ខេត្តតាកែវ ៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ អង្គភាពគេហទំព័រអស្កាយញូសិ៍ បានទទួលព័ត៌បានច្បាស់ការណ៌មួយដែលមិនអាចបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា ៖ នៅវិទ្យាល័យសម្តេចឪ ឃុំសំរោង ខេត្តតាកែវ មានលោកគ្រូម្នាក់ដែលកំពុងបង្រៀននៅទីនោះត្រូវបានកូនរបស់លោកបានទូលពិតថាមិនបានចូលបង្រៀនឱ្យបានជាប់លាប់នោះទេ ដោយលោកគ្រូម្នាក់នោះទៅប្រកបកិច្ចការរត់ការឯកសារកាត់ប្លង់ដី និងចុះវាស់វែងដីជាមួយមន្ត្រីភូមិបាលស្រុកសំរោងទៅវិញ ។ ក្នុងថ្ងៃនេះ(វេលាម៉ោង១.៥០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥) អង្គភាពអស្កាយញូសិ៍បានបង្ហោះនៅក្នុងផេករបស់អង្គភាពដោយដាក់ចំណងជើងថា ៖ #ប្រភពពីអាណាព្យាបាលសិស្សនៅវិទ្យាល័យសម្តេចឪ ក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បានប្រាប់ឱ្យដឹងថា ៖ មានលោកគ្រូម្នាក់ មិនបានចូលបង្រៀនសិស្សក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នោះទេ ដោយបានទៅបំពេញការងារជាអ្នករត់ឯកសារនៅការិយាល័យភូមិបាលស្រុក សំរោងទៅវិញ ។ បើមានបងប្អូនណាបានដឹងជួយប្រាប់ផង!
បន្ទាប់មកនៅវេលាម៉ោង១១.៥០នាទីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ មានលេខទូរស័ព្ទ០៩៧៧៧៧០៧៥XX បានខលចូលមកលេខការិយាល័យនិពន្ធរបស់គេហទំព័រ អស្កាយញូសិ៍ ដោយលោកដែលហៅទូរស័ព្ទចូលមកនោះត្រូវបានក្រុមការងារយើងស្គាល់ថាជាអ្នកសារព័ត៌យូរម្នាក់ដែរ ក្នុងការសន្ទនាលោកម្នាក់នោះបានព្យាយាមបញ្ចុះបញ្ចូលឱ្យអង្គភាពយើងលុបអត្ថបទនោះចេញព្រមទាំងមានជាសារសម្លេងក្នុងតេឡេក្រាមផងដែរ ហើយលោកនោះបានបញ្ជាក់ថា៖ គ្រូបង្រៀនដែលបានទៅរត់ឯកសារប្លង់ដីនោះជាប្អូនថ្លៃរបស់គាត់ ហើយគាត់ជាអ្នកណែនាំឱ្យទៅធ្វើកិច្ចការនោះដើម្បីបានកម្រៃបន្ថែមទៀតដោយគ្រូនោះជាគ្រូបង្រៀនមុខវិជ្ជាកសិកម្ម។ ជាមួយនឹងការលួងលោមតាមរយៈទូរស័ព្ទ និងផ្ញើសារជាសម្លេងតាមរយៈតេឡេក្រាម អង្គភាពអស្កាយញូសិ៍មិនបានលុបចេញអត្ថបទតាមការស្នើសុំនោះទេ បន្ទាបមកលោកម្នាក់នោះបានផ្ញើសារចំនួន២ឃ្លីបនៅវេលាម៉ោង៤.៥៥នាទី និង៤.៥៩នាទីល្ងាច ដោយសម្លេងដូចជាអ្នកញៀនស្រា ដោយជម្រុញឱ្យអង្គភាពយើងមិនបាច់លុបចោលនោះទេ កុំឱ្យទើសចិត្ត….។
ទន្ទឹមនៅម៉ោង០៣.០១នាទីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ អង្គភាពព័ត៌មានយើងខ្ញុំបានផុសអត្ថបទមួយទៀតដែលមានចំណងជើងថា៖ តម្រុញខ្លះៗនៃគ្រូប្រចាំវិទ្យាល័យសម្តេចឪ ក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ដែលអាណាព្យាបាលសិស្សានុសិស្សមិនពេញចិត្តនោះ ត្រូវបានលាតត្រដាងបណ្តើរៗ!
ដោយឡែកនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ការិយាល័យនិពន្ធនាយកបានហៅទូរស័ព្ទទៅអ្នកគ្រូនាយក
ស សុខខេង តាមលេខ ០៩២ ៧០៧ ៥៧X ដើម្បីសុំអនុញ្ញាតិសួរពីលោកគ្រូម្នាក់ដែលត្រូវបានឪពុកម្តាយសិស្សរាយការណ៌មកសារព័ត៌មានថាមិនបានចូលបង្រៀន ដោយទៅរត់ឯកសារប្លង់ដីនោះវិញ។ ខណៈពេលនោះអ្នកគ្រូនាយកបានប្រាប់ឈ្មោះលោកគ្រូ អ៊ុំ បូរី គាត់បង្រៀនថ្នាក់ទី១០ មុខវិជ្ជាផែនដី ថ្នាក់ទី៧ មុខវិជ្ជាជីវវិទ្យាក្នុងឆ្នាំសិក្សា២០២៤-២០២៥ ។ ដោយម៉ោងលោកគ្រូ អ៊ុំ បូរី គាត់បង្រៀនបាន១៤ម៉ោងក្នុង១សប្តាហ៏។ ខណៈនោះលោកស្រីនាយកបានប្រាប់បន្ថែមថា៖ ដោយអ្នកគ្រូមានជម្ងឺមិនអាចនិយាយបានច្រើន សុំឱ្យអ្នកសារព័ត៌មានយើងទៅជួបនៅវិទ្យាល័យសម្តេចឪផ្ទាល់ ហើយក៏បានជម្រាបលាទៅ។ ក្រោយបន្តិចមកមានលេខទូរស័ព្ទមួយខ្សែទៀតលេខ ០៩២ ៤៩២៦៥X ដោយគាត់បានប្រាប់ឈ្មោះថា ជួប ហ៊ីង ជានាយករងនៃវិទ្យាល័យសម្តេចឪ ក្នុងឃុំសំរោង នោះ ហើយលោកបានប្រាប់បន្ថែមថា ករណីលោកគ្រូ អ៊ុំ បូរី នោះគឺគាត់បានមកបង្រៀនចំនួន ១២ (ដប់ពីរ)ម៉ោង ក្នុងមួយអាទិត្យ និងទទួលបន្ទប់ថ្នាក់មួយទៀត៤ម៉ោង តែម៉ោងដែលរដ្ឋប្រគល់ឱ្យបម្រើការងារចំនួន៤២(សែសិបពីរ)ម៉ោងក្នុងមួយអាទិត្យ មានន័យថាក្នុង១ថ្ងៃត្រូវបម្រើសាលាចំនួន៨(ប្រាំបី)ម៉ោងក្នុងមួយថ្ងៃ។ លោកបានបន្ថែមថាចំពោះប្រាក់ខែគ្រប់គ្រាន់ហើយ ។ ក្រុមការងារបានសួរបន្ថែមថា៖ បើមានប្រាក់ខែគ្រប់ហើយ ចុះហេតុអ្វីបានជាលោកគ្រូ អ៊ុំ បូរី ទៅធ្វើការងាររត់ឯកសារប្លង់ដីនៅការិយាល័យភូមិបាលស្រុកក្នុងម៉ោងការងារជូនរដ្ឋទៀត ។ លោកនាយករងឆ្លើយថា គាត់មិនដឹងទេ គឺជារឿងក្រៅរបស់បុគ្គលនោះទេ ។ សួរថា៖ តើអាចប៉ះពាល់ដល់ម៉ោងសាលាទេ លោកនាយកឆ្លើយថា មិនប៉ះពាល់ទេដោយអាចធ្វើការងារសាលានៅពេលយប់បានទៀត។ លោកនាយករងបានបន្ថែមថាគ្រូៗច្រណែនគ្នាណាស់បើមានអ្នកគ្រូលោកគ្រូណាមិនមកបង្រៀនហើយចាំបើកយកប្រាក់ខែនោះ ។
រាល់សំណួរ និងចម្លើយ ដែលឆ្លើយឆ្លងរវាងអ្នកសារព័ត៌មាន និងលោកស្រីនាយក ព្រមទាំងលោកនាយករងនៃវិទ្យាល័យសម្តេចឪ ក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ នោះសូមសាធារណៈជន និងថ្នាក់ដឹកនាំនៃការិយាល័យអប់រំ ស្រុកសំរោង មន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងអប់រំ ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សូមមេត្តាពិចារណា និងគួរធ្វើការស៊ើបអង្គេតករណីលោកគ្រូ អ៊ុំ បូរី ជាគ្រូប្រចាំនៃវិទ្យាល័យសម្តេចឪ ដែលត្រូវបានអាណាព្យាបាលសិស្សខ្សឹមប្រាប់ពួកអាឆ្លុះកង្កែបផងទាន ! ម្ស៉ាងទៀតបើរកឃើញថាលោកគ្រូ អ៊ុំ បុរី មិនបានបម្រើការងារជូនសាលាឱ្យបានគ្រប់៤២(សែសិបពីរ)ម៉ោងមែននោះ តើអ្នកណាជាអ្នកអនុញ្ញាត? បើលោកគ្រូនោះ មិនបានបម្រើការងារជូនសាលាឱ្យគ្រប់ម៉ោងផងក្នុងឆ្នាំសិស្សា២០២៤-២០២៥ តើអាចបើកប្រាក់ខែជារៀងរាល់ខែនោះអ្នកណាជាអ្នកអនុញ្ញាត? ក្រសួងអប់រំគួរស្វែងរកអ្នកចូលរួមប្រព្រឹត្តអំពើភូតភរកុហកថ្នាក់ដឹកនាំបានដែរឬទេ? និងមានវិធានការរដ្ឋបាលកម្រិត ណា? ។
នៅវេលាម៉ោង៦.៣៤នាទីព្រលប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារអស្កាយញូសិ៍បានទទួល សេចក្តីបំភ្លឺ ដែលមានខ្លឹមសារថា ” គណៈកម្មការទ្រទ្រង់វិទ្យាល័យសម្តេចឪ តំណាងសហគមន៍ និងគណៈគ្រប់គ្រងព្រមទាំងលោកគ្រូអ្នកគ្រូ វិទ្យាល័យសម្តេចឪទាំងអស់ សូមធ្វើការបដិសេធ ចំពោះការចុះផ្សាយព័ត៌មានរបស់អង្គភាពសារព័ត៌មាន អស្តាយ ញូស៍ (Rsky News) បានចុះផ្សាយថាគ្រូម្នាក់នៅវិទ្យាល័យសម្តេចឪ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ដែលអាណាព្យាបាលសិស្សមិនពេញចិត្ត ដោយពុំបានចូលបង្រៀនសិស្សក្នុងឆ្នាំសិក្សា ២០២៤- ២០២៥ នោះទេ ដោយទៅបំពេញការងារជាអ្នករត់ឯកសារការិយាល័យភូមិបាលស្រុកសំរោងទៅវិញ ដែលចុះផ្សាយកាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៥ និងបានចុះផ្សាយបន្ថែមទៀតនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥។
គណៈកម្មការទ្រទ្រង់ តំណាងសហគមន៍ គណៈគ្រប់គ្រង ព្រមទាំងលោកគ្រូ អ្នកគ្រូនៃវិទ្យាល័យសម្តេចឪ សូមធ្វើការបដិសេធទាំងស្រុងលើ ការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន អស្តាយញូស៏ RSKY News ចំពោះលោក គ្រូម្នាក់មិនបានចូលបង្រៀនសិស្ស ។
ដោយយោងបញ្ជីវត្តមានគ្រូក្នុងឆ្នាំសិក្សា ២០២៤-២០២៥ លោកគ្រូអ្នកគ្រូគ្រប់រូបក្នុងវិទ្យាល័យ សម្តេចឪ មិនដែលអវត្តមានក្នុងម៉ោងបង្រៀនឡើយ ។
ដូចនេះតាមការចុះផ្សាយរបស់សារព័ត៌មាន អស្តាយញូស៍ (Rsky News)ជាព័ត៌មានមិនពិតនោះទេ។ សូមធ្វើការកែតម្រូវឡើងវិញ ព្រោះការផ្សាយនេះ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសាលាទាំងមូល។
រាល់ការចោទប្រកាន់ចំពោះលោកគ្រូ អ៊ុំ បូរី នោះ ការិយាល័យនិពន្ធនាយកយើងខ្ញុំបាទហៅទូរស័ព្ទទៅកាន់លេខ០៩៦ ៦៩៥៥៨០៨ នាព្រឹកថ្ងៃទី០៤ ខែវិច្ឋិកា ឆ្នាំ២០២៥ ដែលមាននៅក្នុងបញ្ចីវត្តមានឈ្មោះ អ៊ុំ បូរី ចូលជាច្រើនលើកតែគ្មានអ្នកលើកទូរស័ព្ទនោះទេ ទោះយ៉ាងណាអង្គភាពគេហទំព័រ អស្កាយញូសិ៍ យើងខ្ញុំនិងរងចាំការបំភ្លឺជូនរាល់ម៉ោងធ្វើការ។
ចំពោះករណីលោកគ្រូ អ៊ុំ បូរី នេះដែលសិស្សទូលពិតឳពុកម្តាយថា មិនទៅបង្រៀននោះ មិនមែនជាអាយ៉ៃឆ្លងឆ្លើយ រវាងអ្នកកាសែតនិងនាយក នាយករងសាលា ទេ តែជាកាតព្វកិច្ចនៃក្រុមអធិការកិច្ច ក្រសួង មន្ទីរ និងការិយាល័យស្រុកជាដើម ដើម្បីចុះធ្វើអធិការស្វែងរកការពិត ដើម្បីលាងសម្អាតឱ្យលោកគ្រូបង្រៀនម្នាក់នោះផង និងវិទ្យាល័យទាំងមូលផង ជាជាងការឆ្លើយដោះសារដោយលោកស្រីនាយកសាលា គ្រាន់សំអាងទៅលើបញ្ជីវត្តមាន និងអវត្តមានមួយនោះ ការដោះបន្ទុកបែបនេះកាន់តែធ្វើឱ្យមានការសង្ស័យខ្លាំងឡើងថា អាចមានការប្រព្រឹត្តទង្វើបក្ខពួកពុករលួយក្នុងវិស័យអប់រំនៅវិទ្យាល័យ សម្តេចឳ ឃុំសំរោង ស្រុកសំរោង ថែមទៀត ទៅវិញព្រោះថាបើគ្មានសំរាមឆ្កែក៏វាមិនជុះដាក់ដែរ ។
ករណីនេះអ្នកកាសែតមិនមែនបង្រៀនក្រពើឱ្យចេះហែលទឹកនោះ ប៉ុន្តែបើសិនជាលោកស្រីនាយក និងលោកនាយករង វិទ្យាល័យសម្តេចឳ ស្រុកសំរោង ប្រាប់អ្នកកាសែតដោយខ្លីថា លោកស្រីនឹងរៀបចំឱ្យមានការធ្វើអធិការកិច្ច ចំពោះបុគ្គលនោះផ្ទាល់ ឬនឹងចុះស្រាវជ្រាវរឿងនោះ ទំនងប្រសើរជាជាងនិយាយការពារកូនចៅដូចគោដំប៉ៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ ដូចអ្វីដែលលោកស្រី និងថ្នាក់ដឹកនាំបំភ្លឺដល់អ្នកកាសែតអស្កាយញូសិ៍ជាទឡ្ហីករស្រាប់ ។
គួរកត់សម្គាលថា៖ បច្ចុប្បន្ននេះគេសង្កេតឃើញមន្ត្រីមួយចំនួន ដែលប្រព្រឹត្តកំហុសឆ្គងយ៉ាងក្រឡែត ហើយតែងតែប្រើវិធីដោះសារខុសទំនង តែយ៉ាងមានប្រសិទ្ធិភាព បានរួចទោស ជាជាងការកែកំហុសតាមរយៈ(សេចក្តីបំភ្លឺ លិខិតបដិសេធយ៉ាងមានប្រសិទ្ធិភាពគួរឱ្យជ្រិញ)។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនា ញុះញង់ បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ឬ ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕
ដោយ ÷ សត្យា













