រាជធានីភ្នំពេញ : នៅរសៀលថ្ងៃ០៦រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយសាច់ញាតិ មិត្តជិតឆ្ងាយ មិត្តភក្តិ អតីតលោកគ្រូអ្នកគ្រូមិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងរណ្តាប់ផ្សេងៗ ទៅកាន់វត្តព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្តុ ដើម្បីដំណើរការ ពិធីកាន់បិណ្ឌទី៧ តាមប្រពៃណីជាតិខ្មែរ ដែលមាន តាំងពីដូនតាមក។
ស្ថិតក្នុងទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងផ្លូវព្រះពុទ្ធសាសនា ម្ចាស់វេណទាំងនេះ បានមូលមតិគ្នាជាឯកច្ឆន្ទ ប្រគេននូវ បច្ច័យ និង ទេយ្យទាន មួយចំនួន វេរប្រគេនព្រះសង្ឃ ព្រះចៅអធិការវត្តព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្តុ ទុកជាកុសលបុណ្យ រៀងៗ ខ្លួនផង និងឧទ្ទិសដល់អ្នកដែលចែកឋានទៅផងដែរ៕
ដោយ ៖ វិបុល