ខេត្តសៀមរាប ÷ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ នេះ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានកត្តិយសសាខា បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ចំនួន២៤គ្រួសារ(រលំ១- របើក២៣) មកពី២ឃុំ នៃស្រុកបន្ទាយស្រី ដែលរួមមាន១- ឃុំត្បែង ចំនួន៧គ្រួសារ ២- ឃុំរុនតាឯក ចំនួន១៧គ្រួសារការជួបសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌នេះប្រារព្ធនៅភូមិធម្មជាតិរុនតាឯក ។
មានប្រសាសន៍នាឱកាសនោះលោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានកត្តិយសសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកឧកញ៉ាបណ្ឌិតបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកឧកញ៉ាបណ្ឌិតបានមានប្រសាសន៍បន្តទៀតថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាត បង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”លោក ឧកញ៉ាបានមានប្រសាសន៍ថាសូមបងប្អូនប្រុងប្រយ័ត្នគ្រោះថ្នាក់ពេលមានខ្យល់កន្រ្តាក់ ថែរក្សាសុខភាពក្នុងរដូវក្តៅពិសារទឹកឲ្យបានច្រើន និងចូលរួមគោរពច្បាប់ចរាចរណ៍ពេលបើកបរត្រូវតែពាក់មួកសុវត្តិភាព និងសូមឲ្យបងប្អូនចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នាពេលខាងមុខនេះ លោកឧកញ៉ាក៏បានឧបត្ថម្ភដើមឬស្សីជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ក្នុង១គ្រួសារ ៥០ដើមឬស្សី និងសូមអរគុណសន្តិភាព។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបានគឺគ្រួសាររលំផ្ទះទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១០កញ្ចប់តូច អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀលផងដែរ៕
– គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១០កញ្ចប់តូច អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល៕
ដោយ ÷ ពន្លឺ