ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២៦នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ ក្រោមវត្តមានលោក លី សារី អភិបាលរងខេត្តសៀមរាប ។
លោក លឿម រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានមានប្រសាសន៍លើកឡើងថា ៖ ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់យល់ច្បាស់អំពីច្បាប់ស្តីពីផ្លូវថ្នល់ ការចូលរួមគ្រប់គ្រង និងប្រើប្រាស់ដីចំណីផ្លូវ នៅមានកម្រិត ដោយប្រជាពលរដ្ឋមួយចំនួននៅមិនទាន់យល់ច្បាស់អំពីច្បាប់ស្តីពីផ្លូវថ្នល់ ដោយធ្វើការទន្ទ្រានយកដីចំណីផ្លូវ សាងសង់សំណង់ តូបលក់ដូរ និងចាក់ដីលុបមុខទឹក ដោយដាក់លូមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចាក់លុបដីអាំងស្តុបទឹកតាមបណ្ដោយផ្លូវថ្នល់ ប្រឡាយ អណ្តូងលូ ដែលបណ្តាញអាចបណ្តាលឱ្យប៉ះពាល់ ដល់រចនាសម្ព័ន្ធផ្លូវថ្នល់ បន្ថែមពីនោះការដឹកលើសទម្ងន់ នៅតាមដងផ្លូវមួយចំនួន ជាពិសេសកំណាត់ផ្លូវដឹកជញ្ជូនថ្មគ្រប់ប្រភេទ ខ្សាច់ ដីស និងកសិផលផ្សេងៗ ជាកត្តាចំបងដែលបង្កឱ្យខូចខាតដល់ផ្លូវថ្នល់-ស្ពានធ្ងន់ធ្ងរ។
លោក លឿម រស្មី បានមានប្រសាសន៍បន្ថែមថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នឹងបន្តសិក្សាស្រាវជ្រាវរិះរកវិធានការថ្មី ថែទាំការពារផ្លូវថ្នល់ ឱ្យកាន់តែមានគុណភាព សុវត្ថិភាព ធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភណភាពទីក្រុង ផ្តល់ផាសុកភាព អ្នកប្រើប្រាស់ ផ្លូវ-ថ្នល់។
ក្នុងនោះដែរ លោក លី សារី អភិបាលរងខេត្តសៀមរាប ក៍បានមានប្រសាសន៍ណែនាំដល់មន្រ្ដីជំនាញពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូននៅក្នុងខេត្ដសៀមរាបទាំងអស់ ក្នុងបរិបទនៃកំណែទម្រង់ស៊ីជម្រៅ ការពង្រឹងអភិបាលកិច្ច នៃការផ្តល់សេវា និងគោលការណ៍ណែនាំថ្មីៗ ធ្វើយ៉ាងណា ត្រូវបន្តការសិក្សាស្រាវជ្រាវរិះរក វិធានការថ្មី ថែទាំការពារផ្លូវថ្នល់ ឱ្យកាន់តែមានគុណភាព សុវត្ថិភាព ធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភណ្ឌទីក្រុង។ដោយបច្ចុប្បន្នការងារសាធារណការ និងដឹកជញ្ជូនរបស់ខេត្តវិញ ក៏មានសន្ទុះរីកចម្រើនផងដែរ ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។ រីឯហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងជនបទ ដែលជាតម្រូវការចាំបាច់សម្រាប់ដឹកជញ្ជូនកសិកផល ទំនិញ និងមធ្យោបាយធ្វើដំណើរ យើងបានធ្វើការសាងសង់ និងជួសជុលកែលម្អ នូវផ្លូវថ្នល់គ្រប់ប្រភេទ បណ្តាញប្រព័ន្ធលូ ប្រឡាយរំដោះទឹកភ្លៀង និងទឹកកខ្វក់៕
ដោយ ៖ ពន្លឺ













