ខេត្តសៀមរាប÷ ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តព្រះព្រហ្មរ័ត្ន ដែលស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានមូលមតិគ្នាប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធ សាសនា ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តានដែលបានចែកឋានទៅកាន់បរលោកឱ្យមកទទួល ផលបុណ្យដោយពិធីបុណ្យនោះដែរគឺបានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២៧ដល់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។
ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្តនិង ព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្នបានមានថេរដីកាថា ការប្រារព្ធធ្វើបុណ្យទេសនាមហាវេស្សន្តរជាតកគឺបុណ្យប្រពៃណីបែបព្រះពុទ្ធសាសនា ហើយគឺជាប្រវត្តិរឿងសន្សំកុសលផ្នែកការបរិច្ចាគទានរបស់ព្រះវេស្សន្តរ ជាព្រះពោធិសត្វដែលបានបំពេញបារមីដ៏មហស្ចារ្យ ពោលគឺទាន បារមី ដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងជាតិមុខ។
ព្រះសាសនសត្ថា តង់ តន បានថេរដីកាបន្តថា ជាតកគឺមានផ្ទៃរឿងវែងអន្លាយរហូតដល់១៣កណ្ឌ រៀបរាប់ដំណើរជីវិតនិងការបំពេញទានរបស់ព្រះវេស្សន្តររាប់តាំងពីដំរីបច្ច័យនាគគេន្ទ្របរិច្ចាគសត្តសតក មហាទាន ប្រទានសេះ រាជរថ រហូតទីបំផុតបានដាក់ទានជាលី និង គ្រឹះស្នាជាបុត្រ ព្រមទាំងប្រកាសនឹងបរិច្ចាគនាងមេទ្រី និងខ្លួនព្រះអង្គថ្វាយជាទានផងដែរ។ ចិត្តសទ្ធាបំពេញទានដ៏ជ្រះថ្លារបស់ព្រះអង្គ មានតាំងពី គង់នៅ ចេតុត្តរនគររហូតក្នុងដំណើរតាមផ្លូវទៅគង់នៅក្នុងព្រៃភ្នំគិរីវង្គត។ បើធៀបនឹងជាតកផ្សេងទៀតក្នុងបណ្តាទសជាតក ឬជាតកទាំង ១០ មហាវេស្សន្តរជាតក ហាក់ដូចជាពេញនិយមក្រៃលែងក្នុងសង្គមពុទ្ធសាសនាតាំងពីដើមរៀងមក។
ព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន ក៏បានមានថេរដីកាបន្ថែមទៀតថា ការប្រារព្ធបុណ្យទេសនាព្រះមហាវេស្សន្តរជាតកនេះផងដែរគឺដើម្បីធ្វើការឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ត័ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះ និងការពារជាតិមាតុភូមិ និងជនរួមជាតិដែលបានស្លាប់ទៅដោយភាពអយុត្តិធម៌ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបុព្វការីជន ញាតិមិត្ត ដែលបានចែកថា រំលាយកាយទៅលោកខាងមុខ សូមឱ្យរួចចាកផុតពីអបាយភូមិទាំងឡាយ បានទៅកាន់សុគតិភពថ្មី កុំបីឃ្លាងឃ្លាតឡើយ ។
ម៉្យាងទៀតក្នុងពិធីនេះ ដែលមានបងប្អូន ញាតិញោមជិតឆ្ងាយដែលបានចូលរួមសូមអនុមោទនាក្នុងពិធីបុណ្យទេសនាមហា វេស្សន្ដរជាតក តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនផងដែរ៕
ដោយ÷ ពន្លឺ