រាជធានីភ្នំពេញ ៖ ឯកត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ បាន និងកំពុងទទួលជួប ជជែកផ្ទាល់ជាមួយលោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា នៅទីស្តីការក្រសួងការបរទេស។
លោកស្រី រ៉ូណា ស្មីត បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែមេសាដើម្បីបំពេញទស្សនកិច្ច១១ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល១១ អ្នកជំនាញរូបនេះ បានជួបជាមួយមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តំណាងសង្គមស៉ីវិល និងសមាជិកសហគមន៍ការទូតមួយចំនួន តំណាងសហគមន៏មានទំនាស់ដីធ្លី ព្រមទាំងចុះទៅត្រួតពិនិត្យមជ្ឈមណ្ឌលសុំចតរាជធានីភ្នំពេញ (កន្លែងកែប្រែព្រៃស្ពឺ)។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បំពេញបេសកកម្មផ្លូវការជាទៀតទាត់មកកាន់ប្រទេសកម្ពុជា និងធ្វើរបាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលក្រុមប្រឹក្សានេះបានតែងតាំងលោកស្រីនៅក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីនឹងបង្ហាញរបាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងខែកញ្ញា ឆ្នាំ២០១៩។
កាលពីខែតុលា ឆ្នាំ២០១៨ លោកស្រី រ៉ូណា ស្មីត ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ១១ថ្ងៃផងដែរ ដោយក្នុងអំឡុងពេលទស្សនកិច្ចនោះ អ្នកជំនាញរូបនេះ បានជួបជាមួយមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តំណាងសង្គមស៉ីវិល និងសមាជិកសហគមន៍ការទូតមួយចំនួនផងដែរ៕
ដោយ ៖ វិបុល