ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន ចំនួន ៣នាក់ និងដកហូតគ្រឿងញៀនជាង៤គីឡូក្រាម នៅចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ ពាក់ព័ន្ធការបង្ក្រាបនេះ ធ្វើឡើង បានចុះបង្ក្រាបករណី : ដឹកជញ្ជូនសារធាតុញៀនឆ្លងដែនពីប្រទេសឡាវឆ្លងដែនចូលមកប្រទេសកម្ពុជា ។
ប្រតិបត្តិការណ៏បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកម្លាំងជំនាញបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ។
កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមមាន :
1/- ឈ្មោះ ខឿន ឡុំ ភេទប្រុស អាយុ ៣៨ឆ្នាំ (កសិករ រស់នៅខេត្តស្ទឹងត្រែង) ។
2/- ឈ្មោះ នៅ វិសិទ្ធ ភេទប្រុស អាយុ ឆ្នាំ (ជាងរថយន្ត រស់នៅខេត្តក្រចេះ) ។
៣/- ឈ្មោះ ញឹម សុខា ភេទប្រុស អាយុ ៣៨ ឆ្នាំ (បុគ្គលិកលាងឡាន រស់នៅខេត្តក្រចេះ) ។
ចំពោះវត្ថុតាង ដែលដកហូតដកហូតរួមមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៥ដុំ ស្មើនឹងទម្ងន់សរុប ៤ គីឡូក្រាម និង 932,99 ក្រាម រថយន្តមួយគ្រឿង និង ម៉ូតូ (Wave) មួយគ្រឿង ទូរស័ព្ទដៃចំនួន ៤គ្រឿង ។
ករណីខាងលើនេះ តាមការស្រាវជ្រាវ ក្នុងចំណោមជនសង្ស័យទាំង ៣នាក់ គឺ ឈ្មោះ នៅ វិសិទ្ធ គឺជាមុខសញ្ញាគ្រោះថ្នាក់ដែលមានដីកាចាប់ខ្លួនចំនួន៣រួចមកហើយគឺជាបទល្មើសគ្រឿងញៀន (ដីកាចំនួន២ពីសាលាដំបូងខេត្តក្រចេះ និងសាលាដំបូងខេត្តមណ្ឌលគិរី ចំនួន១) ។
បច្ចុប្បន្ន កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កំពុងបន្តនីតិវិធីស៊ើបអង្កេតយ៉ាងហ្មត់ចត់! ដើម្បីស្វែងរកបក្សពួក និងមេខ្លោង ដែលនៅសេសសល់ យកទៅផ្តន្ទាទោសតាមច្បាប់ ៕














