ខេត្ត មណ្ឌលគិរី ៖ កម្លាំងអាវុធហត្ថនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជូនឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣នាក់ទៀតឡើងតុលាការ ខេត្តមណ្ឌលគិរី ដើម្បីធ្វើការសួរនាំ ក្រោយពីត្រូវបានចាប់ខ្លួន ពាក់ព័ន្ធបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុក ថា «យើងបានបញ្ជូនពួកគេឡើងតុលាការហើយ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមផ្លូវច្បាប់ ដែលមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន និងបក្ខពួករបស់គាត់»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង ៤០គ្រឿងផងដែរ៕
ដោយ ៖ សុភា