ្ញាតឱ្យបុគ្គលឈ្មោះ តុល ចំរើន បន្តនិតិវិធីរុញឯកសារឡើងទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកោះកុងបន្តទៀតទេ គឺទុកឯកសាររងចាំការដោះស្រាយ និងរងចាំការឯកភាពពីលោក ម៉ែន ណារ៉ុង តាមរយៈការផ្តិតមេដៃទទួលស្គាល់ជាមុនសិន។ លោក ម៉ែន ណារ៉ុង បានបន្តថា ចំពោះដីគាត់នៅខេត្តកោះកុងនេះ លោក មិនបានធ្វើកិច្ចសន្យាឱ្យលោក តុល ចំរើន ទៅជួយសម្របសម្រួលដោះស្រាយនោះហើយអ្វីៗពាក់ព័ន្ធនឹងបុគ្គលឈ្មោះ តុល ចំរើន លោក ម៉ែន ណារ៉ុង បញ្ជាក់ថា លោកបានប្តឹងរំលាយកិច្ចសន្យាចប់សព្វគ្រប់ហើយ ក្នុងនោះដៃគូបុគ្គលឈ្មោះ តុល ចំរើនដែលមានឈ្មោះនៅក្នុងកិច្ចសន្យាគឺលោក អ៊ិម រតនា ក៏បានយល់ព្រមបញ្ចប់កិច្ចសន្យាជាមួយលោក ម៉ែន ណារ៉ុង រួចជាស្រេចទៅហើយកាលពីដើមឆ្នាំ២០២៣កន្លងទៅ រឿងអីត្រូវបុគ្គលឈ្មោះ តុល ចំរើន មានសិទ្ធិទៅពាក់ព័ន្ធនឹងដីលោក ម៉ែន ណារ៉ុង នៅទីតាំងផ្សេងនាពេលនេះ។ ហើយលើសពីនេះទៀត នៅក្នុងសកម្មភាពរំលោភយកដីទំហំ២០៤ហិចតានៅទីតាំងថ្មីនេះ បុគ្គលឈ្មោះ តុល ចំរើន បានលួចធ្វើឯកសារក្លែងមួយដែលថា លោក ម៉ែន ណារ៉ុង បានព្រមព្រៀងឱ្យបុគ្គលឈ្មោះ តុល ចំរើន មានសិទ្ធិគ្រប់យ៉ាងក្នុងការចាត់ចែង និងលក់ដីរបស់លោក ម៉ែន ណារ៉ុង នៅទីតាំងខាងលើនេះដោយគ្មានវត្តមានលោក ម៉ែន ណារ៉ុង ។ លោក ម៉ែន ណារ៉ុង លើកឡើងថា លោកមិនអាចធ្វើកិច្ចព្រមព្រៀងរបៀបឆោតល្ងង់ដែលអនុញ្ញាតឱ្យគេមានសិទ្ធិគ្រប់យ៉ាងទាំងការចាត់ចែង និងលក់ដូរដោយគ្មានវត្តមានរបស់លោកនោះទេ លោកថានេះជាការលួចបន្លំធ្វើឯកសារក្លែងសុទ្ធសាធ។
ពាក់ព័ន្ធនឹងការចោទប្រកាន់លោក តុល ចំរើន ជាច្រើនករណីខាងនេះអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក តុល ចំរើន បានទេ ដោយទូរស័ព្ទលោក តុល ចំរើន ហៅចូលជាច្រើនដងមិនមានអ្នកទទួល។ តែទោះជាយ៉ាងណាបុគ្គលឈ្មោះ តុល ចំរើន នៅតែត្រូវបានចោទប្រកាន់ពីលោក ម៉ែន ណារ៉ុង ថា បុគ្គលកំពុងតែបង្កើនសកម្មភាពរំលោភដីធ្លីរបស់លោក ម៉ែន ណារ៉ុង មិនរាថយឡើយ បើតាមការបញ្ជាក់ពីលោក ម៉ែន ណារ៉ុង នៅពេលនេះបុគ្គលឈ្មោះ តុល ចំរើន កំពុងតែធ្វើការផ្សាព្វផ្សាយព័ត៌មានបំភ្លៃសាធារណជនថា លោក ម៉ែន ណារ៉ុង បានលក់ដីឱ្យបុគ្គលឈ្មោះ តុល ចំរើន អស់ហើយ ហើយនិយាយថាលោក ម៉ែន ណារ៉ុង គ្មានសិទ្ធិលើដីទាំងអស់នោះទៀតទេ។ ចំនុចនេះ ធ្វើឱ្យអតីតសហការីរបស់លោក ម៉ែន ណារ៉ុង មួយចំនួនធំបានជឿ និងត្រូវបានបុគ្គលឈ្មោះ តុល ចំរើន អូសទាញឱ្យងាកមកប្រឆាំងលោក ម៉ែន ណារ៉ុង វិញទាំងងងឹតងងុល តាមរយៈការបំភ្លៃព័ត៌មានផង និងតាមរយៈការទិញទឹកចិត្តដោយប្រាក់កាសផង។ ដោយឡែកលោក ម៉ែន ណារ៉ុង បានអះអាងរួចមកហើយថា លោកបានធ្វើកិច្ចសន្យាលក់ទិញដីជាមួយបុគ្គលឈ្មោះ តុល ចំរើន តែចំនួន២ប័ណ្ណនោះទេ ហើយនេះមិនមែនជាការលក់ទិញពិតប្រាកដទេ វាជាការផ្ទេរដីឱ្យបុគ្គលឈ្មោះ តុល ចំរើន យកទៅលក់ ឬដាក់បញ្ចាំដើម្បីយកប្រាក់មកប្រើប្រាស់។ តែផ្ទុយទៅវិញបុគ្គលឈ្មោះ តុល ចំរើន មិនគោរពតាមកិច្ចសន្យាទេ គេផ្ទេរសិទ្ធិឱ្យប្រើប្រាស់ដីតែ២ទីតាំងសោះ បែរជាលោភលន់ចង់យកដីលោក ម៉ែន ណារ៉ុង ទាំងអស់ទៅវិញដោយខំលួចធ្វើឯកសារក្លែងបន្លំអាជ្ញាធរជាច្រើនករណី។ លោក ម៉ែន ណារ៉ុង បញ្ជាក់ថា ការក្លែងឯកសារមួយចំនួនរបស់បុគ្គលឈ្មោះ តុល ចំរើន ទំនងជាធ្វើឡើងតាមរយៈអតីតសហការីលោក ម៉ែន ណារ៉ុង ម្នាក់ដែលបុគ្គលឈ្មោះ តុល ចំរើន ទិញទឹកចិតបានឈ្មោះ ឆៃ ហុង ហើយឈ្មោះ ឆៃ ហុង នេះជាអ្នកវាយឯកសារ និងរក្សាទុកឯកសារលោក ម៉ែន ណារ៉ុង ផ្សេងៗក្នុងកុំព្យូទ័រ ។ ដោយអំពើក្បត់ ឈ្មោះ ឆៃ ហុង នេះ បានលួចយកសេចក្តីព្រាង និងឯកសារផ្សេងៗទៅឱ្យបុគ្គលឈ្មោះ តុល ចំរើន ដែលសម្រួលដល់ការក្លែងឯកសាររបស់បុគ្គលឈ្មោះ តុល ចំរើន កន្លងមក។
ជារួមពាក់ព័ន្ធនឹងរឿងរ៉ាវដីធ្លីជាច្រើនករណីរបស់លោក ម៉ែន ណារ៉ុង ជាមួយបុគ្គលឈ្មោះ តុល ចំរើន ទាំងមតិសាធារណជន អាជ្ញាធរ និងអ្នកច្បាប់មួយចំនួនបានលើកឡើងទាំងចម្ងល់ និងផ្តល់គំនិតគួរត្រិះរឹះពិចារណាមួយចំនួនដែលមតិខ្លះលើកឡើងថា រឿងនេះចង់រកខុសរកត្រូវវាមិនពិបាកទេ។ បើបុគ្គលឈ្មោះ តុល ចំរើន ថាដីនោះជាដីរបស់គាត់តាំងពីដើមមក ឱ្យគាត់បង្ហាញឯកសារទិញលក់ និងប្រវត្តិនៃការទិញលក់មក ហើយកុំភ្លេចបង្ហាញពីរបៀបនៃការបង់លុយផង និងបង្ហាញឯកសារភស្តុតាងប្រគល់ និងទទួលប្រាក់ពីការទិញលក់មក។ ត្រង់ចំនុចនេះ ការស្រាវជ្រាវមិនបានរកឃើញឯកសារ ឬភស្តុតាងណាមួយបង្ហាញថា បុគ្គលឈ្មោះ តុល ចំរើន ជាម្ចាស់ដីដែលបានចំណាយប្រាក់កាសផ្ទាល់ខ្លួនទៅទិញដីនោះទេគឺបុគ្គលឈ្មោះ តុល ចំរើន បានតាមអំពើរំលោភលើកទំនុកចិត្ត។ បើលោក តុល ចំរើន មិនមែនជាម្ចាស់ដីពីដើមមក ហើយលោក ទើបនឹងទិញពីលោក ម៉ែន ណារ៉ុង ទាំងអស់សូមឱ្យគាត់បង្ហាញពីប្រតិបត្តការបង់ប្រាក់ឱ្យលោក ម៉ែន ណា រ៉ុង មក ព្រោះដីច្រើនកន្លែង និងដីខ្លះទៀតមានទំហំធំបើគិតជាសាច់ប្រាក់រាប់សិបលានដុល្លារឯណោះបើគិតពីទំហំផ្ទៃដីនិងតម្លៃលក់។
ចំនុចនេះក៏រកមិនឃើញមានភស្តុងតាមណាមកបញ្ជាក់ដែរ។ លើសពីនេះទៅទៀត បើឧបមាថា លោក ម៉ែន ណារ៉ុង មិនប្តឹងរំលាយកិច្ចសន្យាជាមួយលោក តុល ចំរើន ទៅចុះ ស្មារតីកិច្ចសន្យាកំណត់ថាបុគ្គលឈ្មោះ តុល ចំរើន ទទួលបានអត្ថប្រយោជន៍៣០% និងលោក ម៉ែន ណារ៉ុង ទទួលបាន៧០%នៃផ្ទៃដី ឬសាច់ប្រាក់ដែលទទួលបានពីការដោះស្រាយបញ្ហាចប់សព្វគ្រប់។ ប៉ុន្តែចំនុចនេះលោក ម៉ែន ណារ៉ុង អះអាងថា តាំងពីដើមមកបុគ្គលឈ្មោះ តុល ចំ រើន មិនធ្លាប់បានបំពេញលក្ខខណ្ឌនេះម្តងណាទេ មានតែគោលដៅមួយប៉ុណ្ណោះ គឺបុគ្គលឈ្មោះ តុល ចំរើន ប្រើគ្រប់វិធីទាំងអស់ឆ្ពោះទៅរកសិទ្ធិកាន់កាប់ និងសិទ្ធិចាត់ចែងអចលនទ្រព្យរបស់លោក ម៉ែន ណារ៉ុង ទាំងអស់និងទាំងស្រុង។
បើបុគ្គលឈ្មោះ តុល ចំរើន តាំងខ្លួនជាអ្នកគោរពច្បាប់ គោរពកិច្ចសន្យា ហេតុអ្វីបានជារាល់សកម្មភាពមានការលាក់បាំងមិនឱ្យលោក ម៉ែន ណារ៉ុង ដឹង ទាំងការយកដីទៅលក់ ទាំងការយកទៅដាក់បញ្ចាំ។ ហើយបានលុយពីការលក់ដី និងដាក់បញ្ចាំ ហេតុអ្វីមិនមានការបែកចែកមកលោក ម៉ែន ណារ៉ុង។ និយាយទៅមានរឿងរ៉ាវ និងករណីច្រើនណាស់ដែលបញ្ជាក់ពីការរំលោភលើទំនុកចិត្តរបស់លោក តុល ចំរើន មកលើលោក ម៉ែន ណារ៉ុង។
បន្ទាប់ពីធ្វើការសម្ភាសន៍ ទាំងមតិសាធារណជន អាជ្ញាធរ និងអ្នកច្បាប់មួយចំនួនបានចោទជាសំនួរដែលមានអត្ថន័យប្រហាក់ប្រហែលគ្នាថា ហេតុអ្វី ជនប្រព្រឹត្តល្មើសក្នុងសកម្មភាពជាច្រើនស្ទើរាប់ភ្លេចដូច្នេះហើយមិនត្រូវបានច្បាប់ដាក់ទោស? ហើយបែរជាមកប្តឹងម្ចាស់ដីដើមដែលជាអ្នកបានផ្តល់ឱកាសដល់ខ្លួនកាលពីដំបូងទៅវិញ?
សូមបញ្ជាក់ថា បន្ទាប់ពីធ្វើការសម្ភាសន៍ភាគីពាក់ព័ន្ធជាច្រើននាក់ និងពិនិត្យមើលលើឯកសារជាច្រើនបានរកឃើញថា មានរឿងរ៉ាវប្រទាក់ក្រឡាគ្នាជាច្រើន និងមានអ្នកចូលរួមគប់គិតប្រព្រឹត្តល្មើសយ៉ាងសកម្មមួយចំនួនទៀត ដែលអង្គភាពយើង នឹងយកមកធ្វើការផ្សព្វផ្សាយម្តងៗមួយៗជាបន្តបន្ទាប់ ជូនសាធារណជនបានដឹងកាន់តែច្បាស់ថែមទៀត៕
រាល់ការចោទប្រកាន់ខាងលើអង្គភាពយើងមិនសុំការបំភ្លឺពីលោក តុល ចំរើន បាននៅឡើយទេនាល្ងាចថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៥ នេះ ទោះយ៉ាងណាអង្គភាពយើងនឹងរង់ចាំការបំភ្លឺរាងរាល់ម៉ោងការងារ៕
ដោយ៖ សត្យា












