ខេត្តកែប៖ យោងតាមលិខិតចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបន្តតាមដាន និងអនុវត្តវិធានការបន្ទាន់ ដោយតម្រូវឱ្យគ្រប់ស្ថានីយប្រេងឥន្ទនៈទាំងអស់ត្រូវបន្តបើកដំណើរការលក់ជូនប្រជាពលរដ្ឋជាធម្មតា ព្រមទាំងទប់ស្កាត់ដាច់ខាតនូវការទិញក្នុងទ្រង់ទ្រាយធំដើម្បីស្តុកទុកដែលបង្កការរាំងស្ទះដល់ការផ្គត់ផ្គង់ ។
បន្ថែមពីនេះ ក្នុងករណីរកឃើញថាស្ថានីយណាបានលក់ក្នុងតម្លៃខ្ពស់ជាងការកំណត់របស់ក្រសួងពាណិជ្ជកម្ម ម្ចាស់ស្ថានីយនោះនឹងត្រូវទទួលការព្រមាន ឬអាចឈានដល់ការបិទអាជីវកម្មជាអចិន្ត្រៃយ៍ ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកែប សូមអំពាវនាវដល់ប្រជាពល រដ្ឋកុំមានការព្រួយបារម្ភហួសហេតុ សូមរក្សាសណ្តាប់ធ្នាប់ សាមគ្គីភាព លុបបំបាត់ទម្លាប់កេងចំណេញ និងជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕













