រាជធានីភ្នំពេញ: ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងនេះនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ហើយនៅទល់មុខលោកតាម្ចាស់ស្រុក សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកលេងទាំងយប់ទាំងយ៉ាងថ្ងៃយ៉ាងគគ្រឹកគគ្រេង ខាងអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានធ្វើការបង្រ្កាបល្បែងហ្គេមបាញ់ត្រីនេះទេមូលហេតុអ្វីទៅ?
យោងតាមបទបញ្ជាលោក ស ថេត ចុះតាមហ្វេសបុកផ្លូវការរបស់លោកចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ជាអគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរនៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយដាក់បទបញ្ជាអោយគ្រប់ខណ្ឌទាំង១២ ចុះបង្ក្រាបអោយអស់នូវទូរហ្គេមបាញ់ត្រី ដែលជាដើមចមនៃបទល្មើសផ្សេងៗ និងគ្រឿងញៀនផងដែរ ហើយលោកក៏បានបញ្ជាអោយតាមដានប្រសិនបើបង្ក្រាបហើយ ហើយកើតមានទៀត តើនរណាជាអ្នកអនុញ្ញាតិអោយបើកវិញ។
ខាងក្រោមជាខ្លឹមសារដើម៖
ខ្ញុំបាទ ស ថេត ជាអគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា កន្លងទៅករណីបង្រ្កាបទូរហ្គេមបាញ់ត្រី បានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំដាក់បទបញ្ជាគ្រប់ខណ្ឌអោយបង្រ្កាបអោយអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអនុញ្ញាតអោយបើកវិញ?
ខ្ញុំសង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងសហការជាមួយខ្ញុំ ដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើងដែលកើតចេញពីកន្លែងដែលមានហ្គេមបាញ់ត្រី។
រួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញ!!!!!!
ប្រភពច្បាស់ការពីបងប្អូនប្រជាពលរដ្ឋ រស់នៅក្បែរនោះពួកគាត់បានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងខ្ញុំឲ្យដឹងថាមានផ្ទះបើកល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ទីតាំងល្បែងហ្គេមបាញ់ត្រីនេះស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយពួកគាត់និយាយបន្តថាមិនដែលឃើញខាងអាជ្ញាធរ ពាក់ព័ន្ធមានសមត្ថកិច្ចណាមិនហ៊ានចុះមកសួរនាំហើយធ្វើការបង្រ្កាបម្តងណានោះឡើយទេបងប្អូនប្រជាពលរដ្ឋសូមសំណោមពរដល់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការ នគរបាលរាជធានីភ្នំពេញ សូមលោក មេត្តាមានវិធានការចាត់កម្លាំងជំនាញចុះមកត្រួតពិនិត្យផ្ទះបើកល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់នៅខាងលើនេះផងដើម្បីធ្វើការបង្រ្គាប ឲ្យភូមិ ឃុំ មានសុវត្តិភាព៕
ដោយ ៖ សិរីបុត្រ