ខេត្តសៀមរាប ÷ គណៈកម្មការ អាចារ្យ និងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្ត សុវណ្ណសាគរ ហៅកោះខ្សាច់ ស្ថិតនៅប្រមមាត់បឹងទន្លេសាបនៃ សង្កាត់ចុងឃ្នៀស ក្រុងខេត្តសៀមរាប ខេត្តសៀមរាប ព្រមទាំងពុទ្ឋបរិស័ទជិតឆ្ងាយបានមូលមតិគ្នាជាឯកច្ច័ន្ទរៀបចំអង្គកឋិនទាន សាមគ្គីដង្ហែរយកទៅវេរប្រគេនដល់ភិក្ខុសង្ឃវត្ត កោះខ្សាច់នេះ ដើម្បីទំនុកបំរុងដល់ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់រយៈពេលបីខែកន្លងមក កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
ថវិកាអមត្រៃនៃអង្គកឋិនសរុបចំនួនជាង៥៧លានរៀល នឹងបែងចែកទុកផ្គត់ផ្គង់ចតុបច្ច័យ និងចង្ហាន់ប្រចាំថ្ងៃព្រះសង្ឃ និងមួយចំនួនធំយកទៅជួសជុលផ្លូវបេតុងមានប្រវែងជាង ៣០០០មពីចំណុចកន្ឋាយគមទៅដល់វត្តដែលផ្លូវនេះបាន សាងសង់យូរមកហើយៗរងការស្រុតខូចជាច្រើនកន្លែងពិបាកក្នុងការធ្វើដំណើរ ដោយសារតំបន់នេះស្ថិតនៅជាប់ទន្លេសាបទឹកដក់យូរខែទំរាំដល់រដូវស្រកទៅវិញ។ នេះបើតាមការឱ្យដឹងពីព្រះគ្រូចៅអធិការវត្ត ក្រោយពេលបញ្ចប់ពិធីប្រគេននិងទទួលបរិវារកឋិន។
ព្រះគ្រូបញ្ញាវិសុទ្ធីរង្សី អកទ្ធមោ ម៉ៃ ភីរុណ ព្រះចៅអធិការវត្តបានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយសូមជួយបរិច្ចាគធនធានថវិកា សម្ភារៈទៅតាមលទ្ឋភាពដើម្បីឱ្យផ្លូវនេះមានសភាពល្អឡើងវិញសម្រាបួលដល់ការធ្វើដំណើររបស់ញាតិ ញោមក្នុងការទៅបំពេញបុណ្យនិងប្រកបមុខរបរផ្សេងៗ។
ព្រះតេជគុណ ម៉ៃ ភីរុណ បានសម្តែងនូវព្រះទ័យសោមនស្សសាទរចំពោះសទ្ឋាជ្រះថ្លារបស់ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយដែលបានស្រុះស្រួលគ្នាដង្ហែអង្គកឋិននេះឡើង ដែលសបញ្ជាក់ឱ្យឃើញពីស្មារតីសាមគ្គីជួយគ្នាទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចំរើនរុងរឿងគង់វង់នៅយូរអង្វែង បានផ្តល់កម្លាំងកាយ ចិត្តឱ្យដល់ព្រះភិក្ខុសង្ឃ ជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ។
ព្រះតេជគុណ មានសង្ឃដីកាថា៖ពុទ្ធបរិស័ទ ឬទាយកទាយិកាដែលជាអ្នកធ្វើបុណ្យកឋិនទានដោយមានចិត្តសទ្ធាជ្រះថ្លាមានចេតនាបរិសុទ្ធ និង ប្រគេនចំពោះសង្ឃរួចហើយ រមែងទទួលបានផលានិសង្សច្រើន ទាំងក្នុងបច្ចុប្បន្នជាតិ និងអនាគតជាតិ មានការទទួលនូវសម្បត្តិក្នុងឋានសួគ៌ទេវលោកជាដើម។
ចំណែកបដិគ្គាហកៈភិក្ខុដែលជាអ្នកទទួលក្រាលគ្រង និង អនុ មោទនាកឋិនត្រឹមត្រូវតាមព្រះវិន័យក៏ រមែងបានសម្រេចនូវអានិសង្ស ៥ យ៉ាងពេញលេញ ផងដែរ ។ បើតាមព្រះថេរៈដីការរបស់ព្រះចៅអធិការ ថា៖បុណ្យកឋិនទាន ជាទានមួយដែលប្លែកពីទានដទៃៗឯទៀត គឺ៖ប្លែកដោយកាល មានត្រឹមតែ២៩ ថ្ងៃតែប៉ុណ្ណោះ ប្លែកដោយអានិសង្ស អ្នកប្រគេនក៏បានអានិសង្ស និងអ្នកទទួលក្រាលគ្រងអនុមោទនាក៏បានអានិសង្ស។ ប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិនមាន៣ សង្ឃាដី ចីវរ ស្បង់ តែប៉ុណ្ណោះបច្ច័យនិងសម្ភារៈជាបរិវាររបស់កឋិន។ ប្លែកដោយអំពើគឺកឋិនអនុលោមទៅតាមព្រះវិន័យនៅពេលដែលញាតិញោមដង្ហែអង្គកឋិនមកដល់វត្តហើយគ្រាន់តែវេរប្រគេនព្រះសង្ឃហើយជាការស្រេច បន្ទាប់មកជាកិច្ចរបស់ព្រះសង្ឃប្រតិបត្តិទៅតាមព្រះវិន័យ ៕
ដោយ ÷ ពន្លឺ












