ខេត្តកណ្តាល ៖ នៅរសៀល ថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្ដមអភិបាលខេត្តកណ្តាល បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកថវិកាមកជូនដល់អាជ្ញាធរ កងកម្លាំង មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ក្នុងស្រុកល្វាឯម សម្រាប់ជួយសម្រួលដល់ការចាត់វិធានការទប់ស្កាត់ជំងឺ កូវីដ-១៩ (COVID-19) និងបានចុះពិនិត្យផ្ទាល់នៅមន្ទីរពេទ្យបង្អែកស្រុកល្វាឯម ដើម្បីត្រៀមបង្ការទុកជាមុន ក្នុងករណីមានការរាលដាលជំងឺកូវីដ-១៩ (COVID-19)ផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលរងបានណែនាំដល់អជ្ញាធរស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ និងមណ្ឌលសុខភាពទាំងអស់ អោយយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលទើបមកពីប្រទេសថៃ និងប្រទេសផ្សេងៗទៀត តាមដានសុខភាព ជាពិសេសនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ និងថែរក្សាសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ជាមួយគ្នាត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានយល់ដឹងពីការថែរក្សាអនាម័យ និងការពារខ្លួនពីការឆ្លងជំងឺផងដែរ។
នាឱកាសនោះដែរ បានប្រគល់ថវិកាជូនដល់ អធិការស្រុក កងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក មន្ទីរពេទ្យបង្អែកស្រុក ការិយាល័យប្រតិបត្តិស្រុក មណ្ឌលសុខភាពឃុំ និងប៉ុស្តិ៍នគបាលឃុំ សរុបទាំងអស់ចំនួន៣៣លានរៀល៕
ដោយ ៖ វិបុល