ខេត្តកំពត៖ បុគ្គលម្នាក់មានឈ្មោះ តុល ចំរើន ដែលបាន និងកំពុងរងការចោទប្រកាន់នៅក្នុងសកម្មភាពរំលោភយកដីធ្លីអ្នកដទៃជាច្រើនកន្លែងនៅក្នុងខេត្តកំពត និងខេត្តកោះកុង អស់រយៈពេលជាច្រើនឆ្នាំមកនោះ នៅពេលនេះកាន់តែបង្ហាញភាពគឃ្លើនរបស់ខ្លួនបន្ថែមទៀតដោយមិនញញើតសំណាញ់ច្បាប់បន្តិចសោះ។ ភាពគឃ្លើនដែលប្រជាពលរដ្ឋ និងអាជ្ញាធរនៅក្នុងខេត្តកំ ពតកំពុងមើលឃើញជាក់ស្តែងនឹងភ្នែកនោះ គឺបុគ្គល តុល ចំរើន បានបង្កើនសកម្មភាពល្មើសច្បាប់កាន់តែច្រើនឡើងៗដូចជា ការក្លែងឯកសារដីធ្លី ការលួចផ្ទេរកម្មសិទ្ធិដីធ្លីអ្នកដទៃមកដាក់ឈ្មោះខ្លួន និងផ្ទេរដាក់ឈ្មោះសាច់ញាតិខ្លួន ការបន្តវាតទីយកដីអ្នកដទៃទៅដល់កន្លែងផ្សេងៗទៀត ការយកដីអ្នកដទៃទៅប្រកាសដាក់លក់ធ្វើជារបស់ខ្លួន និងការបង្កើនការប្តឹងម្ចាស់ដីពិតប្រាកដទៅតុលាការជាច្រើនករណីក្នុងពេលតែមួយជាដើម។
គួររំលឹកឡើងវិញថាក្រោយគេចពីការតាមចាប់ខ្លួនពីសំណាក់សមត្ថកិច្ចដោយសារបានរំលោភចូលទីស្នាក់ការរបស់លោក ម៉ែន ណារ៉ុង ចេតនាចង់គ្រប់គ្រងទីតាំង និងចង់រំលោភយកដីលោក ម៉ែន ណារ៉ុង ទាំងអស់នៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត កាលពីចុងឆ្នាំ២០២២ បានមួយរយៈនោះ ថ្មីៗនេះស្រាប់តែបុគ្គល តុល ចំរើន បានបង្ហាញខ្លួនជាថ្មីនៅខេត្តកំពត និងអាងឧត្តមសេនីយ៍ម្នាក់នៅពីក្រោយខ្នង បង្កើនសកម្មភាពរំលោភយកដីលោក ម៉ែន ណារ៉ុង យ៉ាងងងើលជាទីបំផុត ។ មិនត្រឹមតែមិនបានខ្វល់ពីការរំលោភកុងត្រាដែលខ្លួនបានបំពានមកលើលោក ម៉ែន ណារ៉ុង អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះទេ ប៉ុន្តែ តុល ចំរើន នៅពេលនេះថែមទាំងបានបង្កើនការប្តឹងរករឿងចង់ចាប់លោក ម៉ែន ណារ៉ុង ដែលជាម្ចាស់ដីដើមពិតប្រាកដ មិនតិចជាង៥ករណីថែមទៀតផង។
ទន្ទឹមនឹងនោះមហាជនកំពុងតែមានការងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាបុគ្គល តុល ចំរើន គ្រាន់តែជាអ្នកដែលលោក ម៉ែន ណារ៉ុង ផ្តល់ឱកាសឱ្យមកជួយធ្វើកិច្ចការសម្របសម្រួលជម្លោះ និងដំណើរការចុះបញ្ជីដីធ្លីលោក ម៉ែន ណារ៉ុង ប៉ុណ្ណោះបែរជាមានលទ្ធភាពធ្វើសកម្មភាពរំលោភយកដីលោក ម៉ែន ណារ៉ុង ជាច្រើនកន្លែងយ៉ាងដូច្នេះ។ ត្រង់ចំនុចនេះ ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរដែលដឹងរឿងនេះច្បាស់សុទ្ធតែបានលើកឡើងក្រោមលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា មូលហេតុដែល តុល ចំរើន អាចមានលទ្ធភាពប្រព្រឹត្តទង្វើរំលោភច្បាប់នេះគឺដោយសារតែបុគ្គលរូបនេះ អាងឧត្តមសេនីយ៍ម្នាក់នៅពីក្រោយ ខណៈដែលពេលខ្លះឧត្តមសេនីយ៍ម្នាក់នោះបានបដិសេធថា ខ្លួនគាត់មិនបាននៅពីក្រោយនោះទេ ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មានយើង លោក ម៉ែន ណារ៉ុង បានធ្វើការបញ្ជាក់ដោយចំៗថា មូលហេតុដែលបុគ្គល តុល ចំរើន ហ៊ានបង្ករព្យុះភ្លៀងអស់រយៈពេលជាច្រើនឆ្នាំក្នុងសកម្មភាពរំលោភយកដីធ្លីរបស់លោក មិនចេះចប់មិនចេះហើយនោះ គឺដោយសារឈ្មោះ តុល ចំរើន បានអាងលោកឧត្តមសេនីយ៍មួយរូបនៅពីខាងក្រោយជួយគាំទ្រ និងចាំអន្តរាគមន៍ដែលជួយសម្រួលដល់សកម្មភាពរំលោភយកដីលោក ម៉ែន ណារ៉ុង ពីសំណាក់បុគ្គល តុល ចំរើន ។
លោក ម៉ែន ណារ៉ុង បានលើកឡើងថា ដំបូងឡើយលោកគិតថាអាចបុគ្គល តុល ចំរើន ប្រើឈ្មោះអ្នកធំដើម្បីធ្វើជាខ្នងបង្អែកដោយអ្នកធំរូបនោះប្រហែលជាមិនទាំងបានដឹងខ្លួនផងក៏មិនដឹង។ ប៉ុន្តែតាមរយៈការអង្កេតតាមដាន និងស្រាវជ្រាវឯកសារមួយចំនួនរួចមកបានរកឃើញថា មានអ្នកធំថ្នាក់ឧត្តមសេនីយ៍ម្នាក់ពិតជានៅពីក្រោយ និងបានគាំទ្របុគ្គល តុល ចំរើន ពិតប្រាកដមែន ហើយហេតុផលនេះហើយបានជាបុគ្គល តុល ចំរើន បន្តរំលោភបំពានយកដីលោក ម៉ែន ណារ៉ុង ឥតឈប់ឈរមកទល់បច្ចុប្បន្ននេះ។
ដើម្បីជម្រាបជូនសាធារណជនទូទៅក៏ដូចជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជាពិសេសស្នើសុំភាពយុត្តិធម៌ពីតុលាការ លោក ម៉ែន ណារ៉ុង បានធ្វើការរៀបរាប់អំពីដំណើររឿងយ៉ាងលម្អិតដូចតទៅ៖ នៅចន្លោះឆ្នាំ២០០១ ដល់ ឆ្នាំ២០០៩ លោក ម៉ែន ណារ៉ុង បានទិញដីពីប្រជាពលរដ្ឋនៅទីតាំងមួយចំនួននៅខេត្តកំពត និងកោះកុង ប៉ុន្តែរយៈកាលក្រោយមក លោក ម៉ែន ណារ៉ុង បានជួបបញ្ហាផ្ទាល់ខ្លួនមួយជាមួយដៃគូវិនិយោគជាជនជាតិបរទេសដែលលោកឧត្តមសេនីយ៍ម្នាក់ជាអ្នកតំណាងឱ្យខាងជនបរទេស។ ដោយសារតែជាប់មានរឿងរ៉ាងចម្រូងចម្រាសជាមួយដៃគូបរទេសនេះហើយ បានជាលោក ម៉ែន ណារ៉ុង មានភាពចាំបាច់ត្រូវរកអ្នកតំណាងរបស់ខ្លួន ឱ្យចេញមុខដើម្បីធ្វើការសម្របសម្រួលដោះស្រាយបញ្ហាដោយសន្តិវិធី។ ជាចៃដន្យមានមិត្តភក្កិលោក ម៉ែន ណារ៉ុង ម្នាក់ឈ្មោះ អ៊ិម រតនា បានណែនាំឈ្មោះ តុល ចំរើន មកឱ្យលោក ម៉ែន ណារ៉ុង បានស្គាល់ហើយ ឈ្មោះ អ៊ិម រតនា បាននិយាយថា តុល ចំរើន អាចចូលខ្លួនមកជជែក និងសម្របសម្រួលដោះស្រាយបញ្ហាបានជាមួយភាគីម្ខាងទៀត ដោយលោក តុល ចំរើន ដើរតួនាទីជាអ្នកនៅកណ្តាលដើម្បីដោះស្រាយបញ្ចប់ជម្លោះរវាងលោក ម៉ែន ណារ៉ុង នឹងភាគីម្ខាងទៀត។
ដោយទទួលបានការណែនាំពីមិត្តភក្តិផង លោក ម៉ែន ណារ៉ុន ក៏បានយល់ព្រមអនុញ្ញាតឱ្យ តុល ចំរើន ចូលមកធ្វើកិច្ចការនេះដោយធ្វើលិខិតប្រគល់សិទ្ធិនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២។
ក្រោយពីទទួលកិច្ចការពីលោក ម៉ែន ណារ៉ុង យកទៅធ្វើក្នុងកាលៈទេសៈមួយដែលមានការជម្រុញ និងអន្តរាគមន៍ពីថ្នាក់ដឹកនាំឱ្យបញ្ចប់បញ្ហាឱ្យបានឆាប់ផងនោះ វិវាទរវាងលោក ម៉ែន ណារ៉ុង ជាមួយដៃគូបរទេសដែលតំណាងដោយលោកឧត្តមសេនីយ៍ម្នាក់ បានឈានទៅដល់ការសះជាគ្នា និងការបញ្ចប់បញ្ហាទាំងស្រុង និងបានធ្វើកិច្ចព្រមព្រៀងបញ្ចប់វិវាទរវាង តុល ចំរើន ជាមួយភាគីម្ខាងទៀត នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២។
នៅក្នុងស្មារតីនៃកិច្ចព្រមព្រៀងបញ្ចប់វិវាទបានចែងថា លោកឧត្តមសេនីយ៍ដែលតំណាងឱ្យជនបរទេសដែលជាភាគី “ក” បានសុខចិត្តយល់ព្រមដកខ្លួនឈប់ធ្វើជាតំណាងដើមបណ្តឹងរដ្ឋប្បវេណី នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៦៦០ ចុះថ្ងៃទី ១៨-០៣-២០០៩ និងលេខ ៧៤៤ ចុះថ្ងៃទី ២០-០៣-២០០៩ របស់សាលាដំបូងរាជធានីភ្នំពេញ និងសំណុំរឿងព្រហ្មទណ្ឌលេខ ៧០៥ ចុះថ្ងៃទី ១៤-០៩-២០១០ របស់សាលាឧទ្ធរណ៍ និងសុខចិត្តយល់ព្រមឱ្យសាលាដំបូងរាជធានីភ្នំពេញ លុបចោលវិញនូវដីកាសម្រេចឃាត់ទុកទ្រព្យសម្បត្តិលេខ ៥៥៨០ ត.ព្រ ចុះថ្ងៃទី ០៨-០៤-២០០៩ និងលេខ ៨៣៣៤ ត.ព្រ ចុះថ្ងៃទី ០៥-០៦-២០០៩ លេខ ៨៧៤៥ ត.ព្រ, ៨៧៤៦ ត.ព្រ, ៨៧៤៧ ត.ព្រ, ៨៧៤៨ ត.ព្រ ចុះថ្ងៃទី ១១-០៦-២០០៩ និងលេខ ១០៧៤៤ ត.ព្រ ចុះថ្ងៃទី ០៩-០៧-២០០៩ ឱ្យទៅឈ្មោះ ម៉ែន ណារ៉ុង ជាកម្មសិទ្ធិទៅតាមនិតិវិធីនៃច្បាប់។ ដោយឡែកលោក តុល ចំរើន ភាគី “ខ” ជាអ្នករៀបចំសំណុំឯកសារដាក់ជូនតុលាការគ្រប់ជាន់ថ្នាក់តាមការព្រមព្រៀងដូចមានចែងនៅក្នុងប្រការ១នៃកិច្ចព្រមព្រៀង។
ក្រៅពីកិច្ចការជជែកសម្របសម្រួលបញ្ចប់វិវាទទាំងស្រុងរវាងលោក ម៉ែន ណារ៉ុង ជាមួយគូបដិបក្ស ចំពោះលោក ម៉ែន ណារ៉ុង ក៏បានយល់ព្រមឱ្យលោក តុល ចំរើន ចូលរួមជួយធ្វើកិច្ចការដោះស្រាយបញ្ហាដីធ្លី និងរត់ការចុះបញ្ជីដីធ្លីជាច្រើនកន្លែងរបស់លោក ម៉ែន ណារ៉ុង បន្ថែមពីលើកិច្ចការសម្របសម្រួលបញ្ចប់វិវាទលើកមុន និងឈានទៅដល់ការធ្វើកិច្ចព្រមព្រៀងផ្ទៃក្នុងមួយរវាងលោក ម៉ែន ណារ៉ុង ជាភាគី “ក” ជាមួយលោក អ៊ិម រតនា និងលោក តុល ចំរើន ជាភាគី “ខ” នៅដើមឆ្នាំ២០២១។ នៅក្នុងកិច្ចសន្យាជារួមបានឯកភាពឱ្យលោក តុល ចំរើន តំណាងឱ្យលោក ម៉ែន ណារ៉ុង ដើម្បីធ្វើការចរចា និងដោះស្រាយដីធ្លីដែលកំពុងមានវិវាទនៅទីតាំងមួយចំនួនឱ្យចប់សព្វគ្រប់ នៅពេលដោះស្រាយចប់ជាស្ថាពរហើយ លោក តុល ចំរើន នឹងទទួលការបែងចែកប្រយោជន៍ចំនួន៣០%នៃលទ្ធផលដែលសម្រេចបាន។
នៅក្នុងដំណើរការសម្របសម្រួល និងដោះស្រាយបញ្ហាដីធ្លីឱ្យបានឆាប់រហ័ស លោក ម៉ែន ណារ៉ុង ក៏បានប្រគល់សិទ្ធិឱ្យលោក តុល ចំរើន អាចមានសិទ្ធិចាត់ចែងទៅលើដីធ្លីចំនួន២ទីតាំងនៅខេត្តកំពតដើម្បីបានប្រាក់កាសយកមកធ្វើការ ដោយបានធ្វើកិច្ចសន្យាលក់-ទិញដីធ្លីជាមួយលោក តុល ចំរើន តែមិនតម្រូវឱ្យលោក តុល ចំរើន បង់លុយមកលោក ម៉ែន ណារ៉ុង ទេ វាគ្រាន់តែជាជាកិច្ចសន្យាការលក់-ទិញធ្វើឡើងដើម្បីឱ្យលោក តុល ចំរើន អាចយកដីទាំង២ទីតាំងនេះទៅលក់ ឬដាក់បញ្ចាំដើម្បីបានលុយយកមកដោះស្រាយបញ្ហាប៉ុណ្ណោះ ដោយអមជាមួយកិច្ចព្រមព្រៀងផ្ទៃក្នុងរវាងលោក ម៉ែន ណារ៉ុង និងលោក តុល ចំរើន។
ក្រោយពីទទួលបានសិទ្ធិ និងអ្វីគ្រប់យ៉ាយដែលលោក ម៉ែន ណារ៉ុង បានផ្តល់ជូនក្នុងកាតព្វកិច្ចឱ្យទៅដោះស្រាយបញ្ហាដីធ្លីទាំងឡាយនោះ លោក តុល ចំរើន មិនគោរពតាមកិច្ចព្រមព្រៀងនោះទេ បំពានកិច្ចសន្យា និងប្រព្រឹត្តអំពើឆបោក ដោយបានយកដីខ្លះទៅលក់ទទួលបានលុយកក់មួយចំនួន និងដីខ្លះទៀតបានដាក់បញ្ចាំងបានប្រាក់ចំនួន២៥ម៉ឺនដុល្លារដោយមិនបានផ្តល់ដំណឹងដល់លោក ម៉ែន ណារ៉ុង ឬយកប្រាក់ដែលលក់ដី ឬដាក់បញ្ចាំដីបានរាប់សិបម៉ឺនដុល្លារទៅដំណើរការសម្របសម្រួលដោះស្រាយបញ្ហាដីធ្លីជូនលោក ម៉ែន ណារ៉ុង នោះទេពោលគឺលក់ដីលោក ម៉ែន ណារ៉ុង ហើយយកប្រាក់ដាក់ហោប៉ៅផ្ទាល់ខ្លួនទៅ វិញ។
លើសពីនេះទៅទៀត មិនត្រឹមតែមិនយកប្រាក់ដែលបានពីការលក់ដី និងដាក់បញ្ចាំដីទៅសម្របសម្រួលដោះស្រាយបញ្ហាប៉ុណ្ណោះទេ លោក តុល ចំរើន ថែមទាំងបានយកប្រាក់ពីការឆបោកប្រើប្រាស់ជាមធ្យោបាយដើម្បីបង្កើនការរំលោភយកអចលនទ្រព្យរបស់លោក ម៉ែន ណារ៉ុង ជាច្រើនកន្លែងបន្ថែមទៀតនៅក្នុងខេត្តកំពត ខេត្តកោះកុង និងលំនៅឋានមួយចំនួននៅរាជធានីភ្នំពេញ ដោយដីខ្លះបានលួចចុះបញ្ជីធ្វើប្លង់រឹងរួច ដីខ្លះបានលួចផ្ទេរកម្មសិទ្ធិត្រៀមនឹងចុះបញ្ជីធ្វើប្លង់ ខ្លះទៀតបានផ្ទេរដាក់ឈ្មោះសាច់ញាតិខ្លួន និងកន្លែងខ្លះបានក្លែងឯកសារយកទៅលក់ឱ្យអ្នកផ្សេងដែលពេលនេះកំពុងបង្កើតឱ្យមានរឿងរ៉ាវស្មុគស្មាញបន្ថែមទៀត។ មិនតែប៉ុណ្ណោះ បានប្រាក់ពីការលក់ដី និងដាក់បញ្ចាំដីទាំងនេះ លោក តុល ចំរើន ក៏បានងាកមកប្តឹងលោក ម៉ែន ណារ៉ុង ដែលជាម្ចាស់ដីពិតប្រាកដបន្ថែមទៀតទៅវិញ។
ក្រៅពីនេះ លោក តុល ចំរើន បន្តទង្វើទុច្ចរិតរបស់ខ្លួនដោយបានប្រើប្រាស់ឯកសារហួសសុពលភាព ធ្វើការផ្សព្វផ្សាយព័ត៌មានចាស់មិនផ្អែកលើដំណើររឿងដែលមានការវិវត្តថ្មីចុងក្រោយ, យកសាច់រឿងដែលដំណើរការបានត្រឹមពាក់កណ្តាល់ទីប៉ុណ្ណោះមកធ្វើជាមូលដ្ឋាន និងធ្វើការសំអាង និងផ្សព្វផ្សាយព័ត៌មានទៅដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងចេតនាបំភាន់ការពិតធ្វើឱ្យមហាជនទូទៅមានការយល់ច្រលំថា ទ្រព្យសម្បត្តិរបស់លោក ម៉ែន ណារ៉ុង ទាំងអស់កំពុងជាប់ដីកាសម្រេចឃាត់ទុក តែតាមពិតអ្វីៗត្រូវបានដោះស្រាយចប់សព្វគ្រប់រួចហើយតាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២មកម្ល៉េះតាមរយៈកិច្ចព្រមព្រៀងបញ្ចប់វិវាទដោយការផ្តិតមេដៃពីភាគី “ក” តំណាងដោយ លោក ឧត្តមសេនីយ៍ម្នាក់ និងភាគី “ខ” តំណាងដោយលោក តុល ចំរើន។
សម្រាប់លោក ម៉ែន ណារ៉ុង វិញ ចាប់តាំងពីលោកបានមើលឃើញទង្វើក្បត់ និងរំលោភកិច្ចសន្យារបស់លោក តុល ចំរើន រួចមក លោកក៏បានប្តឹងរំលាយកិច្ចសន្យាដែលបានធ្វើឡើងកាលពីដើមឆ្នាំ២០២១ផងដែរ ប៉ុន្តែលោក តុល ចំរើន បានគេចវេសមិនព្រមផ្តិតមេដៃដោយហេតុថា ខ្លួនមានគោលបំណងបន្តរំលោភយកដី លោកម៉ែន ណារ៉ុង បន្តទៀត។ ចំណែកឯលោក អ៊ិម រតនា ដោយមើលឃើញទង្វើល្មើសច្បាប់ និងអយុត្តិធម៌ដែលលោក តុល ចំរើន ធ្វើមកលើលោក ម៉ែន ណារ៉ុង នោះ លោក អ៊ិម រតនា ក៏បានសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងជាមួយលោក ម៉ែន ណារ៉ុង កាលពីថ្ងៃទី២៧ ខែមីនា ២០២៣ នៅឡើយតែលោក តុល ចំរើន មានចិត្តលោភលន់នៅអង្កៀមចង់បានទ្រព្យរបស់អ្នកដទៃដោយគ្មានការអៀនខ្មាស់អ្វីបន្តិចសោះឡើយ។
ដោយសារតែជួបបញ្ហាស្មុគស្មាញកើតចេញពីការរំលោភយកដីធ្លីរបស់លោក មិនចេះចប់មិនចេះហើយអស់រយៈពេលជាង១០ឆ្នាំមកនោះ លោក ម៉ែន ណារ៉ុង ក៏បានលើកឡើងដោយមិនលាក់លៀមទេ គឺបើត្រឹមតែបុគ្គលឈ្មោះ តុល ចំរើន តែម្នាក់ឯកនោះគឺមិនមានលទ្ធភាពអាចប្រព្រឹត្តរឿងនេះបានដូច្នេះទេ ក្នុងនោះដោយសារតែមានអ្នកនៅពីក្រោយ បើតាមការអះអាងរបស់លោក ម៉ែន ណារ៉ុង គឺលោកឧត្តមសេនីយ៍មួយរូបដ៏មានឥទ្ធិពល ជាអ្នកនៅពីក្រោយឈ្មោះ តុល ចំរើន។ លោក ម៉ែន ណារ៉ុង បន្តថា លោកមានឯកសារភស្តុតាងដែលបញ្ជាក់ថា លោកឧត្តមសេនីយ៍រូបនោះជាអ្នកនៅពីក្រោយឈ្មោះ តុល ចំរើន ព្រោះថា កន្លងមកនេះ លោក តុល ចំរើន បានធ្វើឯកសារលក់-ទិញ ដីមួយកន្លែងទំហំ២០៤ហិចតាស្ថិតនៅភូមិបឹងព្រាវ ឃុំស្ទឹងឆាយ ស្រុកស្រែអំបិល ខេត្តកោះកុង ជាមួយឧត្តមសេនីយ៍រូបនោះ ដោយឧត្តមសេនីយ៍រូបនោះ បានដឹងច្បាស់ហើយថា ដីនោះជាដីរបស់លោក ម៉ែន ណារ៉ុង មិនមែនជាដីឈ្មោះ តុល ចំរើន នោះទេ ប៉ុន្តែនៅតែឧត្តមសេនីយ៍រូបនោះ សហការគ្នាជាមួយឈ្មោះ តុល ចំរើន ធ្វើលិខិតទិញលក់ដី ដែលមិនមែនជាការលក់ទិញពិតប្រាកដ ចំពោះការលក់ទិញពិតប្រាកដ មានន័យថា អ្នកមានដីពិតប្រាកដបានលក់ឱ្យអ្នកទិញពិតប្រាកដព្រមជាមួយនឹងការបង់ប្រាក់ជាក់ស្តែង។ តែនេះមិនមែនទេ គ្រាន់តែជាការសហការគ្នារវាងឈ្មោះ តុល ចំរើន ជាមួយឧត្តមសេនីយ៍រូបនោះ ដើម្បីយកដីនោះទៅលក់ឱ្យអ្នកផ្សេងប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការចោទប្រកាន់លោក តុល ចំរើន ជាច្រើនករណីខាងនេះអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក តុល ចំរើន បានទេ ដោយទូរស័ព្ទលោក តុល ចំរើន មិនអាចទាក់ទងបាន។
តែទោះជាយ៉ាងណា រឿងរ៉ាវអយុត្តិធម៌ដែលបានកើតឡើងមកលើលោក ម៉ែន ណារ៉ុង អស់រយៈពេលជាច្រើនឆ្នាំមកនេះត្រូវបានរកឃើញថាបុគ្គល តុល ចំរើន បានប្រព្រឹត្តទង្វើទុច្ចរិតចំនួន៤ចំនុចគួរឱ្យកត់សំគាល់ក្នុងគោលបំណងធ្វើឱ្យសាធារណជនមានការយល់ច្រលំសទៅជាខ្មៅ ឬខុសទៅត្រូវជាដើម។ ចំនុចទាំងនោះ រួមមាន៖
ទី១. ក្លែងឯកសារ និងផ្សព្វផ្សាយព័ត៌មានមិនពិតដែរថាទ្រព្យសម្បត្តិរបស់លោក ម៉ែន ណារ៉ុង ទាំងអស់កំពុងជាប់ដីកាសម្រេចឃាត់ទុករហូតដល់បច្ចុប្បន្ន តែជាក់ស្តែងមិនពិតនោះទេ តាមរយៈកិច្ចព្រមព្រៀងបញ្ចប់វិវាទកាលពីដំណាច់ខែមករា ឆ្នាំ២០១២ គឺបានលុបចោលទាំងអស់រួចទៅហើយ។
ទី២. ការក្លែងឯកសារថា លោក ម៉ែន ណារ៉ុង បានប្រគល់សិទ្ធិឱ្យខ្លួនចាត់ចែងដីរបស់លោក ម៉ែន ណារ៉ុងទាំងអស់រួមទាំងមានសិទ្ធិលក់ដីលោក ម៉ែន ណារ៉ុង គ្រប់ទីតាំងទាំងអស់ ករណីនេះគឺជាការក្លែងឯកសារទាំងស្រុង ពីព្រោះលោក ម៉ែន ណារ៉ុង បានបញ្ជាក់ថា លោកមិនដែលធ្វើឯកសារដូច្នេះជាមួយលោក តុង ចំរើន នោះទេ ហើយលោកក៏មិនឆោតល្ងង់ទៅធ្វើឯកសារប្រគល់ទ្រព្យសម្បត្តិទាំងអស់ឱ្យទៅលោក តុល ចំរើន ដូច្នេះដែរ។
ទី៣. បំពានកុងត្រា ដោយសារតែខ្លួនបានបោកប្រាស់ និងរំលោភយកដីលោក ម៉ែន ណារ៉ុង ជាបន្តបន្ទាប់ លោក ម៉ែន ណារ៉ុងក៏បានប្រកាសបញ្ចប់កិច្ចព្រមព្រៀងជាមួយលោក តុល ចំរើន រួចហើយកាលពីដើមឆ្នាំ២០២៣ កន្លងទៅ។ ក៏ប៉ុន្តែលោក តុល ចំរើន មិនបានអើពើ និងបន្តសកម្មភាពទាំងខុសច្បាប់របស់ខ្លួនមកទល់បច្ចុប្បន្ន។
ទី៤. មិនត្រឹមតែព្យាយាមបំភាន់ ក្លែងឯកសារ មិនគោរពកិច្ចព្រមព្រៀងនោះទេ លោក តុល ចំរើន ថែមទាំងបំពានច្បាប់ហ៊ានមកប្តឹងម្ចាស់ដីពិតប្រាកដយ៉ាងតិច៥ករណីទៅវិញ។
ស្របពេលជាមួយគ្នានេះដែរ លោក ម៉ែន ណារ៉ុង ក៏បានស្នើសុំ និងអំពាវនាវ ទៅដល់តុលាការខេត្តកំពតសូមមេត្តាជួយរកការពិត និងផ្តល់យុត្តិធម៌ដល់រូបលោកផង ហើយលោកក៏មានការរំពឹងថា តុលាការនឹងផ្តល់យុត្តិធម៌ដល់រូបលោក និងធ្វើការផ្តន្ទាទោសចំពោះជនបំពានច្បាប់ដែលបានប្រព្រឹត្តទង្វើទុច្ចរិតអស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕














