ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ព្រះមន្រ្តីសង្ឃខេត្តសៀមរាប បាននាំយកស្បៀងអាហាររបស់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ប្រធានថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា និងបច្ច័យមួយចំនួនរបស់ព្រះមង្គលមុនី គង់ ហេមរង្សី ព្រះចៅ អធិការវត្តខេមរារាមសហរដ្ឋអាមេរិក ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន១២គ្រួសារ ដែលស្ថិតនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយប្រជាពលរដ្ឋទាំងនោះត្រូវបានយោធាសៀមបានរាយបន្លា លួសព័ទ្ធយកផ្ទះរបស់ពួកគាត់ ដែលធ្វើឱ្យពួកគាត់ជួបការលំបាកក្នុងរស់នៅប្រចាំថ្ងៃ ។

ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្តសៀមរាប បានមានថេរដីកាថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ជាទុក្ខលំបាករបស់ព្រះសង្ឃនិងយើងទាំងអស់គ្នា ដែលត្រូវការយកចិត្តទុកដាក់ជួយ និងចែករំលែកគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដោយ ឈរលើស្មារតីរួបរួមសាមគ្គី ជួយទុក្ខធុរៈគ្នា ។ ហើយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយព្រះសង្ឃតែងតែគិតគូរដោះស្រាយពីទុក្ខលំបាកនោះ ដោយមិនទៅណាចោលប្រជាពលរដ្ឋឡើយ ។
ព្រះតេជគុណក៏បានមានថេរដីកា ណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់សូមថែរក្សាសុខភាពឱ្យបានល្អត្រូវរស់នៅប្រកបដោយអនាម័យ ហើយចំពោះស្បៀងអាហារទាំងនេះ ទោះបីតែតិចតួចតែអាចជួយសម្រាលទុកលំបាក់របស់ជាតិ ញោមបានមួយរយៈដែរ ៕
ដោយ៖ ពន្លឺ












