ភ្នំពេញៈ នៅសាលប្រជុំសាលាខណ្ឌមានជ័យ បានកិច្ចប្រជុំប្រចាំខែសីហា របស់រដ្ឋបាលខណ្ឌមានជ័យ និងទិសដៅ ប្រចាំខែ កញ្ញា ឆ្នាំ២០១៨ និងពិធីចុះហត្ថលេខាប្រគល់-ទីតាំងសង្ស័យបង្កើតល្បែងស៊ីសង និងល្បែងភ្នាល់ខុសច្បាប់មួយចំនួន នៅក្នុងភូមិសាស្ត្រសង្កាត់ទាំង៧ ជូនដល់នគរបាលប៉ុស្ដិ៍ ចៅសង្កាត់ និងមន្ត្រីមួយចំនួនរបស់រដ្ឋបាលខណ្ឌមានជ័យ ដើម្បី មានវិធានការដ្ឋបាលលុបបំបាត់ឲ្យអស់ពីក្នុងមូលដ្ឋាន។
ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរិទ្ធសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក ពេជ្រ កែវមុនី អភិបាលនៃ គណៈអភិបាលមានជ័យ ព្រមទាំងលោក ឡុង ង៉ែត និងលោក មា សុភាព និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងមានការចូលរួមពីលោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ នាយប៉ុស្តិ៍ និងចៅសង្កាត់ទាំង៧ ព្រមទាំងមានការចូលរួមពីសមាភាពមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ ។
កិច្ចប្រជុំប្រចាំខែសីហាខាងលើនេះផ្តោតសំខាន់ លើការងារចំនួន៦ចំនុចដូចខាងក្រាម៖
១. ការងារសន្តិសុខ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន (ការគ្រប់គ្រង់មូលដ្ឋានក្លឹបកម្សាន្ត,ខារ៉ាអូខេ,បៀរហ្គាឌិនភោជនីយដ្ឋាន,និងផ្ទះជួល )។ ការរៀបចំផែនការជាយុទ្ធសាស្ត្រ ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ២.ការងារត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍។
៣.ការងារត្រួតពិនិត្យរដ្ឋបាល និងកម្មវិធីការងារវេទិការសាធារណៈប្រចាំខែតាមសង្កាត់នីមួយៗ។
៤.បញ្ហាល្បែងស៊ីសង ល្បែងភ្នាល់នានា។
៥.មូលដ្ឋានទទួលបញ្ជាំខុសច្បាប់ និងកន្លែងទទួលទិញសម្ភារចាស់ៗ(អេតចាយ)។
៦.ការគ្រប់គ្រងសន្តិសុខឯកជន។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍សង្កត់ធ្ងន់អំពីបញ្ហាល្បែងស៊ីសងថា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ បានបញ្ចប់ទៅដោយជោគជ័យកាលពីថ្មីៗនេះ ទីតាំងហ្គេមបាញ់ត្រី និងល្បែងស៊ីសង ភ្នាល់បាល់ និងល្បែងខុសច្បាប់ជាច្រើនប្រភេទទៀត ដែល Live ចេញពីកាស៊ីណូ ជ្រកក្រោមស្លាក អ៊ីនធើណេត២៤ម៉ោង ជាច្រើនកន្លែងទៀត នៅក្នុងតាមភូមិសាស្ត្រសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ បានលួចបើកលេងដោយសេរី ដោយមិនឃើញមានការរាយការណ៍ ក្នុងការចុះបង្ក្រាបពីអាជ្ញាធរសង្កាត់ទាំង៧ឡើយ ទោះបីជាមានបទបញ្ជាពីថ្នាក់លើ រហូតដល់បណ្ដាញជាសារព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយរិះគន់បន្តបន្ទាប់ ពិសេសក្នុងសង្កាត់ចាក់អង្រែលើ មានទីតាំងបាញ់ត្រី រហូតដល់ទៅ៥កន្លែងដូចជា៖
ទីតាំងទី១ នៅផ្លូវជាតិលេខ២ ខាងឆ្វេងគុយទាវឆ្ងាញ់ ប្រហែល៤០ម៉ែត្រ ចូលតាមច្រកតូចទៅត្រង់
ទី២ នៅផ្លូវជាតិលេខ២ ច្រកចូលបឹងកំប្លោក ផ្ទះល្វែងខាងឆ្វេងដៃ
ទី៣ នៅផ្លូវ៦០ម៉ែត្រ ក្នុងតំបន់មិនរៀបរយវាលខ្សាច់តាក់ហ្វាត
ទី៤ នៅតាមផ្លូវ២៧១
ទី៥ ក្នុងផ្ទះលេខ៦៨០ ផ្លូវ២៧១
និងទីតាំងផ្សេងទៀត ផ្លូវ៣១៧ ខាងជើងស្ពានដែកចំការដូង ប្រហែលជា១០០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ។ និងក្បែរវត្តស្ទឹងមានជយ័ និងទីតាំងនៅក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ។ និងទីតាំងនៅតាមផ្លូវ៣៧១ ជាប់ហ្គារ៉ាសលក់សំបកកង់រថយន្ត សង្កាត់ក្នុងសង្កាត់បឹងទំពុន២។
លោកអភិបាលបន្ថែមទៀតថា ចំពោះទីតាំងណេត២៤ ម៉ោង ត្រូវធ្វើរដ្ឋបាលត្រួតពិនិត្យមើលទីតាំងណេត ២៤ម៉ោង ក្នុងមូលដ្ឋានរបស់ខ្លូន តើមានអាជ្ញាប័ណ្ណដែលចេញដោយមន្ទីរ ឬក្រសួងពាក់ព័ន្ធ ហើយបើគ្មានអាជ្ញាប័ណ្ណអនុញ្ញាតទេ ត្រូវបិទតែម្ដង ហើយទោះបីជាមានច្បាប់ មានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺត្រូវរកឲ្យឃើញបទល្មើស ដោយមានភស្ដុតាងច្បាស់លាស់ ពីការលួចបើកល្បែងស៊ីសងខុសច្បាប់ ហើយសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បីចុះទៅបិទទីតាំងទាំងនោះ និងរាយការណ៍ទៅមន្ទីរ ឬក្រសួងដែលពាក់ព័ន្ធត្រូវលុបអាជ្ញាប័ណ្ណចេញតែម្ដង ហើយបានសម្រេច ធ្វើពិធីចុះហត្ថលេខា ប្រគល់ភារកិច្ចនិងទទួល ទីតាំងសង្ស័យលួចបើកល្បែងសុីសង ល្បែងភ្នាល់ ខុសច្បាប់នានា នៅក្នុងភូមិសាស្រ្តសង្កាត់ ជូនចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ រួមទាំងមន្ត្រីរដ្ឋបាលខណ្ឌ ដើម្បីមានវិធានការដ្ឋបាលលុបបំបាត់ឲ្យអស់ពីក្នុងមូលដ្ឋាន ឲ្យខានតែបាន។
លោកអភិបាលបានឲ្យដឹងទៀតថា លើសពីនេះទៅទៀតវាមិនត្រឹមតែជាប្រភេទល្បែងស៊ីសងនោះទេ វាក៏ជាប្រភេទហ្គេមដែលពង្វក់ និងចូលជ្រាបទៅដល់ស្រទាប់ស្មារតីយុវជន យុវសិស្ស និងក្មេងៗជាសិស្សសាលាតូចៗ ឲ្យបោះបង់ការរៀនសូត្រចោល ហើយនាំគ្នាមកពពាក់ពពួនគ្នាលេងយ៉ាងសប្បាយអើងហើង និងពេលខ្លះអាចបែកគំនិតរហូតប្រព្រឹត្តិនូវបទល្មើសលួច ឆក់ ប្លន់ និងសកម្មភាពអសន្តិសុខផ្សេងៗជាដើម ដើម្បីយកលុយមកបំពេញចំណង់ចិត្តខ្លួនក្នុងការលេងហ្គេមមួយនេះ។ ហើយទីតាំងដែលលួចលាក់បើកហ្គេមបាញ់ត្រី គឺជាទីតាំងដែលសំបូរទៅដោយក្រុមអ្នកជួញដូរ និងប្រើប្រាស់ថ្នាំញៀនប្រមូលផ្តុំគ្នាផងដែរ ព្រោះរាល់ពេលដែលកម្លាំងអាជ្ញាធរយើង ធ្វើការចុះបង្ក្រាបម្តងៗ គឺតែងដកហូតបានវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ផងដែរ។
ជាចុងក្រោយលោកពេជ្រ កែវមុនី ក្នុងនាមជាអភិបាល និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់លោកចៅសង្កាត់ទាំង៧ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ កុំបណ្ដែតបណ្ដោយឲ្យសោះ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ត្រូវចេះសហការគ្នាអនុវត្តបទបញ្ជា ដើម្បីធ្វើការអន្តរាគមន៍ ទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងទីតាំងល្បែងស៊ីសងគ្រប់ប្រភេទទាំងនោះ ដែលជាចំណុចស្នូល នៃការបង្កើតឲ្យ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ៕
ដោយ៖ វិចិត្រ