ខេត្តក្រចេះ ៖ ក្រោយសាកសួរអស់រយៈពេល១ថ្ងៃពេញ គណៈ កម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានសម្រេចឃាត់ខ្លួន លោក គង់ គ្រឹង និងកូនប្រសារម្នាក់ពាក់ព័ន្ធនឹងបទ ល្មើសព្រៃ នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ នេះបើតាមការអោយដឹងពី ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យគណៈកម្ម ការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
ឧត្តមសេនីយ៍ត្រី អេង ហ៉ី បានប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ខណៈនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេ បញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្រប សម្រួលពីអយ្យការកម្លាំងអាវុធ ហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមាន ជនសង្ស័យ ឧកញ៉ា គង់ គ្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត»។
សូមរំលឹកថាកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ប្រធានក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានកោះហៅលោក គង់ គ្រឹង ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ជាកំហិត ។
ការកោះហៅលោក គង់ គ្រឹង ជាឈ្មួញឈើម្នាក់ដែរនោះ ត្រូវបានបញ្ជាក់ក្នុងលិខិតកោះហៅរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនោះថា ដើម្បីដំណើរការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវ៕
ដោយ ៖ វិចិត្រ