ខេត្តសៀមរាប÷ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះ លោកជំទាវ សុខ ណារ៉ូ ពៅ ហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការីបានទទួល ជួបជាមួយនឹងប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ុលសាន ប្រមាណ៥០នាក់ ដើម្បីធ្វើការចែករំលែក និងផ្លាស់ប្ដូរបទពិសោធពីគ្នាទៅវិញទៅមក។
លោកជំទាវ សុខ ណារ៉ូ ពៅ ហេង មានប្រសាសន៍ថា បច្ចុប្បន្នកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បាន និងកំពុងអនុវត្តបន្តនូវយុទ្ធសាស្ត្រ ២០២១-២០៣០ ដែលបានលើកឡើងពីទស្សនៈវិស័យគឺ កាកបាទក្រហមកម្ពុជា ជាស្ថាប័ននាំមុខគេនៅកម្ពុជា នឹងក្លាយជាសមាគមជាតិ ដែលមានភាពម្ចាស់ការខ្ពស់ អនុវត្តនូវបេសកកម្ម ប្រមូលផ្ដុំកម្លាំងមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់ជីវភាពជនងាយរងគ្រោះបំផុត និងជនរងគ្រោះ។
លោកជំទាវ មានប្រសាសន៍បន្តថា ការងារចម្បងរបស់កាក បាទក្រហមកម្ពុជា គឺយកចិត្តទុកដាក់លើវិស័យអាទិភាពចំនួន៤ គឺទី១.ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ, ទី២.សុខភាព និងការថែទាំសុខភាពសហគមន៍, ទី៣.ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងទី៤.ការអភិវឌ្ឍស្ថាប័ន។ ជាមួយគ្នានោះ គណៈកិត្តិយស គណៈកម្មាធិការសាខាខេត្តសៀមរាប មានគឺភាពសកម្មនឹងសកម្មភាពមនុស្សធម៌ រួមមាន៖ ការការពារបរិស្ថាន ពង្រឹងភាពធន់ខាងសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសសុខភាពមាតា ទារក កុមារ ជនពិការ ជនចាស់ជរាគ្មានទីពឹង កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍-ជំងឺអេដស៍ជាដើម។
លោកជំទាវ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈទស្សនកិច្ចនាពេលនេះ ប្អូនៗជាយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ នៃសាខាអ៊ុលសាន និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជា នឹងទទួលបាននូវគំនិតថ្មី ចំណេះដឹងថ្មី បទពិសោធ និងបំណិនជីវិតថ្មីៗ ពីគ្នាទៅវិញទៅមក ដើម្បីយើងទៅបម្រើការងារមនុស្សធម៌ឱ្យបានកាន់តែល្អប្រសើរ និងទាន់ពេលវេលាជាក់ជាមិនខាន៕