ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ១៣:៣០ នាទី ដល់ ម៉ោង ១៥:៣០ នាទី កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានចុះធ្វើការត្រួតពិនិត្យ នៅផ្ទះដែលមានការសង្ស័យបើកអនឡាញខុសច្បាប់ នៅចំណុចភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការបង្ក្រាបនេះមានការដឹកនាំសម្រប សម្រួលដោយ លោកព្រះរាជអជ្ញារង តេង សាម៉ៃ ក្នុងនេាះ សមត្ថកិច្ចបានត្រួតពិនិត្យ ឃើញមានជនបរទេស ដែលស្ថិតនៅជាន់ក្រោមដី ធ្វើសកម្មភាពលេងនូវល្បែងអនឡាញ មានជនបរទេសចំនួន៥៥នាក់ ស្រី ១០នាក់ ក្នុងនោះជនជាតិចិនចំនួន០៨នាក់ ស្រី០០នាក់ ជនជាតិម៉ាឡេស៊ី ៤៧នាក់ ស្រី១០នាក់ ។
ក្រោយពីធ្វើការត្រួតពិនិត្យឃើញ កម្លាំងនគរបាលខេត្ត បាននាំយកមកស្នងការនគរបាលខេត្ត ដើម្បីសាកសួរ រកពីធាតុពិតនៃការអនុញ្ញាតិច្បាប់ រឺមានលិខិតឆ្លងដែនត្រឹមត្រូវ រឺមិនត្រឹមត្រូវ កំពុងតែមាននីតិវិធី និងការសម្របសម្រួលជាមួយស្ថាប័នតុលាការ ។
ដោយ ៖ សិរីបុត្រ












