ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី០៥ ខែ កុម្ភៈ ឆ្នាំ២០២៥ នេះរដ្ឋបាលជលផលនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ក្នុងភាពជាដៃគូជាមួយសាកលវិទ្យាល័យ Charles Sturt នៃប្រទេសអូស្ត្រាលី តាមរយៈ គម្រោងបច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍បានរៀបចំធ្វើសន្និសីទអន្តរជាតិលើកទី២ ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោមឆ្នាំ២០២៥ ដោយស្ថិតក្រោមអធិបតីភាពឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម ដឹរីក យីប ឯកអគ្គរាជទូតអូស្រា្តលីប្រចាំនៅកម្ពុជា ឯកឧត្តម ណៅ ធួក សមាជិករដ្ឋសភា លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប លោកស្រី Wendy Umberger នាយកប្រតិបត្តិមជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិរួមនឹងវត្តមានតំណាងក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធអង្គភាពផ្នែកជលផលមកពីប្រទេសឡាវ. ថៃ .វៀតណាម និងប្រទេស ឥណ្ឌូនេស៊ី ក៍បានចូលរួមផងដែរនៅសណ្ឋាគារបុរីអង្គររីសត &ស្ប៉ា ក្នុងខេត្តសៀមរាប។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា សន្និសីទអន្តរជាតិស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោម ដែលបាននិងកំពុងរៀបចំឡើងនាពេលនេះ គឺពិតជាមានសារៈសំខាន់ក្នុងការ រួមចំណែកគ្រប់គ្រងធនធានជលផល និងបង្ហាញពីវឌ្ឍនភាពអំពីបច្ចេកវិទ្យាសាងសង់ ជណ្តើរត្រីសំដៅរក្សាបានទាំងត្រី និងទឹកជាប្រយោជន៍ដល់ សហគមន៍។ នេះគឺជាមូលហេតុដែលត្រូវចូលរួមថែរក្សា និង បង្កើនផលធម្មជាតិ ជាពិសេសផ្តោតលើការស្រាវជ្រាវការបង្ហាញការកសាងសមត្ថភាពស្ថាប័ន និងអនាគតការពង្រឹងក្របខ័ណ្ឌអភិបាលកិច្ច និងរបៀបវារៈគោលនយោបាយមានសារៈសំខាន់ណាស់។
លោកអភិបាលរងខេត្តសៀមរាបបន្តថាទន្លេមេគង្គក៏ជាជម្រករបស់ត្រីជាច្រើន ដែលមិនបានឃើញពីកន្លែងណាផ្សេងទៀតនៅក្នុង ពិភពលោក ហើយមានត្រីទឹកសាបជាងមួយពាន់ ប្រភេទនៅក្នុងទន្លេមេគង្គ ដូច្នេះហើយវាមានសារៈសំខាន់ ខ្លាំងណាស់ ដែលយើងធ្វើអស់ពីសមត្ថភាព ដើម្បីការពារធនធានដ៏សំខាន់នេះទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ដើម្បីធានាសន្តិសុខស្បៀងនៅក្នុងតំបន់។ ទន្លេមេគង្គបច្ចុប្បន្នជាកន្លែងនេសាទក្នុងប្រទេស ដែលមានផលិតភាពច្រើនជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងតម្លៃលក់លើកដំបូងប្រចាំឆ្នាំ ប្រហែល ជាងដប់ប្រាំពីរពាន់លានដុល្លារ។ លោកបន្ថែមទៀតថានៅខេត្តសៀមរាបមានស្ទឹងធំៗសំខាន់ចំនួន៤ គឺ ១/-ស្ទឹងជីក្រែង ២/-ស្ទឹងសៀមរាប ៣/-ស្ទឹងផ្ទាំង និង៤/-ស្ទឹងស្រែង ហើយនៅតាមដងស្ទឹងសំខាន់ខាងលើនេះមានទំនប់ធារាសាស្ត្រ ដែលបានផ្តល់ទឹកសម្រាប់កសិកម្មមានដូចជាទំនប់ម្កាក់ ទំនប់ស្លែង ទំនប់សំបួរ ទំនប់ស្រីស្នំ ទំនប់ស្ពាន ស្រែង និងមានទំនប់ធារាសាស្ត្រសំខាន់ៗផ្សេងទៀត។
លោកស្រី Wendy Umberger នាយកប្រតិបត្តិមជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ បានមានប្រសាសន៍ថាការសាងសង់ជណ្តើរត្រី គឺជាជម្រើសដ៏ល្អដែលបានជួយផ្សារភ្ជាប់ខ្សែទឹកខាងលើ និងខាងក្រោមទំនប់ សម្រួលដល់ការផ្លាស់ទីត្រីឆ្លងកាត់តាមខ្សែទឹក អនុញ្ញាតឱ្យ ត្រីធ្វើការផ្លាស់ទីដោយសុវត្ថិភាព និងជួយដល់ការអភិវឌ្ឍធនធានទឹកប្រកបដោយនិរន្តរភាព ដែលរក្សាបានទាំង ត្រីនិងទឹកសម្រាប់សហគមន៍ជនបទក្នុងតំបន់មេគង្គ ។
លោកស្រីបន្ថែមទៀតថា តាមរយៈការរួមបញ្ចូលជណ្តើរត្រីទៅក្នុងផែនការថ្នាក់តំបន់ យើងអាចការពារការខូចខាតប្រព័ន្ធ អេកូឡូស៊ីនៅទូទាំងអាងទន្លេមេគង្គក្រោម ជួយការពារវិស័យជលផលដែលមានសារ:សំខាន់ដ៏ចាំបាច់សម្រាប់សន្តិសុខស្បៀង និងប្រាក់ចំណូលរបស់ប្រជាជន ព្រមទាំងជួយពង្រឹងភាពធន់របស់ សហគមន៍ និងនិរន្តរភាពរបស់បរិស្ថាន។
ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា សន្និសីទដែលរៀបចំធ្វើឡើងនេះ គឺក្នុងគោលបំណងដើម្បីបន្តជំរុញការងារ សាងសង់ជណ្តើរត្រីបង្ហាញ ការសិក្សាស្រាវជ្រាវអំពីការផ្លាស់ ទីរបស់ត្រីឆ្លងកាត់ជណ្តើរត្រី និងការវិវដ្តន៍រចនាប្លង់សាងសង់ ជណ្តើរត្រី ប្រទេសក្នុងតំបន់ទន្លេមេគង្គ ព្រមទាំងការងារពាក់ព័ន្ធជាសកលផងដែរ ក្នុងន័យលើកកម្ពស់ដល់ការថែរក្សាត្រី និងទឹកសំដៅរក្សាបាននូវសន្តិសុខស្បៀងមានក្នុងបណ្តាប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ ឱ្យកាន់តែមានប្រសិទ្ធភាពនិង និរន្តភាព។
ឯកឧត្តមបន្តថា ដើម្បីជំរុញនិងលើកស្ទួយការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវ គោលនយោ បាយអាទិភាពទី៥ ទី៦ គឺ៖-ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារនិងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន-ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់និងការអភិវឌ្ឍ សហគមន៍កសិកម្មទំនើប។ រដ្ឋលេខាធិការក្រសួងកសិកម្ម បានបន្តទៀតថានៅកម្ពុជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានកើតឡើងយ៉ាងឆាប់រហ័ស ជាពិសេសការសាងសង់ផ្លូវ និង ប្រព័ន្ធធារា សាស្ត្រទាំងនេះគឺជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការជួយជំរុញដល់សន្តិសុខស្បៀង និង ការកាត់បន្ថយភាពក្រីក្រតាមរយៈការនាំចេញនូវកសិផលកសិកម្ម។ ការអភិវឌ្ឍទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើន ដល់វិស័យកសិកម្ម។ ដោយឡែក អនុវិស័យជលផលក៏បានដើរតួនាទីដ៏សំខាន់ ក្នុងការផ្គត់ផ្គង់ស្បៀង ជាពិសេស អាហាររូបត្ថម្ភសម្រាប់កុមារតូចៗ និងក្រុមស្ត្រីតាមតំបន់ដាច់ស្រយាល និងប្រជាជននៅតាមតំបន់ជនបទនានាដែលងាយទទួលបាននូវផលប្រយោជន៍ពីត្រី និងវារីសត្វសម្រាប់ការចិញ្ចឹមជីវិត និងបំពេញ តម្រូវការសេដ្ឋកិច្ចជនបទផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃុន សាវឿន ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រទេសអូស្ត្រាលី ក៏ដូចជាប្រជា ជនអូស្ត្រាលី ដែលបានជួយសាងសង់ ជណ្តើរត្រីបង្ហាញចំនួន ០៦ ដល់កម្ពុជាក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ហើយសូមឲ្យ តំណាងស្ថាប័ន និងគម្រោងដៃគូពាក់ព័ន្ធនានា បន្តផ្តល់ការគាំទ្របច្ចេកទេស និងសហប្រតិបត្តិការ ដើម្បីជួយកសាង ជណ្តើរត្រី បង្ហាញនៅកម្ពុជា និងបណ្តុះបណ្តាលដល់មន្ត្រីជំនាញជាបន្តបន្ទាប់ ដើម្បីចូលរួមថែររក្សា និងបង្កើនផលត្រី ធម្មជាតិនៅកម្ពុជាបន្ថែមទៀតផង។
ក្នុងនោះដែរ ឯកឧត្តម ដឹរីក យីប ឯកអគ្គរាជទូតអូស្រា្តលីប្រចាំនៅកម្ពុជាបានថ្លែងថា ក្នុងនាមប្រទេសអូស្រ្តាលី នឹងធ្វើការគាំទ្រដល់ ប្រទេសកម្ពុជា វៀតណាម ថៃ ឡាវ និងប្រទេស ឥណ្ឌូនេស៊ី ទៅលើកម្មវិធីកសាងសមត្ថភាពមន្ត្រីជំនាញធន ធានខាងជលផល. ធារាសាស្ត្រ. បរិស្ថាន .ផ្នែកសុខាភិបាល. ផ្លូវថ្នល់និងផ្នែកអភិវឌ្ឍន៍ជនបទផងដែរ ។
ឯកឧត្តម ឯកអគ្គរាជទូតអូស្រា្តលីប្រចាំនៅកម្ពុជា ប្រសាសន៍ជំរុញឲ្យមានការគិតគូរអំពីការបន្លាស់ទីរបស់ត្រី តាមទំនប់ធារាសាស្ត្រដោយមានការចូលរួមពីអាជ្ញាធរនិងភាគីពាក់ព័ន្ធទាំងអស់ចូលរួមកម្មវិធីរចនាប្លង់សាងសង់ជណ្តើរត្រីផងដែរ៕
ដោយ÷ ពន្លឺ