ខេត្តបន្ទាយមានជ័យ ៖ តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតបានរាយការណ៍អោយអង្គភាពគេហទំព័រ www. rskynews.com ដឹងថាលោកវរ:សេនីយ៍ឯក សូ ចាន់ណារីមេបញ្ជាyការកងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ដែលជាម្ចាស់អាជីវកម្មរណ្ដៅដីជម្រៅក្បាលប្រេត បានប្រើប្រាស់រថយន្តរបស់រាជរដ្ឋាភិបាលជាច្រើនគ្រឿង ដែលជាអំណោយរបស់ សម្ដេចតេជោហ៊ុន សែន យកទៅដឹកជញ្ជូនដីលក់យ៉ាងអនាធិបតេយ្យពេញក្រុងប៉ោយប៉ែត ។
ប្រភពបានបន្ថែមថា លោកវរៈសេនីយ៍ឯក សូរ ចាន់ណារី មិនត្រឹម តែជាមេបញ្ជាការនគរបាលវរ:ការពារព្រំដែនគោកលេខ៩១១រក ស៊ីបើកច្រករបៀងឲ្យពលករនិងទំនិញគេចពន្ធចេញចូលយកលុយដាក់ហោប៉ៅទេ តែក៏ជាជំនួយការរបស់នាយឧត្តមសេនីយ៍ខេង សាម៉េត អគ្គស្នងការរងនគរបាលជាតិផងទើបមានអំណាចពេញដៃ ហ៊ានយករថយន្ដរដ្ឋដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុនសែន មកធ្វើអាជីវកម្មដឹកអាចម៍ដីលក់យ៉ាងអនាធិប តេយ្យបែបនេះ។
ការជីកកកាយដីជម្រៅដល់ក្បាលប្រេតរបស់លោកវរៈសេនីយ៍ឯក សូរ ចាន់ណារី ស្ថិតនៅចំណុច ភូមិសិលាខ្មែរ ឃុំអូបីជាន់ យកមកលក់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ គេមិនដឹងថា ការធ្វើអាជីវកម្មជីកកាយ រណ្តៅដីដឹកជញ្ជូនលក់របស់លោក សូ ចាន់ណារី នៅចំណុច ខាងលើនេះមានច្បាប់ពីក្រសួងស្ថាប័នពាក់ព័ន្ធដែរឬអត់នោះទេ ? ប៉ុន្តែអ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំង គឺការយក រថយន្តបែនរបស់រដ្ឋជាច្រើនគ្រឿងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន យកទៅដឹកដីលក់យ៉ាងអនាធិបតេយ្យ តាមអំពើចិត្ត ប្រៀបដូចជាកម្មសិទ្ធរបស់ខ្លួនអ៊ីចឹង! ។
មហាជននិងមន្ត្រីរាជការ ពិសេសកងកម្លាំងនគរបាលជាតិក្រោមឱវាទរបស់លោក សូរ ចាន់ណារី មានការថ្នាំងថ្នាក់ចិត្តចំពោះ ករណីលោក សូ ចាន់ណារី យកឡានរដ្ឋទៅធ្វើអាជីវកម្មប្រមូលលុយដាក់ហោប៉ៅផ្ទាល់ខ្លួនបែបនេះទៅវិញ។
ប្រជាពលរដ្ឋក្នុងក្រុងប៉ោយបែតបានសំណូមពរសុំអោយនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ខេង សាម៉េត អគ្គស្នងការរង នគរបាលជាតិ ចាត់វិធានការទប់ស្កាត់ឬដកហូតយករថយន្ត របស់សម្តេចតេជោទុកបំរើផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋវិញផង។
គួរជម្រាបផងដែរថាកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ មន្ត្រីគយក្រុងប៉ោយប៉ែត បានចាប់រថយន្តគេចពន្ធ១គ្រឿងម៉ាកតូយូតា ហ៊ីលុច្សរីវ៉ូ ស៊េរីឆ្នាំ២០១៧ ១គ្រឿងយក ទៅទុកនៅស្នាក់ការគយក្រុង ប៉ោយប៉ែត ។ ក៏ប៉ុន្តែសមត្ថកិច្ចគយចាប់រថយន្តគេចពន្ធនោះ បានតែមួយស្របក់ក៏ដោះលែងវិញ ក្រោយពេលដឹងថារថយន្តគេចពន្ធ នោះជារបស់លោកវរៈសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការនគរបាលវរៈការពារព្រំដែនលេខ៩១១។ លោក សូ ចាន់ណារី បានទិញរថយន្តពីស្រុកសៀម១គ្រឿងម៉ាកហ្វ័រធូន ពាក់ស្លាកលេខសៀម ដើម្បីជារបាំងសម្រាប់ការនាំចូលរថយន្តចង្កូតស្ដាំនិងរថយន្តគេចពន្ធពីទឹកដីសៀមចូលទឹកដីខ្មែរ។
តាមរយៈទង្វើបែបនេះលោក សូ ចាន់ណារី អាចរកប្រាក់ចំណេញពីការនាំចូលរថយន្តចង្កូតស្ដាំ និងរថយន្តគេចពន្ធ១គ្រឿងប្រមាណ៣ពាន់ដុល្លារអាមេរិក។នៅក្នុងអង្គភាពវរៈការពារព្រំដែនលេខ៩១១ លោក សូ ចាន់ណារី តែងតែដោះដូរស្លាកលេខសៀមពីរថយន្តស្របច្បាប់របស់គាត់ទៅបំពាក់លើរថយន្តគេចពន្ធ ហើយបើកពីទឹកដីសៀមចូលទឹកដីខ្មែរតាមច្រករបៀងដែលគ្រប់គ្រងដោយវរៈនគរបាលការពារព្រំដែនលេខ៩១១។
កន្លងមកលោក សូ ចាន់ណារី ប្រធាននគរបាលវរៈការពារព្រំដែនលេខ៩១១ ល្បីល្បាញយ៉ាងខ្លាំងក្នុងការឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុស ច្បាប់តាមច្រករបៀងជាច្រើនកន្លែងដើម្បីជាថ្នូរនឹងផលប្រយោជន៍ផងដែរ។
រាល់សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋខាងលើនេះអង្គភាព គេហទំព័រ www.rskynews.com យើងបានទាក់ទងសុំការបំភ្លឺពីលោក សូរ ចាន់ណារី តាមទូរស័ព្ទនារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះ តែលោកឆ្លើយថា លោកកំពុងនៅព្រៃមិនទាន់បានដឹងព័ត៌មានអីទេ តែបើចង់ដឹងព័ត៌មានសូមអញ្ជើញមកទីតាំងការិយាល័យរបស់លោក៕
ដោយ ៖ វិបុល