ខេត្តសៀមរាប៖ ក្រុមហ៊ុនវ័នហ្វ្រេតធើនីធី (វីតាល់) ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានបន្តយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្ត ក្រោមប្រធានបទ “បរិច្ចាគឈាមសង្គ្រោះជីវិត” គឺដើម្បីផ្ដល់ជីវិតទីពីរដល់អ្នកត្រូវការសង្គ្រោះជីវិតបន្ទាន់ និងដើម្បីសង្គ្រោះអាយុជីវិតបងប្អូនត្រូវការជំនួយចាំបាច់ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នេះនៅផ្សារទំនើបហេរីថេកវ័ក ក្រុងសៀមរាប ខេត្តសៀមរាប។
នៅក្នុងយុទ្ធនាការ«បរិច្ចាគឈាមសង្គ្រោះជីវិត» ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និង លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំងមានទទួលបានការគាំទ្រពីអ្នកស័្មគ្រចិត្តជាច្រើននាក់ដែល រួមមាន ថ្នាក់ដឹកនាំ រួមទាំងបុគ្គលិក ក្រុមហ៊ុនវ័នហ្វ្រេតធើនីធី (វីតាល់) ព្រមទាំងសិស្សនិស្សិត និងបងប្អូនស្ម័គ្រចិត្តជាច្រើនទៀតផងដែរ។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេត ធើនីធី (វីតាល់) បានមានប្រសាសន៍ថាការរៀបចំយុទ្ធនាការបរិច្ចាគឈាមលើកនេះគឺក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្តផ្តល់អំណោយឈាម ដើម្បីចូលរួមចំណែកបំពេញតម្រូវស្តុកឈាមដល់អ្នកជំងឺកំពុងត្រូវការឈាមចាំបាច់ ព្រមទាំង ឈរលើគោលដៅ ក្នុងការរួមចំណែកជួយសង្គមជាតិ តាមរយៈការលើកកម្ពស់ចលនាមនុស្សធម៌នៃការបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីបំពេញតម្រូវការឈាម និងផុសស្មារតីប្រជាពលរដ្ឋបន្តចែករំលែកក្ដីស្រឡាញ់ និងជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ពូជសាសន៍ ឬសាសនាអ្វីឡើយ។
លោកជំទាវ ជឹង សុគន្ធាវី បានមានប្រសាសន៍បន្ថែមដែរថា វីតាល់តែងកំណត់អាទិភាពរបស់ខ្លួនដោយផ្តល់នូវទឹកពិសាគុណភាពខ្ពស់ សុវត្ថិភាព និងអនាម័យជានិច្ច ដោយលើសពីនេះ រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនទឹកពិសារវីតាល់ ទទួលបានជោគជ័យទៅលើសកម្មភាពមនុស្សធម៌ និងកិច្ចការងារសង្គមជាច្រើន ដោយក្នុងនោះរួមទាំងកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងការចូលរួមសកម្មភាពសង្គមដូចជាកម្មវិធីបរិច្ចាគឈាមនាពេលនេះដែលបានមកពីការគាំទ្រពេញនិយមលើផលិតផលវីតាល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជា។ លោកជំទាវ ជឹង សុគន្ធាវី បានបញ្ជាក់ផងដែរថា រាល់សកម្មភាពសប្បុរសធម៌ និងការចូលរួមលើសកម្មភាពសង្គមនានា របស់ វីតាល់ អាចកើតឡើងមានបានក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់របស់ វីតាល់ផ្ទាល់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេសកកម្មក្នុងការកាត់ប្រាក់ចំណេញ ២៥៛ ពីវីតាល់ ១ដប មកប្រើប្រាស់ជាមូលធនសម្រាប់ការងារសង្គម ។ វីតាល់ នឹងបន្តរក្សានូវមូលដ្ឋាននៃការរៀបចំ និងឧបត្ថម្ភគាំទ្រដល់គ្រប់រូបភាពនៃសកម្មភាព និងយុទ្ធនាការនៃការបរិច្ចាគអំណោយឈាម ពីគ្រប់ស្ថាប័ន ដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមនៅតាមស្ថាប័នសុខាភិបាលនានា ។ «វីតាល់មោទនភាព ផលិតផលជាតិ»។
ជាមួយគ្នានោះផងដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការផ្តួចផ្តើម គំនិតបង្កើតកម្មវិធី យុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្ត ក្រោមប្រធានបទ “បរិច្ចាគឈាមសង្គ្រោះជីវិត” របស់ក្រុមហ៊ុនវ័នហ្វ្រេតធើនីធី (វីតាល់) ដែលបានធ្វើរួមជាមួយអ្នកស្ម័គ្រចិត្ត និងសប្បុរសជនទាំងអស់ ដែលបានចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមសង្គ្រោះជីវិតនេះ។ លោកអភិបាលរងខេត្តបានមានប្រសាសន៍បញ្ជាក់ថា ៖«កម្មវិធីបរិច្ចាគឈាម សង្គ្រោះជីវិតនេះ គឺជាការចូលរួមចំណែកបំផុសសកម្មភាពមនុស្សធម៌ បំពេញតម្រូវការឈាមប្រកបដោយសុវត្ថិភាពសម្រាប់ សហគមន៍ ព្រមទាំងលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាមសង្គ្រោះជីវិត” សូមចូលរួមជួយសង្គ្រោះជីវិតមនុស្ស និងបានចូលរួមចំណែកក្នុងលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាមផងដែរ។
លោកបន្តថាការចូលរួមជួយគ្នាក្នុងសង្គមជាតិគឺជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ ការបរិច្ចាគឈាម គឺជាការប្រគល់ជូន ត្រលប់មកវិញនូវមាតា បិតា ស្វាមី ភរិយា បុត្រា បុត្រី ជាទីស្រឡាញ់ ជូនក្រុមគ្រួសារវិញ ប្រកបដោយសមធម៌ធ្វើ ឱ្យសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ និងវប្បធម៌ល្អ នេះគឺជាការឆ្លើយ តបយ៉ាងត្រឹមត្រូវទៅនឹង ទិសស្លោក៖ “យុវជន យុវនារី ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ” “យើងទាំងអស់គ្នាអាចធ្វើបាន” ដែលជាភាសា បេះដូង មួយសម្រាប់យុវជនយើងទាំងអស់គ្នា ហើយ ការបរិច្ចាគឈាមមិនត្រឹមតែជួយក្រុមគ្រួសារទេ គឺសម្រាប់ខ្លួនយើងទាំងអស់គ្នាផងដែរ៕
ដោយ៖ ពន្លឺ