ខេត្តសៀមរាប ÷ ថ្លែងក្នុងពិធីសម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធផលផ្សេងៗក្នុងវត្តបូណ៌ខ្នាតេជោ ស្ថិតក្នុងភូមិខ្នាជោ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប នាថ្ងៃទី០៩ខែមេសាឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត អ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា តំណាងរាស្រ្ត មណ្ឌលសៀមរាប មានប្រសាសន៍ថា៖ផ្តើមចេញពីថ្ងៃជ័យជម្នះថ្ងៃ៧មករា១៩៧៩និងដោយមានការដឹកនាំដ៏ត្រឹមត្រូវ ពិសេសចាប់ពីចុងឆ្នាំ ១៩៩៨ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាព បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចឃើញជាក់ស្តែងទាំងអស់គ្នាក្នុងនោះវិស័យព្រះពុទ្ឋសាសនាក៏មានការរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ។ ឯកឧត្តមបានអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ ដើម្បីជ្រើសរើសប្រមុខដឹកនាំគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនិង សម្រាប់បន្តការអភិវឌ្ឍ រីកចម្រើនរុងរឿងលើគ្រប់វិស័យ និងប្រកបដោយសុខសន្តិភាព និងស្ថេរភាពសង្គម ជាពិសេសត្រូវនាំគ្នាថែរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយកុំឱ្យបាត់បង់នូវសន្តិភាពដែលរកបានមកដោយលំបាកនេះ។
ឯកឧត្តម សៀង ណាំ បានកោតសរសើរចំពោះព្រះសង្ឍគ្រប់ព្រះអង្គ គណៈកម្មការវត្ត លោកតា លោកយាយ សប្បុរសជន មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំចន្លាស់ដៃ ដែលបានខិតខំយកព្រះទ័យ និងយកចិត្តទុកដាក់ សហការជួយគ្នា កសាងសមិទ្ធផលនានាក្នុង វត្តបូណ៌ខ្នាតេជោ នេះឡើង ធ្វើឲ្យវត្តកាន់តែមានសោភ័ណ្ឌស្រស់ស្អាត ឡើង សម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យទានផ្សេងៗ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានចាត់ទុកសាលាធម្មសភា ដែលទើបនឹងសាងសង់រួចនេះ និងសមិទ្ឋផលនានាក្នុងវត្តខ្នាតេជោ ថាជាជំហានរីកចម្រើនថ្មីមួយថែមទៀតសម្រាប់បំរើឱ្យវិស័យព្រះពុទ្ឋសាសនា។
ឯកឧត្តម មានប្រសាសន៍ថា៖ ការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសលើផ្នែកព្រះពុទ្ធសាសនា គឺដោយ សារប្រទេសជាតិ មាន សុខសន្តិភាព និងស្ថេរភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយកត្តាសុខសន្តិភាព ស្ថិរភាពនិងការរីកចម្រើន រួមជាមួយនឹងគោលនយោបាយ និងយុទ្ឋសាស្ត្រប្រកបដោយភាពសាកសិទ្ឋជាក់ស្តែង ប្រាកដនិយម និងម៉ឺងម៉ាត់ បានធ្វើឱ្យតំបន់ជនបទ មានការអភិវឌ្ឍន៍និងប្រែមុខមាត់ថ្មីក្នុងក្តីសង្ឃឹមយ៉ាងឆាប់រហ័ស ជាមួយគ្នានេះ នៅក្នុងស្រុកក្រឡាញ់ក៏មានសមិទ្ធផលធំៗ ជាច្រើនទៀត ដូចជា ផ្លូវចាក់កៅស៊ូ ផ្លូវចាក់បេតុង សាលារៀន មណ្ឌលសុខភាព វត្តអារ៉ាម អណ្តូងទឹក ស្ពាន. ជាដើម ។ល។
ក្នុងរបាយការណ៍ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បង្ហាញថា៖វត្តបូណ៌ខ្នាតេជោ ត្រូវបានកើតឡើងនៅ ឆ្នាំ ១៧២៩ ក្នុងរបបប្រល័យពូជសាសន៍ ពួកប៉ុល ពត បានវាយកំទេច និងរុសរើ កុដិ ទាំងអស់ ធ្វើជាជង្រុកស្រូវសហករណ៍របស់ពួកវា។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រះសង្ឃ ពុទ្ធបិរស័ទចំណុះជើងវត្ត សប្បុរសជនក្នុងស្រុក និងក្រៅស្រុក បានរួមគ្នាកសាងកុដិ និងសមិទ្ធផលផ្សេងៗ រហូតមកដល់ឆ្នាំ២០០៧ កសាងបានព្រះវិហារថ្មី តែ ពុំមានសាលាធម្មសភា សមរម្យ ពិបាកក្នុងការជួបជុំធ្វើបុណ្យទានផ្សេងៗ ទើបនៅឆ្នាំ២០១៦ បានផ្ដួចផ្ដើមកសាងសាលាធម្មសភាថ្មី០១ខ្នង ដែល មានទំហំបណ្ដោយមាន ប្រវែង ៣២ម៉ែត្រ ទទឹង ប្រវែង ២២ម៉ែត្រ កំពស់ជញ្ជាំង ៤ម៉ែត្រ និងបានតសំយាប ចាក់សាបក្នុងបរិវេណទីធ្លាវត្ត ខាងមុខកុដិ ព្រះវិហារនិងជុំវិញសាលាធម្មសភា និងបានប្រារព្ឋពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។ ការសាងសង់សាលាធម្មសភាថ្មីនេះ ត្រូវបានបញ្ចប់សព្វគ្រប់រួចរាល់នៅក្នុង ខែមករា ឆ្នាំ២០២០ អស់រយ:ពេល០៤ឆ្នាំគត់ ចំណាយថវិកាសរុប ចំនួន១៥៦,៥៩០ដុល្លារអាមេរិក ក្នុងនោះនៅជំពាក់ថ្លៃគ្រឿងសំណង់ជាង៧៧៥០ដុល្លារ ។
ក្នុងឱកាសនោះ ឯកឧត្តម សៀង ណាំ បានប្រគេនព្រះចៅអធិការវត្តចំនួន២០លានរៀលនិងជូនដល់តាជីយាយជី ប្រជាពលរដ្ឋជាង១ពាន់នាក់ សរុបថវិកាចំនួន១៤លាន ៧០ម៉ឺនរៀលទៀត៕
ដោយ ÷ ពន្លឺ












